កំពង់ធំ ៖ ប្រជាពលរដ្ឋដែលលក់ដូរនៅជាប់មាត់ថ្នល់ជាតិលេខ០៦ជិតរមណីយដ្ឋានបឹងព្រៃប្រស់នៅតែបន្តការចាក់ដីលុបបឹងជាហូរហែ ដោយពុំខ្លាចអាជ្ញាធរដែនដីសោះ បើទោះអាជ្ញាធរខេត្តបានប្រកាសពីរបីដង និងបានដាស់តឿនក្រើនរលឹកដល់ពួកគាត់ម្ដងជាពីរដងយ៉ាងណាក៏ដោយ ក៏ពួកគាត់ពុំខ្វាយខ្វល់ពីការប៉ះពាល់ដល់រមណីយដ្ឋានបឹងធម្មជាតិនេះដែរ កន្លែងនេះមានទីតាំងនៅក្នុងទឹកដីក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ទង្វើទាំងនេះបានធ្វើឲ្យមានការសង្ស័យថា អាជ្ញាធរស្រុកអសមត្ថភាពក្នុងការគ្រប់គ្រោងដែនដីរបស់ខ្លួនហើយ បានជាបណ្ដែតបណ្ដោយឲ្យមានការចាក់ដីលុបបឹងព្រៃប្រស់ម្ដងហើយម្ដងទៀតយ៉ាងដូច្នេះ។ ឬក៏អាជ្ញាធរស្រុកមានការឃុបឃិតគ្នាបានជាពុំមានសមត្ថកិច្ចណាម្នាក់ចុះអន្តរាគមន៍បញ្ឈប់ការចាក់ដីលុបបឹងនេះសោះ រហូតដល់អភិបាលខេត្តបញ្ជាឲ្យកម្លាំងចុះត្រួតពិនិត្យនិងបញ្ឈប់។
លោក អ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយបានមានប្រសាសន៍ពាក់ព័ន្ធទៅនិងការចាក់ដីលុបចំណីមាត់បឹងព្រៃប្រស់នេះថា ដីនេះម្ចាស់មានប្លង់រឹងជាកម្មសិទ្ធិរបស់គាត់តាំងពីឆ្នាំ២០០៥មកម្ល៉េះ តែលោកអភិបាលខេត្តបានបញ្ជាឲ្យកម្លាំងចុះត្រួតពិនិត្យទីតាំងកន្លែងចាក់ដីនេះ ដើម្បីជាបញ្ឈប់ជាបណ្ដោះអាសន្ន ព្រមទាំងឲ្យធ្វើច្បាប់សុំចាក់ដីឲ្យបានត្រឹមត្រូវនិងស្របច្បាប់។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា សុំឲ្យម្ចាស់ដីផ្អាកការចាក់ដីនេះសិន ដើម្បីអោយមន្ត្រីយើងត្រួតពិនិត្យមើលឯកសាររបស់គាត់ក្នុងការគ្រប់គ្រោងដីមានត្រឹមកម្រិតណា និងស្រាវជ្រាវរកឯកសារពាក់ព័ន្ធនានាផ្សេងទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ទៅនិងគោលការណ៍នៃតំបន់ទេសចរណ៍ទៅនិងលំហនៃបឹង តើមានផលប៉ះពាល់យ៉ាងណាដល់រមណីយដ្ឋានបឹងព្រៃប្រស់ ដូច្នេះតំរូវឲ្យគាត់ផ្អាកសិនទោះជាគាត់មានប្លង់ដីរឹងជាកម្មសិទ្ធិហើយក៏ដោយ និងធ្វើតាមគោលការជាក់ស្ដែងនៅពេលក្រោយ៕
ដោយ ប៊ុន រដ្ឋា

0 Comments