ភ្នំពេញ ៖ មន្ត្រីតុលាការបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ថា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
អតីតបុគ្គលិកអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ “ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្តរាយដល់ការការពារជាតិ ប្រព្រឹត្តិនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ហើយក្រៅពីបទចោទប្រកាន់រឿងចារកម្មនោះ ពួកគេក៏ត្រូវបានតុលាការចោទប្រកាន់នូវសំណុំរឿងមួយទៀត គឺ “ការផលិតវីដេអូអាសអាភាស” ផងដែរ។
ទាក់ទងសំណុំរឿងផលិតវីដេអូអាសអាភាស មន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ធ្លាប់បានបង្ហើបថា សមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា ហើយរូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែង ដែលសកម្មភាពនោះ គឺជាបទល្មើសថ្មីមួយផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments