ភ្នំពេញ ៖ គួរឲ្យសោកស្តាយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៤រូប ដែលបានដង្ហែតាមគណបក្សហ៊្វុនស៊ិនប៉ិច អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានប្រធានស្តីទីគណបក្ស គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ សម្រេចបញ្ចប់សមាជិកភាពពីគណបក្ស ដោយសារតែឌឺជាមួយព្រះអង្គ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូប ដែលត្រូវបញ្ចប់សមាជិកភាពនោះ រួមមាន ទី១. លោក យូ ហុកគ្រី អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទី២. លោក ប៉ោ ប៊ុនស្រ៊ឺ អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទី៣. លោក ញ៉េប ប៊ុនជិន អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងទី៤. លោក វ៉ាន់ សុផាន់ណា អតីតអគ្គលេខាធិការរងប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។ អតីតជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចទាំង៤រូបនេះ ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បញ្ចប់ពីតួនាទីខាងលើ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យ តែមន្ត្រីទាំងនោះមិនទទួលយក ហើយបានប្រកាសលាលែងចេញវិញ ដោយសំអាងថា ពួកគាត់គ្មានសមត្ថភាពធ្វើការ ប៉ុន្តែការលាលែងមិនទទួលយកតួនាទីជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យនោះ ត្រូវបានគណបក្សអះអាងថា ជាការឌឺឲ្យប្រធានបក្ស។
លោក ណុប សុធារិទ្ធ ជាអ្នកនាំពាក្យថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២១ ខែសីហា ថា ការសម្រេចបញ្ចប់សមាជិកភាពមន្ត្រីជាន់ជាន់ខ្ពស់ចំនួន៤រូបនេះ ដោយសារតឬឌឺជាមួយព្រះអង្គ។ លោកបញ្ជាក់យ៉ាងនេះថា ទីមួយលោកសព្វព្រះទ័យថា មិនគោរពនូវការឡាយព្រះហស្ថលេខារបស់បិតាលោក ទីពីរទម្រង់លិខិតស្នើនោះខុស ពីព្រោះសម្តេចក្រុមព្រះបានឡាយព្រះហស្ថលេខាមកឲ្យបុត្ររបស់លោកតាំងពីថ្ងៃទី០៨ ដូចភាសាមួយគេថា “ឌឺ” ការឡាយព្រះហស្ថលេខា គឺត្រូវធ្វើតាម ដូច្នេះព្រះអង្គរុញទូកបណ្តោយទឹកតែម្តងទៅ”។
ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ផ្ទៃក្នុងរបស់គណបក្សរាជានិយមហ៊្វុន ស៊ិនប៉ិច ហាក់មានការរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ ត្រូវបានតែងតាំងជាប្រធានស្ដីទីគណបក្ស ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងសម្រាកព្យាបាលព្រះរាជសុខភាពនៅប្រទេសថៃ៕
Source: Kampuchea Thmey Daily
0 Comments