កីឡដ្ឋានAEU Sport Park របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ត្រូវបានទឹកលិចលង់ពីទឹកទន្លេចតុមុខ កាលពីខែសីហា កន្លងទៅ ហើយគ្រោះធម្មជាតិនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស្មៅលើទីលាន និង របស់របរក្នុងការិយាល័យ និង សម្ភារៈសំខាន់ៗមួយចំនួនទៀតនៅទីតាំងដែលមានទំហំប្រមាណ៤ហិចតា រហូតមិនអាចទទួលរៀបចំការប្រកួតនានានៅចុងរដូវកាលឆ្នាំ២០១៨ កន្លងទៅ។
លោក ផេង ចាន់ណា អ្នកចាត់ការក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានប្រាប់ CNCC ជុំវិញការជួសជុលកីឡដ្ឋានរបស់ក្លិបខ្លួនឡើងវិញក្រោយទឹកស្រកថា «ដំណើរការសាងសង់ជាថ្មីនេះអាចនឹងចាប់ផ្ដើមនៅអំឡុងខែធ្នូ ខាងមុខ ដោយចំណាយរៀបចំផ្លូវ និង ក្រវាត់ការពារទំនប់ បូករួមទាំងរចនាសម្ព័ន្ធខាងក្នុងទៀតអស់ប្រមាណខ្ទង់២០ម៉ឺនដុល្លារអាមេរិក»។
ប្រភពបានបន្តថា «សម្រាប់ព័ត៌មាន នៃការសាងសង់ស្តាតឡើងវិញនៅពេលទឹកទន្លេស្រកបន្តិច (ខែធ្នូ) គ្រោងនឹងធ្វើទំនប់ចាក់ក្រវាត់រត់ពីរជាន់ និងរៀបឥដ្ឋព័ទ្ធជុំវិញដី ៤ហិតាហ្នឹង ខ្ពស់ជាងកម្រិតនៃការលិចទឹកឆ្នាំ២០១៨ កន្លះម៉ែត្រ ទៅមួយម៉ែត្រ ប្រហាក់ប្រហែលនឹងផ្លូវថ្នល់ខាងមុខស្តាត ហើយការចំណាយនេះអស់ប្រហែល ១៥ម៉ឺនដុល្លារ រួមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធខាងក្នុង ចំណាយប្រហែល ៥ម៉ឺនដុល្លារថែមទៀត ការចំណាយនេះគិតតែលើបាល់ទាត់មួយទេ»។
គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park មានទីតាំងនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលទើបបើកដំណើរការនៅរដូវកាល២០១៨នេះ។ ថ្នាក់ដឹកនាំធ្លាប់បានបញ្ជាក់ថា ចំពោះការសាងសង់ដំបូងនៅកីឡដ្ឋាននេះបានប្រើប្រាស់ថវិកាអស់ប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិកផងដែរ។ យ៉ាងណាក្លិបក៏ត្រូវតែជួសជុលកីឡដ្ឋានរបស់ខ្លួនឡើងវិញឲ្យបានរួចរាល់មុនពេលរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខមកដល់៕
Source: Kampuchea Thmey Daily
0 Comments