ភ្នំពេញ ៖ ការបង្ហាញពីគម្រោងសាងសង់នេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទនោះ លោក ឡៅ ទិព្វសីហា បានលើកឡើងថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៨នេះ វិស័យសំណង់បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
លោកបន្តថា នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ គិតទាំងការផ្ដល់លិខិតសាងសង់ថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានអនុញ្ញាតគម្រោងសាងសង់ មានចំនួនសរុប២៥៤១គម្រោង និងមានផ្ទៃក្រឡាសំណង់សរុប១០៩៨២១១៧ (ដប់លានប្រាំបួនរយប៉ែតសិបពីរពាន់មួយរយដប់ប្រាំពីរម៉ែត្រការ៉េ) និងមានតម្លៃវិនិយោគប៉ាន់ស្មានសរុប៤៨២០លានដុល្លារអាមេរិក។
តាមលោក ឡៅ ទិព្វសីហា បានបញ្ជាក់ថា នៅក្នុងគម្រោងវិនិយោគរយៈពេល៩ខែនេះដែរ ក៏មានគម្រោងវិនិយោគរបស់ឯកជនពីបរទេសផងដែរ ដែលមានប្រមាណ៣៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបប្រមាណ១១៤៩៣៥៣ម៉ែត្រការ៉េ និងមានតំលៃប៉ាន់ស្មានជាទឹកប្រាក់វិនិយោគប្រមាណជាង៤៨៤លានដុល្លាអាមេរិក។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន១០៧០ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន៤២ក្រុមហ៊ុន ក្រូមហ៊ុនសាងសង់មានចំនួន១០២៨ ក្នុងនោះក៏មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ពីបរទេសចំនួន៣៦៦ក្រុមហ៊ុនផងដែរ។
លោក ឡៅ ទិព្វសីហា បានលើកឡើងទៀតថា ដោយសារតែមានការពាក់ព័ន្ធជាមួយវិស្វករ ក៏ដូចជាស្ថាបត្យករ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជីបុគ្គលសិក្សាគំរោងប្លង់ស្ថាបត្យកម្មចំនួន១៤០នាក់ផងដែរ។ ក្នុងនោះ មានស្ថាបត្យករចំនួន៨៦រូប ហើយក្នុងចំនួន៨៦រូបនេះ មានជនជាតិបរទេសចំនួន៣រូប។ ចំណែកវិស្វករចំនួន៤៦រូប ហើយក្នុង ៤៦រូបនេះ មានបរទេសចំនួន១រូប។
លោក ឡៅ ទិព្វសីហា បានបញ្ជាក់ទៀតថា គិតចាប់ពីឆ្នាំ២០១៤រហូតដល់៩ខែដើមឆ្នាំ២០១៨ គណៈសវនករកម្ពុជា បានចុះបញ្ជីស្ថាបត្យករចំនួន៧១៣រូប។ ដោយឡែក៩ខែដើមឆ្នាំ២០១៨ នេះ គណៈសវនករកម្ពុជា បានដំណើរការចុះបញ្ជីបានចំនួន៥៧រូប ក្នុងនោះមានស្ថាបត្យករបរទេសចំនួន៧រូប។ ដោយឡែកចំពោះសំណង់បូរី លំនៅឋាន ឬលំនៅឋានជាលក្ខណៈបុរីមានចំនួន៤១ទីតាំង ប៉ុន្តែគិតរហូតមកដល់ពេលនេះ មានចំនួន២២៨ទីតាំង ហើយមានអ្នកស្នាក់នៅក្នុងសំណង់បូរី លំនៅឋាន ឬលំនៅឋានជាលក្ខណៈបុរីនោះ ពី៦៥ ទៅ៧៥ភាគរយ។ ចំពោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ មានសរុប៩២អាគារ នេះបើគិតរយៈពេល៩ខែដើមឆ្នាំ២០១៨ ហើយបើគិតពីឆ្នាំ២០០៥ រហូតមកដល់ពេលនេះ នៅរាជធានីភ្នំពេញមានអគារកម្ពស់ខ្ពស់ចាប់ពី៥ជាន់ឡើងទៅ ចំនួន១០៨៤អគារ។
ចំពោះស្ថានភាពអចលនទ្រព្យ និងស្ថានភាពសំណង់ មានលក្ខណៈល្អប្រសើរ ហើយជារួម រយៈពេល៩ខែដើមឆ្នាំ២០១៨ វិស័យសំណង់ និងអចលនទ្រព្យ មានការរីកចម្រើនយ៉ាងខ្លាំង ហើយវិស័យនេះ ពិតជាបានចូលរួមចំណែកដដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ផ្ដល់ការងារ ក៏ដូចជាបទពិសោធន៍ការងារ ផ្តល់ការបណ្ដុះបណ្ដាលបច្ចេកទេស ដល់អ្នកជំនាញនៅកម្ពុជាបានមួយចំនួនធំ។ តាមរយៈវិស័យសំណង់ និងអចលនទ្រព្យនេះ ក៏បានបង្កើតការងារជាច្រើនមុខផងដែរសំរាប់ប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានោះ វិស័យនេះ ក៏បាន និងកំពុងកៀងគរវិស័យឯកជនក្នុងស្រុក និងបរទេស ដើម្បីដាក់ទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ នៅប្រទេសកម្ពុជាបន្តទៀតផងដែរ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាននៅក្នុងសន្និសីទនោះ លោក ឡៅ ទិព្វសីហា បានបញ្ជាក់ថា ដោយសារតែការរីកចម្រើននៃវិស័យសំណង់ បានធ្វើឲ្យវិស័យនេះ ស្រូបយកកម្លាំងពលកម្ម យ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរង្វង់ពី២០ទៅ២២ម៉ឺននាក់ក្នុង១ថ្ងៃ ហើយទិន្នន័យនេះ នឹងប្រែប្រួលតាមពេលវេលាផងដែរ ដែលអាចមានឡើង និងមានចុះផងដែរ។
លោកបញ្ជាក់ថា កម្មករដែលមិនមានជំនាញទទួលបានប្រាក់ក្នុងមួយថ្ងៃពី៣ម៉ឺន ទៅ៤ម៉ឺនរៀល ហើយចំពោះកម្មករជំនាញបានពី៥ម៉ឺនទៅ៧ម៉ឺនរៀលក្នុងមួយថ្ងៃ។ ចំណែកវិស្វករ ឬស្ថាបត្យករ ដែលមានជំនាញ អាចទទួលបានប្រាក់បៀវត្សខ្ពស់ក្នុងរង្វង់ពី៤៥០ដុល្លារឡើងទៅ។
លោកបញ្ជាក់ដែរថា ការអភិវឌ្ឍន៍វិស័យសំណង់ ដែលមានសក្តានុពលនៅកម្ពុជា គឺនៅរាជធានីភ្នំពេញ ហើយនៅរាជធានីភ្នំពេញនេះ មានការអភិវឌ្ឍខុសគ្នា ក្នុងចំណោមខណ្ឌទាំង១២ គឺខណ្ឌដែលនៅកណ្តាលក្រុង មានការអភិឌ្ឍន៍ខ្ពស់ជាងខាងក្រៅក្រុង ដូច្នេះអ្នកវិនិយោគមានជម្រើស២៕
Source: Kampuchea Thmey Daily
0 Comments