ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករាឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនអ្នកជួញដូរគ្រឿងញៀន៤នាក់ និងអ្នកប្រើប្រាស់៨នាក់ទៅសាលាដំបូងសាកសួរជាមួយនឹងថ្នាំញៀនជាង១០០កញ្ចប់តូច បន្ទាប់ពីសហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់កាលពីថ្ងៃទី៦ និងទី៧ថ្មីៗនេះរួចមក។
មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីបានបញ្ជាក់កាលពីថ្ងៃទី៩ខែមករា ឆ្នាំ២០១៥ថា ជនសង្ស័យទាំង១២នាក់នាក់ត្រូវបានចាប់ខ្លួនពេលកំពុងតែធ្វើសកម្មភាពល្មើសច្បាប់កាលពីថ្ងៃយប់ថ្ងៃទី៦ និងយប់ថ្ងៃទី៧ ខែមករានៅចំណុចខាងលើ ដោយដកហូតបានថ្នាំញៀនមួយកញ្ចប់ធំស្មើជាង១០០កញ្ចប់តូចនិង១០កញ្ចប់តូចផ្សេងទៀត ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន។
មន្ត្រីអាវុធហត្ថការិយាល័យជំនាញបានបន្តថា ការិយាល័យជំនាញនឹងបន្តចាប់ខ្លួនអ្នកជួញដូរអ្នកសេព គ្រប់រូបភាពលក់ដូរទាំងអស់តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងករណីនេះការិយាល័យជំនាញបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងដើម្បីធ្វើការសាកសួរ នៅថ្ងៃបន្ទាប់ក្រោយចាប់ខ្លួនបានពីរថ្ងៃរួចមក៕

0 Comments