ភ្នំពេញ ៖ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ Norwegian Jewel ដែលបានផ្ទុកអ្នកដំណើរចំនួន ២៣១៣នាក់ និងជានាវាទី២៤ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នេះបើតាមការបញ្ជាក់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
តាមគេហទំព័រហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៦ ព្រឹក នាវាទេសចរណ៍ចំនួន០១ គ្រឿង ឈ្មោះ Norwegian Jewel ដែលជានាវាទី២៤ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២,៣១៣ នាក់ (ស្រី ១២៨៤ នាក់) និងនាវិកចំនួន ១០៦៤ នាក់ (ស្រី២៥៨ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង១៧ល្ងាច នៅថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន០១ គ្រឿង ឈ្មោះ Viking Ocean ដែលជានាវាទី២៣ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន ៨៤៣ នាក់ (ស្រី ៤៤៤ នាក់) និងនាវិកចំនួន៤៦៨ នាក់ (ស្រី១១១ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម៕
Source: Kampuchea Thmey Daily
0 Comments