ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា បានត្រឹមរងជើងឯកក្នុងពានរង្វាន់Toyota Mekong Club Championship 2015 ក្រោយប្រកួតចាញ់ក្រុមម្ចាស់ស្រុកBuriram United របស់ថៃ ដោយលទ្ធផល ១ ទល់ ០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែ ធ្នូ កន្លងទៅលើទីលានកីឡដ្ឋានSuphachalasai Stadium ក្នុងទីក្រុងបាងកក។
ជ័យជម្នះ ១ ទល់ ០ របស់ក្រុម Buriram United លើក្រុមបឹងកេតអង្គរ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះរកបានដោយកីឡាករ Andrés Túñez នៅនាទី ៦៧ ក្នុងការប្រកួត ដោយទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចបន្ទាប់ពីកីឡាករ Dzama Bata របស់បឹងកេតអង្គរបង្កកំហុសនៅតំបន់គ្រោះថ្នាក់។
លោក Alexandre Gama គ្រូបង្វឹករបស់ក្រុមBuriram United បានលើកឡើងក្រោយចប់ការប្រកួតថា «ក្រុមយើងលេងមិនសូវបានល្អទេក្នុងប្រកួតនេះ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយយើងជាម្ចាស់ជើងឯក។
យើងបានគិតគូរសម្រាប់ប្រកួតបន្ទាប់ ដែលត្រូវប្រជែងរកពានរង្វាន់ទី៥ ប្រចាំរដូវកាល២០១៥នេះ»។
ចំណែកលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរវិញ បានលើកឡើងដែរថា «យើងទទួលបានបទពិសោធន៍បន្ថែម ដែលបានប្រកួតជាមួយក្រុមខ្លាំងមិនមែនជាជើងខ្លាំងនៅថៃហើយមិនមែនត្រឹមតំបន់អាស៊ាននោះទេ គឺខ្លាំងកម្រិតទ្វីបអាស៊ី។
ក្រុមយើងធ្វើបានល្អក្នុងប្រកួតនេះប៉ុន្ដែសោកស្ដាយដែលបង្កឲ្យមានកំហុសនៅរហូតធ្វើឲ្យក្រុមបរាជ័យ»។
សូមបញ្ជាក់ថា ពានរង្វាន់TMCC 2015 បែងចែកការប្រកួតជា៣ វគ្គសំខាន់ៗ ដោយតម្រូវឲ្យក្រុមជើងខ្លាំងពីប្រទេសកម្ពុជា គឺបឹងកេតអង្គរក្រុមជើងខ្លាំងពីប្រទេសឡាវគឺ Lao Toyota FC និងក្រុមជើងខ្លាំងពីប្រទេសមីយ៉ាន់ម៉ាគឺ Yangon United ប្រកួតគ្នាវិលជុំស្វែងរកអ្នកមានពិន្ទុច្រើនជាងគេឡើងទៅប្រកួតជុំទី២។
ជុំទី២ អាចហៅថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយក្រុម Becamex Binh Duong FCជើងឯកលីកកំពូលវៀតណាមនិងជាក្រុមជើងឯកឆ្នាំចាស់រង់ចាំជាស្រេចត្រូវប្រកួតជាមួយក្រុមបឹងកេតអង្គរដែលឡើងមកពីវគ្គជម្រុះបឋម។ ចំណែកវគ្គទី៣ អាចហៅថាជាវគ្គផ្ដាច់ព្រ័ត្រដោយក្រុម Buriram United របស់ថៃរង់ចាំបឹងកេតអង្គរ ដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងវគ្គនេះជាស្រេច។
សរុបជាលទ្ធផលប្រចាំពានរង្វាន់ Toyota Mekong Club Championship 2015 មានជើងឯកបានទៅក្រុម Buriram United របស់ថៃ អមដោយពានរង្វាន់១មេដាយមាសម្នាក់១ និង ប្រាក់រង្វាន់៧៥០០០ ដុល្លារហើយជើងឯករង ក្រុមបឹងកេតអង្គរ របស់កម្ពុជាទទួលបានមេដាយប្រាក់ម្នាក់១ អមដោយប្រាក់រង្វាន់៥០០០០ ដុល្លារ ហើយលេខ៣ក្រុម Becamex Binh Duong FC របស់វៀតណាមទទួលបានប្រាក់រង្វាន់៣០០០០ ដុល្លារ លេខ៤ ក្រុមYangon United របស់មីយ៉ាន់ម៉ាទទួលបានទឹកប្រាក់ ១០០០០ ដុល្លារ លេខ៥ ក្រុម Lao Toyota FC របស់ឡាវទទួលបានទឹកប្រាក់ ៥០០០ដុល្លារ និង បេក្ខភាពកីឡាករឆ្នើម(MVP) បានទៅកីឡាករ ចាន់ វឌ្ឍនាការបស់បឹងកេតអង្គរទទួលបានពានរង្វាន់១និងទឹកប្រាក់ ៣០០០ដុល្លារ៕
បឹងកេតអង្គរត្រឹមរងជើងឯកពានរង្វាន់Mekong Club Championship 2015 ក្រោយចាញ់ BuriramUnited
0 Comments