បាត់ដំបង ៖ យ៉ាងហោចណាស់ ក៏មានព្រះសង្ឃចំនួន៦អង្គ ដែលកំពុងថែទាំពីក្រុមគ្រូពេទ្យក្នុងចំណោមព្រះសង្ឃចំនួន២២អង្គ ដែលមានអាការៈរាគ ក្អួត ចង្អុរ បន្ទាប់ពីព្រះសង្ឃទាំងអស់បានឆាន់ផ្លែឪឡឹកទុំ ក្រោយពេលឆាន់ត្រង់ដែលពុទ្ធបរិស័ទចំណុះជើងវត្តបានប្រគេនរួចមក។
តាមការរៀបរាប់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោង១១និង០៥នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្ត ទីឃវនារាម ហៅវត្តកូនខ្លុង ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង គឺមានព្រះសង្ឃចំនួន២២អង្គបានឆាន់ត្រង់នៅក្នុងទីអារាមនេះ នៅពេលនោះដែរ ពុទ្ធបរិស័ទចំណុះជើងវត្តបានប្រគេនផ្លែឪឡឹកទុំ ដែលជាបង្អែមចុងក្រោយសម្រាប់ព្រះសង្ឃទាំងអស់ឆាន់។
សមត្ថកិច្ចបានបន្តថា ភ្លាមៗនោះដែរគឺដូចជាពុំមានបញ្ហាអ្វីនោះទេ ប៉ុន្តែរហូតដល់ម៉ោង៥និង២០នាទីល្ងាច ថ្ងៃ ខែដដែល ស្រាប់តែព្រះសង្ឃទាំងអស់បានចាប់ផ្ដើមមានអាការៈរាគ ក្អួត ចង្អុរ គ្រប់ៗអង្គ ដោយអង្គខ្លះស្រាល ឯអង្គខ្លះទៀតក៏មានសភាពធ្ងន់ ដែលចាំបាច់ឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាល។ ជាក់ស្តែងគឺមានព្រះសង្ឃចំនួន១៦អង្គស្រាល និង៦អង្គទៀតមានអាការៈធ្ងន់ ដោយ៣អង្គនិមន្តទៅព្យាបាលនៅផ្ទះញោម និង៣អង្គទៀតនៅព្យាបាលក្នុងទីអារាមនេះតែម្តង។
លោកអធិការរង ឌឿន សម្បត្តិ បានបញ្ជាក់ថា បញ្ហានេះគឺមានតែក្រុមគ្រូពេទ្យប៉ុណ្ណោះ ដែលអាចធ្វើការបញ្ជាក់បាន ប៉ុន្តែជំហានដំបូងគេបានសន្និដ្ឋានថា សង្ឃទាំងអស់អាចមានការពុលផ្លែឪឡឹកទុំក្រោយពេលឆាន់ត្រង់រួច ដែលពុទ្ធបរិស័ទប្រគេន តែរហូតមកទល់នឹងព្រឹកថ្ងៃទី២២ ខែធ្នូនេះ សង្ឃទាំងអស់ហាក់មានសភាពធូរស្រាលឡើងវិញខ្លះៗហើយ។ បើមានបញ្ហាអ្វីប្រែប្រួលកម្ពុជាថ្មីនឹងធ្វើការផ្សាយជាបន្តទៀត ពាក់ព័ន្ធនឹងផ្លែឪឡឹកទុំនេះ៕
ព្រះសង្ឃជាង២០អង្គ រាគ ក្អួត ពេញវត្ត សង្ស័យថា ពុលផ្លែឪឡឹកទុំ
0 Comments