Ad Code

អង្គការ​ថែទាំ​សុខភាព​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​សុខភាព​បន្ត​ពូជ​លើ​យុវជន​

ភ្នំពេញ ៖ ក្រុម​អង្គការ​គាំពារ​សុខភាព និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ បន្ថែម​ដើម្បី​លើកកម្ពស់​ការ​ផ្តល់​ជា​សកល​នៃ​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​ក្នុងចំណោម យុវជន​ដែល​ងាយ​ទទួលរង​នូវ​ផល​ប៉ះពាល់។​
លោក​វេជ្ជបណ្ឌិត វ៉ា ជី​វ័​ន្ត នាយក​ប្រតិបត្តិ អង្គការ​ថែទាំ​សុខភាព​កម្ពុជា​ហៅ​កាត់​ថា រ៉ាក់​បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា ស្ថានភាព​សង្គម​នៃ​ការ​ទទួល​បានជា​សកល​នៃ​សេវា​សុខភាព​ផ្លូវ​ភេទ និង​បន្ត​ពូជ​ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា​ នៅ​សណ្ឋាគារ​ភ្នំពេញ​ថា បច្ចុប្បន្ន​នេះ​បើ​ទោះ​បី​ស្ថានភាព​សុខាភិបាល​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ក៏ដោយ ក៏​ការ​ទទួល​បាន​សេវា​ផ្នែក​សុខភាព​បន្ត​ពូជ​ក្នុងចំណោម​យុវជន​នៅ​មិនទាន់​ទទួល​បាន​ទូលំទូលាយ​ជា​សកល​ដែរ។ លោក​បន្ត​ថា​ ការអនុវត្ត​សិទ្ធិ​សម្រាប់​គ្រប់គ្នា ​រួម​ទាំង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ​នៅតែ​ជា​បញ្ហា​ប្រឈម​បើ​ទោះ​បី​មាន​ការ​បង្កើន​កញ្ចប់​​ថវិកា​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​ក៏ដោយ ​ក៏​ប្រជាជន​ចំណាយ​ជាង​៦០​ភាគ​រយ​លើ​បញ្ហា​សុខភាព​ចេញ​ថវិកា​ពី​ហោប៉ៅ​របស់​ពួកគាត់​ដដែល។ លោក​បញ្ជាក់​ថា ការ​ចំណាយ​លុយ​ពី​ហោប៉ៅ​ដ៏​ខ្ពស់​បែបនេះ​មាន​ផលវិបាក​ចម្បង និង​ដោយ​ផ្ទាល់​ទៅលើ​ការ​ទទួល​បានជា​សកល​នូវ​សេវា​សុខភាព​សម្រាប់​សេវា​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ។ លោក​បាន​បន្ថែម​ថា ​ការ​លើក​កម្ពស់​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​គឺជា​កិច្ច​ដ៏​សំខាន់​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ផ្សេងៗ​ផ្នែក​របស់​ពលរដ្ឋ​ពិសេស​បាន ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជំងឺ​កាមរោគ និង ជំងឺ​ផ្សេងៗ​ទៀត។​
លោកស្រី ពុំ ស៊ី​ចាន់ អនុប្រធាន​គណៈកម្មការ​ទី​៨​នៃ​ព្រឹទ្ធសភា​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ ស្ថានភាព​សុខភាព​របស់​ប្រជាជន​កម្ពុជា​មាន​លក្ខណៈ​ល្អជា​បន្តបន្ទាប់ ​ក្រោម​កិច្ចសហការ​ជា​រួម​គ្នា​រវាង​រដ្ឋសភា​ ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​ដៃគូ​សង្គម​ស៊ីវិល​នានា។ លោកស្រី​បញ្ជាក់​ថា ​កម្ពុជា​សម្រេច​បាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន គឺ​ការ​ធ្លាក់​ចុះ​អត្រា​ស្លាប់​របស់​មាតា និង​ទារក​ ការ​ថយ​ចុះ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍ ការពង្រីក​សេវា​រំលូត​ដោយ​សុវត្ថិភាព និង​ការ​បញ្ជូន​សុខភាព​ផ្លូវ​ភេទ​បន្ត​ពូជ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សុខាភិបាល ​ហើយ​បាន​បោះពុម្ព​សៀវភៅ​ការអប់រំ​បំណិន​ជីវិត​ស្ដីពី​សុខភាព​បន្ត​ពូជ​ផ្លូវភេទ​នៅក្នុង​កម្មវិធី​អប់រំ សិក្សាធិការ​ជាតិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ដោយ​ឡែក​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ធា្លប់​បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិ​បាល​គ្រោង​រៀបចំ​ប្រព័ន្ធ​ការ​គាំពារ​សុខភាព​សង្គម​តាមរយៈ​បង្កើត​ហិរញ្ញប្បទាន​សុខាភិបាល​ដើម្បី​ឲ្យ​ជន​ក្រីក្រ​ជន​ចាស់ជរា​គ្មាន​ទីពឹង​ទទួល​បាន​សេវា​ព្យាបាល​ដោយ​គ្មាន​របាំង​ហិរញ្ញវត្ថុ​សម្រាប់​បណ្ដា​ឆ្នាំ​ខាងមុខ៕
សំអឿន​

Post a Comment

0 Comments

Close Menu