Ad Code

កសិករ​មួយ​គ្រួសារ​ភ្ញាក់​ពី​ដំណេក​បាត់គោ​អស់​បី​ក្បាល​តាម​រក​ឃើញ​ស្នាម​ចោរ​ព្រលះ​សល់​តែ​ក្បាល​និង​សាច់​មួយចំនួន

កណ្ដាល ៖ ប្រជាកសិករ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​ទួល​ឃុំ​សំរោង​លើ​ស្រុក​អង្គស្នួល​ត្រូវ​បាន​ចោរលួច​គោ​របស់​គាត់​អស់​បី​ក្បាល​ទាំងយប់​មិន​ដឹង​ថា ចោរ​ចូល​ទៅ​លួច​ពី​ពេលណា​នោះ​ទេ​បន្ទាប់ពី​ភ្ញាក់ពីដេក​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៩​ខែមករា​ក៏​ស្រាប់តែ​បាត់គោ​អស់ពី​ក្រោល តែម្ដង​ពេល​នាំគ្នា​តាម​រក​ឃើញ​ស្នាម​ចោរ​ព្រលះ​នៅ​សល់​តែ​ក្បាល​និង​សាច់​មួយចំនួន ដែល​ការ​នៅសល់​បែបនេះ​ដោយសារ​ចោរ​យក​មិន​អស់​ព្រោះ​គោ​រហូតដល់​បី​ក្បាល​ឯណោះ​ដូច្នេះ​នៅសល់​សាច់​ខ្លះ​ទុក​ឲ្យ​ម្ចាស់​ហូប​ដែរ។

ជនរងគ្រោះ​ម្ចាស់​គោ​មានឈ្មោះ​ជឿន សុធា ភេទប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​កើតហេតុ។ គោ​ដែល​ចោរលួច​នោះ​មាន​បី​ក្បាល​ក្នុង​នោះ​មាន​គោ​ញី​១​ក្បាល​និង​គោ​ទឹម​ពីរ​ក្បាល​សុទ្ធតែ​ធាត់ៗ។
បើ​តាម​ជនរងគ្រោះ​បាន​សន្និដ្ឋាន​ថា ចោរ​អាច​មាន​គ្នា​ប្រហែល​បី​នាក់​ទើប​អាច​លួច​គោ​បាន​រហូតដល់​ទៅ​បី​ក្បាល​ក្នុង​ពេល​តែមួយ។ ជនរងគ្រោះ​បន្ដ​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​គាត់​បាន​ក្រោក​ពី​ដេក​ចុះ​មក​មើល​គោ​របស់​គាត់​ដោយ​ដាក់​ចំបើង​ឲ្យ​គោ​ស៊ី​នៅក្នុង​ក្រោល​ទាំងអស់​មិនទាន់​បាត់​ទៅណា​ទេ ប៉ុន្ដែ​រហូតមកដល់​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ​គាត់​បាន​ក្រោកពីដំណេក​ឡើង​ក៏​ស្រាប់​តែ​បាត់គោ​អស់ពី​ក្រោល​តែម្ដង។ បន្ទាប់ពី​ដឹង​ថា បាត់​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ដឹង​ដល់​អ្នក​រស់​នៅ​ជិតខាង​ក៏​នាំគ្នា​ជួយ​ដើររក​ហើយក៏​ប្រទះឃើញ​ស្នាម​ចោរ​ព្រលះ​យក​សាច់​នៅ​ចំណុច​វាលស្រែ​ខាង​លិច​ភូម​សាំង​ដំរី​ឃុំ​ឆក់​ឈើ​នាង​ស្រុក​អង្គស្នួល។
ពេល​នោះ​គេ​ឃើញ​នៅសល់​ក្បាល​គោ​និង​សាច់គោ​មួយចំនួន​ចោរ​ព្រលះ​យក​តែ​ចាច់​ភ្លៅ ជើង​មុខក្រោយ​និង​សាច់​ល្អៗ​មួយ​ចំនួន​ទៀត​ក្រោយ​ពី​នេះ​គេ​បាន​ទុកចោល​នៅ​រាយប៉ាយ​ទីនោះ​ត្រូវ​បាន​ម្ចាស់​គោ​និង​អ្នកជិតខាង​នាំគ្នា​ប្រមូល​យក​សាច់គោ​ដែល​សេសសល់​ពី​ចោរ​យមក​ធ្វើ​ម្ហូប​ចែក​គ្នា​ហូប​ទៅ។
ជា​មួយ​គ្នា​នេះ​នគរបាល​ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដែរ​ក្រែង​អាច​រកមុខ​ចោរ​ឃើញ​តែ​ករណី​ចោរលួច​គោ​បែបនេះ​ពិបាក​រក​ដែរ​ដោយសារ​ក្រុម​ចោរ​ទាំងនោះ​ភាគច្រើន​មិន​នៅក្នុង​មូលដ្ឋាន​ទេ​ច្រើនតែ​មកពី​ខាងក្រៅ​ស្រុក៕
វិទូ

Post a Comment

0 Comments

Close Menu