ភ្នំពេញ ៖ បន្ទាប់ពីសិក្សាតាមប្រព័ន្ធស្តង់ដារអន្តរជាតិអស់រយៈពេលពីរឆ្នាំរួចមក និស្សិតកម្ពុជាចំនួន២៥នាក់ដែលជានិស្សិតជំនាន់ទី២ បានទទួលសញ្ញាបត្រផ្នែកឌីហ្សាញប្លង់និងរចនាម៉ូដពីមហាវិទ្យាល័យអន្តរជាតិ Raffles College។
ពិធីប្រគល់សញ្ញាបត្រនេះបានប្រព្រឹត្តិទៅកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ដោយមានការចូលរួមពីនិស្សិតមាតាបិតាសាស្តាចារ្យថ្នាក់ដឹកនាំនៃមហាវិទ្យាល័យអន្តរជាតិ Raffles Collegeជាច្រើនទៀត។
លោក Joe Tan នាយក Raffles College នៅកម្ពុជាបានឲ្យដឹងថា ក្នុងស្ថាប័នរបស់យើង, មហាវិទ្យាល័យអន្តរជាតិ Raffles គឺជាកន្លែងដែលផ្តល់សេវាកម្មអប់រំឯកជនអន្ដរជាតិឈានមុខគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងប្រទេសស្វ៊ីស ដែលយើងមានសាខាជាង 30 កន្លែងនៅក្នុងទីក្រុងធំៗនិងសាខាជាច្រើនទៀតនៅទូទាំងពិភពលោក។លោកបានបន្តថា ឆ្នាំនេះ Opulence 2015 បានរៀបចំឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់កាលពីថ្ងៃទី 19 ខែធ្នូ ដើម្បីអបអរសារទរដល់អ្នកជំនាញវ័យក្មេងដ៏មានទេពកោសល្យដែលទើបនឹងបញ្ចប់ការសិក្សា សម្រាប់អនាគតនៃប្រទេសស្រស់ស្អាតមួយនេះ។
លោកបានបន្ថែមថា ការបង្ហាញម៉ូតរបស់យើង គឺមានលក្ខណៈពិសេសស្របជាមួយនឹងពិធីបញ្ចប់ការសិក្សារបស់យើងដោយមានការប្រមូលនូវគំនិតច្នៃប្រឌិតបីប្រភេទបញ្ចូលគ្នាពីអ្នករចនាម៉ូត3រូប ដែលបានបញ្ចប់ការសិក្សាសំរាប់ឆ្នាំនេះផងដែរ។ យើងបង្ហាញពីសម្លៀកបំពាក់ច្នៃប្រឌិតសំរាប់បុរស, សម្លៀកបំពាក់ស្ត្រី Sassy, និងសម្លៀកបំពាក់សំរាប់រាត្រីស្រមោលស។ លើសពីនេះទៀត យើងនឹងបង្ហាញពីសមិទ្ធផលច្នៃប្រឌិត ដែលរចនាដោយនិស្សិតផ្នែកគូរប្លង់ និងការច្នៃប្រឌិតផ្សេងៗទៀត ដែលជាសមិត្ថផលឈានមុខគេ នឹងត្រូវបានដាក់បង្ហាញផងដែរ។ ស្នាដៃដ៏មានទេពកោសល្យជាច្រើនផ្សេងៗគ្នានៅក្នុងការដាក់បង្ហាញនេះ បានស្តែងចេញពីពហុផ្សព្វផ្សាយ រួមជាមួយការដាក់ស្តង់ពាណិជ្ជកម្ម និងសម្ភារឌីជីថលមួយចំនួន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបង្ហាញដែលទទួលបានដោយភាពជោគជ័យនៅក្នុងរាត្រីនោះ។
កញ្ញា លីវ សុខឡេង ដែលបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូដសម្លៀកបំពាក់ បាននិយាយថា បានជានាងសម្រេចចិត្តជ្រើសរើសយកជំនាញនេះដោយសារចំណង់ចូលចិត្តនិងដុងរបសើនាង ម្យ៉ាងទៀតចង់ជួយវិស័យរចនាម៉ូដនៅកម្ពុជាឲ្យមានការរីកចម្រើន។
កញ្ញាសុខឡេង បានបញ្ជាក់ថា កញ្ញាបានចំណាយពេល៣ខែនិងចំណាយទុនប្រមាណ៣ពាន់ដុល្លារអាមេរិកដើម្បីរចនាម៉ូដសម្លៀកបំពាក់លើមនុស្សស្រី៦នាក់ប្រុសពីរនាក់សម្រាប់ដើរបង្ហាញក្នុងពិធីទទួលសញ្ញាបត្រនេះ៕
និស្សិតកម្ពុជា២៥នាក់ទទួលសញ្ញាបត្រផ្នែកឌីហ្សាញប្លង់និងរចនាម៉ូដ
0 Comments