ភ្នំពេញ ៖ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី នៅសហគមន៍បឹងកក់ ត្រូវបានដោះលែងចេញពីពន្ធនាគារ “ម២” ហើយ កាលពីព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីប្រធានពន្ធនាគារ បានទទួលដីកាបង្គាប់ឲ្យដោះលែងពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ។
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយសម្រេចផ្ដន្ទាទោសចំនួន២ឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទ “ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស” ហើយក្រៅពីអ្នកស្រី ទេព វន្នី ក៏មានសកម្មជនដីធ្លីចំនួន៣នាក់ទៀត ត្រូវបានលើកលែងទោសផងដែរ រួមមាន អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។
ក្រោយពីមកដល់ផ្ទះ អ្នកស្រី ទេព វន្នី ដែលមានវ័យ៣៨ឆ្នាំ មានកូនប្រុសស្រី២នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីអត់ចង់ជឿចំពោះការដោះលែងនេះទេ នៅពេលអនុរក្សពន្ធនាគារហៅពីរបីដង ខណៈអ្នកស្រីកំពុងរៀបចំចងមុងគេង។ អ្នកស្រីបន្តថា អ្នកស្រីអត់នឹកស្មានថាត្រូវដោះលែងទេ តែអ្វីដែលអ្នកស្រីត្រៀម គឺត្រូវឡើងទៅតុលាការបន្តទៀតនៅថ្ងៃទី២៤ សីហា ខាងមុខ។ អ្នកស្រីសប្បាយចិត្តនឹងសេរីភាព ដែលអ្នកស្រីទទួលបាននេះ ដោយអ្នកស្រីអាចបានជួបបងប្អូន និងកូនៗ។
ទោះជាយ៉ាងណា អ្នកស្រី ទេព វន្នី បានអះអាងថា ការរស់នៅក្នុងពន្ធនាគារអស់រយៈពេលជាង២ឆ្នាំ ដែលធ្វើអោយអ្នកស្រីឈឺចាប់ខ្លាំងបំផុត ទាំងផ្លូវចិត្ត និងផ្លូវកាយ ហើយកូនៗរបស់អញនកស្រីក៏ប៉ះពាល់អារម្មណ៍ផងដែរ។ ជាមួយគ្នានោះ មិនខុសគ្នានេះដែរ អ្នកស្រី ទេព វន្នី ក៏បានថ្វាយព្រះពរព្រះមហាក្សត្រ ដែលបានប្រោសប្រទានការលើកលែងទោសនេះផងដែរ។ សម្រាប់កម្មភាពបន្តថា អ្នកស្រី ទេព វន្នី បញ្ជាក់ថា នៅមិនទាន់ដឹងថា នឹងត្រូវធ្វើអ្វីតទៅទៀតនោះទេ៕
Source: Kampuchea Thmey Daily
0 Comments