ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ទៅកាន់ប្រធាននិងតំណាងមកពីគណបក្សចំនួន១៦ ក្នុងចំណោមគណបក្សទាំង ២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាអាណត្តិទី៦ កន្លងទៅនេះថា ការមកចូលរួមប្រជុំរបស់គណបក្សនយោបាយថ្ងៃនេះ មិនមែនឲ្យមកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ តែជាការរួមគ្នាផ្តល់នូវទស្សនៈដើម្បីការអភិវឌ្ឍប្រទេសជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងជំនួបជាលើកដំបូងជាមួយគណបក្សនយោបាយ ចំនួន ១៦ ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា កន្លងទៅ ខណៈគណបក្សចំនួន ៤ផ្សេងទៀតបដិសេធការចូលរួមជជែកពិភាក្សានេះ។ ក្នុងជំនួប ដែលធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិបាលបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការថ្លែងអំណរគុណចំពោះសម្ដេចព្រះអង្គម្ចាស់អស់លោកលោកស្រីដែលបានអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់សម្តេច ដោយសម្តេចបានធ្វើការស្វាគមន៍ដោយការចាប់ដៃប្រធានគណបក្សទាំង១៦ ម្តងម្នាក់ៗរហូតអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាប្រវត្តិសាស្ត្រថ្មីមួយដែលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីដណ្ដើមនូវសមានចិត្តរបស់ប្រជាពលរដ្ឋ។ យើងបានចាប់ផ្ដើមនូវកិច្ចដំណើរការតាមរបៀបមួយដែលយើងអាចចូលរួមជាមួយគ្នាដើម្បីកសាងប្រទេស។ សម្តេចបានបន្តថា វាមិនយូរប៉ុន្មានទេ នឹងឈានដល់ឆ្នាំ ២០២២ ដែលយើងត្រូវរៀបចំការបោះឆ្នោតនៅថ្នាក់ឃុំ សង្កាត់ និង នៅឆ្នាំ ២០២៣ ដែលជាការបោះឆ្នោតថ្នាក់ជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការជួបជុំនេះជាវិធីល្អមួយប្រសិនបើមានការចូលរួមកាន់តែច្រើនដើម្បីកសាងប្រទេសរបស់យើងដោយមិនចាំថា យុទ្ធនាការឃោសនាបោះឆ្នោតមកដល់ទើបយើងចាប់ផ្ដើម ហើយទុកឲ្យគណបក្សកាន់អំណាចធ្វើការតែម្នាក់ឯងនោះទេ។ ការចូលរួមរបស់គណបក្សដទៃ គឺមានសារៈសំខាន់ដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងន័យនេះ សម្តេចបានយកឱកាសនេះ បញ្ជាក់ជូនថា បើទោះបីសភាលើកនេះមាន៤ទៅ ៥ គណបក្សក៏ដោយចោះ វេទិកាបែបនេះ កិច្ចពិគ្រោះយោបល់បែបនេះ ក៏សម្តេចនៅតែធ្វើ។
ការអញ្ជើញបណ្ដាគណបក្សនយោបាយមកចូលរួមពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលគឺជាការចាំបាច់។ មិនមែនថា លើកនេះគណបក្សប្រជាជនទទួលបានអាសនៈទាំងស្រុងនោះ ទើបមានវេទិកាបែបនេះ។
សម្តេចបានបញ្ជាក់សាជាថ្មីថា បើទោះបីមានគណបក្សជាច្រើនតែមិនគ្របដណ្ដប់គណបក្សទាំង២០ ដែលបានចូលរួមបោះឆ្នោតនោះទេ។ ដូច្នេះសម្តេចក៏មិនចង់ទុកឲ្យគណបក្សនយោបាយណាមួយដែលមានឆន្ទៈចូលរួមកសាងប្រទេសបែរទៅជាស្ថិតនៅក្រៅចរន្តនយោបាយនោះដែរ។
សម្តេចតេជោក៏បានបញ្ជាក់ឡើងវិញថា កិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះគឺជាកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលនិងគណបក្សនយោបាយ។ ការបញ្ជាក់នេះដើម្បីជៀសវាងនូវការភ័ន្តច្រឡំ និង ការបកស្រាយខុស ហើយដែលអ្នកសារព័ត៌មានជួនកាលយើងនិយាយអញ្ចឹងតែគេយកទៅបកស្រាយផ្សេង។
ទោះបីយ៉ាងណា សម្តេចតេជោបានចាត់ទុកថា បញ្ហានេះយើងមិនបន្ទោសអ្នកណាទាំងអស់ បញ្ហាប្រហែលជាកើតឡើងដោយសារតែខ្វះនូវការជួបគ្នានិងការពន្យល់។ ហេតុដូច្នេះហើយបានជាសម្តេចចង់ឲ្យមានការជួបគ្នា ព្រោះមានតែការជួបគ្នាប៉ុណ្ណោះតែ ដែលអាចដោះស្រាយជាមួយគ្នាបាន។ យើងមិនអាចយកការបកស្រាយតាមសារព័ត៌មាន ឬ តាមហ្វេសប៊ុកពន្យល់គ្នាកើតនោះទេ។
ម្យ៉ាងទៀត នៅក្នុងការចូលរួមនេះ ដូចជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាត់បានធ្វើសេចក្តីថ្លែងការណ៍មួយដែលមាន៣ចំណុចរបស់គាត់ គឺល្អហើយ។ ទីមួយ គឺគំនិតដើមរបស់នាយករដ្ឋមន្ត្រីស្របជាមួយនឹងគោលនយោបាយមួយដែលមានក្នុងសៀវភៅរបស់គាត់។ ចំណុចទី២ គាត់លើកថា គាត់នឹងចូលរួមក្រោយពេលដែលរាជរដ្ឋាភិបាលដំណើរការ ឯចំណុចទី៣.គាត់លើកថា សូមឲ្យរាជរដ្ឋាភិបាលបញ្ជាក់អំពីបែបបទយន្តការផ្សេងៗ។
សម្តេចមានប្រសាសន៍ថា ខ្ញុំសុខចិត្តអោយអ្នកទាំងអស់គ្នាមកពិគ្រោះយោបល់ជាមួយខ្ញុំ តើយើងត្រូវរៀបចំយន្តការបែបណា ដើម្បីជួយដល់សង្គមជាតិរបស់យើង តាមរយៈការពិគ្រោះនិងការផ្ដល់យោបល់ ដូច្នេះហើយបានជាខ្ញុំទុកលទ្ធភាព។ ខ្ញុំអត់មានអ្វីជារបៀបវារៈត្រូវធ្វើនេះឬធ្វើនោះទេ។
ប្រសិនបើ ជាកញ្ចក់ រួចហើយនោះ ខ្ញុំចាំបាច់អីត្រូវអញ្ជើញអស់លោកមកពីគ្រោះយោបល់នោះ។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះសូមបញ្ជាក់ថា យើងមិនទាន់ពិគ្រោះទៅដល់បញ្ហានយោបាយទេ មូលហេតុងាយយល់ណាស់បើយើងមិនទាន់ទាំងមានយន្តការផង តើយើងពិគ្រោះយោបល់យកទៅធ្វើយ៉ាងម៉េច។
ធ្វើបែបនេះ វាមិនខុសពីយើងដើរចែកខិត្តប័ណ្ណនៅពេលយើងឃោសនាបោះឆ្នោតនោះទេ ព្រោះដើរតែចែកទៅហើយ គេយកទៅដាក់ក្នុងធុងសំរាម ឬយកទៅចោលកន្លែងណាមួយស្រេចតែគេ បើសិនជាធ្វើបែបនោះ វាគ្មានប្រសិទ្ធភាពនោះទេ។ ម្យ៉ាងទៀត គោលនយោបាយគណបក្សទាំងអស់សុទ្ធតែបានបង្ហាញជូនប្រជាពលរដ្ឋរួចហើយ។ ដូច្នេះគឺប្រជាជនពិតជាបានដឹងថា គណបក្សណាមាននយោបាយបែបណារួចស្រេចទៅហើយ។ ម្យ៉ាងទៀតពេលវេលានេះមិនមែនជាពេលវេលាធ្វើបទបង្ហាញពីកម្មវិធីនយោបាយនៃគណបក្សនយោបាយនីមួយៗទេ តែជាពេលវេលាដែលត្រូវចាប់ផ្ដើមអនុវត្តនូវកម្មវិធីនយោបាយនិងសកម្មភាពនានាដែលទាក់ទងទៅនឹងការបម្រើប្រជាពលរដ្ឋ។ ក៏ប៉ុន្តែក៏មានបញ្ញាដែលលើកឡើងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលគាត់យល់ថា គាត់មិនចូលរួមដោយម្យ៉ាង គឺគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យគណបក្សប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា មិនឲ្យយកគោលការណ៍គណបក្សដទៃមកឡូកឡំ។ អញ្ចឹងគាត់យល់អំពីកន្លែងនេះប្រហែលមកពីការខ្វះការពន្យល់គ្នានឹងការខ្វះទំនាក់ទំនងសន្ទនាគ្នា។ កញ្ចប់នយោបាយពិតជាមានហើយ ប៉ុន្តែវិធីដំណើរការនិងវិធីដាក់ចេញនូវការអនុវត្តវាមិនងាយស្រួលទេ វាទាមទារនូវការពិគ្រោះយោបល់។
សម្តេចក៏បានបញ្ជាក់ថា គណបក្សនយោបាយមកទីនេះ មិនមែនដើម្បីគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនដែលបានដឹកនាំរដ្ឋាភិបាល ដែលរៀបចំចេញជាក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល ហើយក៏មិនមែនជាបញ្ហាទៅមុខនោះទេ គឺជាបញ្ហាត្រូវមើលទៅក្រោយវិញថា អ្វីដែលថ្មី អ្វីដែលវាមិនថ្មី ហើយរួមគ្នាគិតដើម្បីជំរុញឲ្យមានការអភិវឌ្ឍឈានឡើងសម្រាប់ជាតិរបស់យើង៕
Source: Kampuchea Thmey Daily
0 Comments