ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថានឹងចាប់ដៃគូជាផ្លូវការជាមួយក្លិបបាល់ទាត់Giravanz Kitakyushu ដែលកំពុងលេងនៅលីគទី៣ របស់ប្រទេសជប៉ុន (J3-League) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមថ្នាលយុវជនអាយុក្រោម ១៣ឆ្នាំ,អាយុក្រោម ១៤ឆ្នាំ និងក្រុមអាយុក្រោម១៥ឆ្នាំ នៅកីឡដ្ឋានRSN (ម្តុំកាំកូស៊ីធី) ក្នុងរាជធានីភ្នំពេញ។
ចំណែកពិធីចុះហត្ថលេខាក្នុងនាមដៃគូសហការជាផ្លូវការរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្លិបGiravanz Kitakyushu នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៥:០០នាទីល្ងាច។ ចំណែកកម្មវិធីចែករំលែកបទពិសោធន៍នេះនឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃនៅកីឡដ្ឋាន RSN ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
ចំណែកកាលវិភាគមានដូចជា នៅថ្ងៃទី១៦ ខែសីហា វេលាម៉ោង៣និង០០នាទីរសៀលមានវគ្គធ្វើការសិក្សាក្នុងថ្នាក់ និងនៅម៉ោង ៥និង៣០នាទីល្ងាច មានការហ្វឹកហាត់លើទីលាន។ នៅថ្ងៃទី១៧ ខែសីហា វេលាម៉ោង៥និង៣០នាទីរសៀល នឹងមានការហ្វឹកហាត់លើទីលាននិងចុងក្រោយនៅថ្ងៃទី១៨ វេលាម៉ោង ១០និង០០នាទីព្រឹក មានការហ្វឹកហាត់លើទីលាន ខណៈដែលនៅម៉ោង៤និង០០នាទី ល្ងាចមានការប្រកួតមិត្តភាពរវាងក្រុមយុវជនអាយុក្រោម១៥ឆ្នាំ នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្រុម GFA របស់ប្រទេសសិង្ហបុរី។
ក្លិបបាល់ទាត់ Giravanz Kitakyushu មានមូលដ្ឋាននៅទីក្រុង Kitakyushu នៃប្រទេសជប៉ុន និងជាទីក្រុងដែលមានចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ហើយចំពោះគោលបំណងនៃការចាប់ដៃគូគ្នានេះគឺដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាដើម្បីអភិវឌ្ឍន៍ក្រុមឈុតធំនៃក្រុមទាំងពីរ ក៏ដូចជាបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នា ទាំងក្រុមយុវជនថ្នាល ក្រុមសហគមន៍ និងក្រុមគ្រូបង្វឹក ព្រមទាំងដើម្បីសហការគ្នាទៅវិញទៅមករួមទាំងការលើកកម្ពស់ និងពង្រីកការផ្លាស់ប្តូរវប្បធម៌សេដ្ឋកិច្ចសម្រាប់ទីក្រុងទាំងពីរដោយក្លឹប GIRAVANZ KITAKYUSHU តំណាងឲ្យទីក្រុង Kitakyushu និងក្លិបភ្នំពេញក្រោន តំណាងឲ្យទីក្រុងរាជធានីភ្នំពេញ ផ្ទាល់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments