Ad Code

កុមារី​កូនភ្លោះ​២​នាក់ ត្រូវ​បាន​អន្តរាគមន៍​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ



ភ្នំពេញ ៖ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ កាលពី​នៅវេលា​ម៉ោង​៩និង៣០​នាទី ថ្ងៃ​ព្រ​ហ​ស្បតិ៍ ១២​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០១៩ បាន​អញ្ជើញ​ចុះទៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (​ស្កុ​ត​) ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រគល់​ទទួល​កូនភ្លោះ​ស្រី​ចំនួន​២​នាក់​ប្អូន ឲ្យ​ទៅ​អង្គការ​ចិញ្ចឹម​បីបាច់ និង​ផ្តល់​ការរៀនសូត្រ​បាន​ដូច​កុមារ​ដ៏​ផ្សេងៗ​ទៀត។

កូនភ្លោះ​ស្រី​ពីរ​នាក់​បងប្អូន​នោះ​មាន​ឈ្មោះ (១) ឈ្មោះ វ៉ា យូ​រី អាយុ​៦​ឆ្នាំ (២) ឈ្មោះ វ៉ា យូ​រ៉ា អាយុ​៦​ឆ្នាំ ដែលមាន​អាសយដ្ឋាន នៅ​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​បញ្ជាក់​ជូន​ថា លោក​បាន​ទទួល​ដំណឹង​នេះ​តាមរយៈ​ពលរដ្ឋ​ដែល​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដែល​បាន​រាយការណ៍​ជូន​លោក​ថា កុមារី​កូនភ្លោះ​ពីរ​នាក់​បងប្អូន​ខាងលើ​នេះ គឺជា​ក្មេង​គួរ​ឲ្យ​អាណិត និង​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត​ទៅ​នឹង​អនាគត​របស់​ពួកគេ ដោយសារតែ​ឪពុកម្ដាយ​លែងលះ​គ្នា ហើយ​ឪពុក​ក្មេង​នេះ​ក៏​កំពុង​ស្ថិតនៅ​មណ្ឌល​អប់រំ​កែប្រែ​គ្រឿងញៀន​ទៀត​ផង សព្វថ្ងៃ​ពួកគេ​រស់នៅ​ជាមួយ​ម្តាយ​អ៊ំ​បង្កើត តែ​គាត់​គ្មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់ ព្រោះ​ជីវភាព​ខ្វះខាត ។ ពេល​ទ​ទួល​បាន​សេចក្តីរាយការណ៍​ភ្លាម លោក​អភិបាលខណ្ឌ​ក៏បាន​ដឹក​នាំ​អោយ​មន្ត្រី​របស់​លោក​ចុះទៅ​វាយតម្លៃ​ស្ថានភាព​រស់នៅ​របស់​កុមារ​ទាំងពីរ​នេះ​ភ្លាម។

ក្រោយពី​បាន​របាយការណ៍​ពី​មន្ត្រី​របស់​លោក​រួចហើយ លោក​ក៏បាន​ដឹក​នាំ​ឲ្យ​មន្ត្រី​របស់​លោក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​នឹង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ខាងលើ​ឲ្យ​អស់​លទ្ធភាព។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក៏បាន​យល់ព្រម​ទទួលយក​ក្មេង​នោះ​ ឲ្យ​រស់​នៅ​ក្នុង​អង្គការ ចិញ្ចឹម​បីបាច់​ថែរក្សា​ឲ្យ​រៀនសូត្រ​ដូច​ក្មេង​ដទៃ​ទៀត​ដែរ ក្រោយ​ដែល​អង្គការ​បាន​ទទួល​របាយការណ៍ និង​ការ​អន្តរាគមន៍​ពី​លោក​អភិបាលខណ្ឌ​មានជ័យ​ដោយផ្ទាល់។

ម្តាយ​អ៊ំ​របស់​កុមារី​ទាំងពីរ​នាក់​ខាងលើ​នេះ ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រូប​គាត់​ពិតជា​យល់ព្រម​ឲ្យ​កុមារី​ទាំងពីរ​ទៅ​រស់នៅ​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក្នុង​អារម្មណ៍​រំភើប​រីករាយ​ជាទីបំផុត ក្នុង​នោះ​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខណ្ឌ សង្កាត់ មន្ត្រី​ពាក់ព័ន្ធ ពិសេស លោក​អភិបាលខណ្ឌ​មានជ័យ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ជួយ​អន្តរាគមន៍​ផ្ទាល់​អំពី​ករណីនេះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu