Ad Code

ប្រធាន​-​អនុប្រធាន និង​អគ្គលេខាធិការ​គណបក្ស​ដែល​មាន​តួនាទី​ក្នុង «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​»​ ទទួល​បាន​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អនុរដ្ឋលេខាធិការ



ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​ផ្តល់​តួនាទី​ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នីមួយៗ​ដែល​ចូលរួម​ក្នុង​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​” មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​និង​ជាទី​ប្រឹក្សា​របស់​រាជរដ្ឋាភិបាល​,​ចំណែក​សមាជិក​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី ចំណែក​អ្នក​ដែល​ធ្វើការ​នៅក្នុង​លេខាធិការដ្ឋាន​នេះ​ក៏​ទទួល​បាន​ឋានៈ​ស្មើ​នឹង​អនុរដ្ឋលេខាធិការ​ផងដែរ​។

ការ​ផ្តល់​ឋានៈ​នេះ​ គឺ​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​សមាជិក​នៃ​"​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​"​ មានលទ្ធភាព​ក្នុង​ការ​បំពេញការងារ​របស់ខ្លួន​ប្រកប ដោយ​ប្រសិទ្ធភាព។

នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ប្រធាន​និង​តំណាង​មកពី​គណបក្ស​ចំនួន​១៦​ ក្នុងចំណោម​គណបក្ស​ទាំង​២០​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នា​អាណត្តិ​ទី​៦​នេះ​ នៅ​វិមាន​សន្តិភាព។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​បង្កើត​វេទិកា​នេះ​ឡើង​ដើម្បី​ជួប​ផ្ទាល់​និង​ផ្តល់​ឱកាស​ឲ្យ​តំណាង​គណបក្សនយោបាយ​ដែលមាន​ឆន្ទៈ​ចូលរួម​កសាង​ជាតិ​អា​ច​បញ្ចេញ​យោប​ល់​អំពី​បញ្ហា​ប្រទេសជាតិ។

លោក ឈឹម ផល​វរុណ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​ទាំងអស់​ ដែល​បាន​ចូលរួមបាន​គាំទ្រ​នូវ​ទស្សនទាន​ដែល​បានលើកឡើង​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​រវាង​គណបក្ស​នយោបាយ​នៅ​ក្រៅ​សភា​និង​រាជរដ្ឋាភិបាល​។

សម្ដេច​បាន​ស្នើ​ដាក់ឈ្មោះ​ជា​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ”។​ នៅក្នុង​កិច្ចប្រជុំ​នោះ បាន​ពិភាក្សាគ្នា​ដោយ​ផ្ដល់នូវ​គំនិត​ក្នុង​ការ​បង្កើត​ឡើង​នូវ​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​” ដែល​លទ្ធផល​បាន​បង្ហាញ​នូវ​ចំណុច​សំខាន់​រួមមាន​៖ ចំណុច​ធំ​ទី​១-​និយាយ​អំពី​លក្ខណៈ​នៃ​ការបង្កើត​ឬ​ឋានៈ​ផ្លូវច្បាប់​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​ដែល​ត្រូវ​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ដែល​ព្រះរាជា​ក្រឹត្យ។ សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ជូន​លោក ឈឹម ផល​វរុណ ជា​ប្រធាន​ដឹកនាំ​ធ្វើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​នេះ។ បន្ទាប់ពី​រៀបចំ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​នេះ​រួច ប្រគល់​ជូន​ដល់​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ដើម្បី​កោះ​ប្រជុំ​តំណាង​គណបក្ស​ទាំងអស់​ពិនិត្យ​ទៅលើ​ខ្លឹមសារ​នៃ​ព្រះរាជក្រឹត្យ​នោះ រួច​ប្រគល់​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រេច មុន​បញ្ជូន​ទៅសុំ​ព្រះ​ហ​ស្ថ​លេខា​ពី​ព្រះមហាក្សត្រ។

“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​” មាន​ភារកិច្ច​ទី​១-​គោលដៅ​កំណត់​និង​ផ្ដល់​មតិ​ទៅលើ ដំណើរការ​និង​ការរៀបចំ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​មុននឹង​ដាក់​ចូល​គណៈរដ្ឋមន្ត្រី​សម្រេច​អ្វី មួយ​គឺ​កិច្ចការ​នេះ​ត្រូវ​ឆ្លង​ការពិគ្រោះ​និង​ផ្ដល់យោបល់​នៅក្នុង “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​”​សិន រួចហើយ​ទើប​បញ្ជូន​ទៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ត្រូវ​ទទួលយក ឬ​មិន​ទទួលយក​នោះ​។​ទី​២-​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​មាន​ភារកិច្ច​ផ្ដួចផ្ដើម​គំនិត​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្នើ​មក​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច​ថា តើ​នឹង​ទទួលយក​ឬ​មិន​ទទួលយក​។ មួយទៀត សមាជិក​ក្រុមប្រឹក្សា​មាន​តួនាទី​ផ្ដល់​យោបល់​ទៅលើ​សេចក្តីព្រាងច្បាប់​និង​ព្រះរាជក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ឬ​ក្រសួង​នានា​។​ទី​៣-​សមាជិក​ក្រុមប្រឹក្សា​នេះ​អាច​ផ្តល់​អនុសាសន៍​កែលម្អ​លើ​ដំណើរការ​អនុវត្ត​នូវ​គោលនយោបាយ និង​ការអនុវត្ត​ច្បាប់ ឬ ព្រះរាជក្រឹត្យ​ទាំងអស់​របស់​រាជរដ្ឋាភិបាល និង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

រាជរដ្ឋាភិបាល​ស្វាគមន៍​គ្រប់​អ្វី​ទាំងអស់​ដែល​សមាជិក​ក្រុមប្រឹក្សា​បាន​រកឃើញ​នូវ​ភាព​អសកម្ម ដូចជា​ការបំពាន​អំណាច ការប្រព្រឹត្ត​អំពើពុករលួយ ដោយ​ឈរលើ​ការពិត។

ជា​មួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ទទួលយក​នូវ​អ្វី​ដែល​ជា​ភស្តុតាង​និង​ការពិត​ដែល​មិនត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាជន​។ ជាពិសេស​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន​សែន​បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​អាចដាក់​ជូន​នូវ​លិខិត​នានា​ដោយ​ផ្ទាល់​ទៅកាន់​នាយករដ្ឋមន្ត្រី​តែម្ដង​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​អ្នកណា​ឡើយ។ ជា​មួយ​នេះ​សមាជិក​ក្រុមប្រឹក្សា​ក៏​អាច​ផ្ដល់​យោបល់​ទៅ​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ណាមួយ​ពាក់ព័ន្ធ​ទៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

ចំណុច​ធំ​ទី​២-​ការរៀបចំ​សមាសភាព និង​ការរៀបចំ​យន្តការ​ដំណើការ “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ”​ដែលមាន​៦​ចំណុច​៖ ទី​១-​សមាសភាព​មកពី​គណបក្ស​ទាំងអស់​ដែល​បាន​ចូលរួម​បោះឆ្នោត​នីតិកាល​ទី ៦ ។ ការចូលរួម​របស់​គ​ណ​បក្ស​គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត។ គណបក្ស​ដែល​ចង់​ចូលរួម​នៅពេល​ក្រោយ​ទៀត​ក៏បាន។ ក៏ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​មានការ​ចេញចូល ដោយ​ស្រួល​នោះ​ក៏​ទាមទារ​ឲ្យ​មានការ​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​ផង​ដែរ។​ ទី​២-​សមាសភាព​គណបក្ស​នីមួយៗ​ត្រូវបញ្ជូន​ប្រតិភូ​របស់​ខ្លួន​ពីររូប​ចូល​ទៅ​ក្នុង “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​” ដែល​ជា​ទូទៅ​ជា​ប្រធាន​គណបក្ស និង អនុប្រធាន​គណបក្ស ឬ អគ្គលេខាធិការ ។ ក៏ប៉ុន្តែ​វា​អាច​មាន​ករណី​ខ្លះ​ប្រធាន​គណបក្ស​នោះ​បញ្ជូន​ប្រតិភូ​មក​ចូល រួម​ដូចនេះ​ទើប​យើង​ប្រើ​ពាក្យ​ប្រតិភូ​ខណ្ឌ​។ ក្នុងចំណោម​ប្រតិភូ​ទាំងពីរ​នាក់​នេះ មាន​ម្នាក់​ជា​ប្រធាន​ប្រតិភូ​ដែល​ត្រូវ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ប្រតិភូ មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី និង​មាន​ប្រាក់ខែ​ជា​កញ្ចប់​ថវិកាជាតិ​នៅក្នុង​ទីស្ដីការគណៈរដ្ឋមន្ត្រី។ ទី​៣-​អំពី​ការដឹកនាំ “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ” អនុវត្ត​តាម​លំដាប់​លេខ​រៀង​នៃ​សន្លឹកឆ្នោត ដោយ​ការ​ប្ដូរ​វេន​គ្នា​មួយខែ​ម្តង​។ ទី​៤-​ក្រុមប្រឹក្សា​ត្រូវ​មាន​លេខាធិការដ្ឋាន​ជា​ជំនួយការ ដែល​ប្រើប្រាស់​មន្ត្រី​នៅក្នុង​ទីស្តីការ​គណរដ្ឋមន្ត្រី និង​មន្ត្រី​មកពី​គណបក្ស​នីមួយៗ​ដើម្បី​ធ្វើ​ការងារ​នេះ​ផងដែរ​។ មន្ត្រី​ដែល​មកពី​គណបក្ស​នានា​ធ្វើការ​នៅក្នុង​លេខាធិការដ្ឋាន​នេះ​នឹង​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ដែល​មាន​ឋានៈ​ស្មើនឹង​អនុរដ្ឋលេខាធិការ​ដើម្បី​ងាយស្រួល​ជា​តំណែង​នយោបាយ​ដែល​អាច​ទទួល​បាន​នូវ​ប្រាក់បៀវត្សរ៍​និង​ប្រាក់​បេសកកម្ម​ផ្សេងៗ​ផងដែរ​។​ ទី​៥- កន្លែង​ប្រជុំ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​គឺ​យក​នៅ​វិមាន​សន្តិភាព ហើយ​លេខាធិការ​រដ្ឋា​ន​ក៏​ស្ថិត​នៅ​ក្នុង​វិមាន​សន្តិភាព​នេះដែរ និង​ថវិកា​ចំណាយ​ទាំងអស់​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ទីស្តីការ​គណៈរដ្ឋមន្ត្រី ។​ទី​៦-​កិច្ច​ដំណើរការ​របស់​ក្រុមប្រឹក្សា​នេះ​គឺ​ប្រជុំ​រៀងរាល់​មួយខែ​ម្ដង ដែល​មាន​ប្រធាន​ប្តូរ​វេន ជា​អ្នក​កោះប្រជុំ។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នឹង​ជួបប្រជុំ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​រាល់ ៦ ខែម្ដង​។ “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ”​មាន​អាណត្តិ​ស្មើនឹង​អាណត្តិ​របស់​រាជ រដ្ឋាភិបាល​នីតិកាល​ទី​៦ ដែរ​។

​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់​ថា ព្រះរាជក្រឹត្យ​នឹង​ពុំបាន​និយាយ​ទៅដល់​ការកំណត់​ទោសទណ្ឌ​ចំពោះ​សមាជិក​ធ្វើ​ខុស​នោះទេ ។ យើង​មានតែ​ការ​លើកទឹកចិត្ត​ដល់​គណបក្ស​ដែលមាន​និន្នាការ​ខុស ៗ​គ្នា ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​និង​កាត់បន្ថយ​ភាព​អសកម្ម ដូចជា​ការរំលោភ​ទៅលើ​ប្រជាពលរដ្ឋ​អំពើពុករលួយ។ គណបក្ស​ទាំង ១៦ បាន​គាំទ្រ​និង​ចូលរួម​នៅក្នុង​ចំណុច​ខាងលើ លើកលែងតែ​គណបក្ស​លោក លន់ ឫទ្ធិ ដែល​គាត់​ត្រូវយក​ចំណុច​នេះ​ទៅ​ពិភាក្សា​ជាមួយនឹង​ក្រុមប្រឹក្សា​របស់​គណបក្ស​គាត់​សិន។



“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ” គឺជា​យន្តការ ប្រជាធិបតេយ្យ ដែល​បង្កើត​ឡើង​ដោយ​ខ្មែរ ដោយ​ស្រប​ទៅ​នឹង​បរិបទ​របស់​ជាតិ​ខ្លួន។ ដូចនេះ​ការបង្កើត​យន្តការ​នេះ គឺជា​រសជាតិ​របស់​ប្រជាធិបតេយ្យ​របស់​កម្ពុជា ដែល​ស្រប​ទៅ​នឹង​ស្ថានការណ៍​របស់​កម្ពុជា។ កាលពី​សង្គមរាស្ត្រនិយម​យើង​មាន​យន្តការ​ប្រមូលផ្ដុំ​១ ស្រដៀង​គ្នា​នេះ​ដែរ។ តែ​យន្តការ​ប្រជាធិបតេយ្យ​នៅពេលនេះ ខុសពី​សង្គមរាស្ត្រនិយម​ដោយពេល​នេះ ពុំបាន​រំលាយ​គណបក្ស​ណាមួយ​ឡើយ គឺ​គណបក្ស​ទី​១៦ គេ​នៅមាន​អត្តសញ្ញាណ​និង​សិទ្ធិ​របស់ខ្លួន​យ៉ាង​ពេញលេញ​ក្នុងការ​សម្រេច​អ្វីមួយ ហើយ​គេ​ចូលរួម​ដោយមាន​គំនិត​ជា​ខ្មែរ​ដោយ​មិន​ចំណុះ​ឲ្យ​គំនិត​បរទេស។

លោក ឈឹម ផល​វរុណ លើក​ឡើង​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​កិច្ចការ​របស់​សមាជិក​ក្រុមប្រឹក្សា​ជាមួយ​ចៅហ្វាយខេត្ត​និង​រដ្ឋមន្ត្រី សម្ដេច​តេ​ជោ ហ៊ុន សែន បានផ្តល់​បន្ថែម​នូវ​តួនាទី​ឲ្យ​ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នីមួយៗ​មាន​តួនាទី​បន្ថែម​មួយទៀត​ជាទី​ប្រឹក្សា​របស់​រាជរដ្ឋាភិបាល​ដើម្បី​ងាយ​ពួកគាត់​ចេញចូល​ជួប​ជាមួយនឹង​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​បាន ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ”។

លោក ឈឹម ផល​វរុណ បាន​បន្ថែម​ថា ស្ថាប័ន​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ” នេះ​អាច​បង្កើត​ឡើង​នៅ​ពេល​ដែល​ព្រះរាជក្រឹត្យ​ត្រូវធ្វើ​រួចរាល់ ដែល​យើង​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​តាក់តែង​ឲ្យ​ស្រប​ទៅ​រដ្ឋធម្មនុញ្ញ ។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សន្យា​ថា ប្រសិនជា​សម្តេច​នៅតែ​ធ្វើជា​នាយករដ្ឋមន្ត្រី “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ”​ក៏​នៅតែ​រក្សាទុក​រហូត​។

ការសម្រេច​នេះ​ ត្រូវ​បាន​គាំទ្រ​ដោយ​គណបក្ស​ដែល​ចូលរួម​ទាំងអស់ លើកលែងតែ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​របស់ លោក លន់ ឬ​ទី្ធ ដែល​បាន​ស្នើសុំ​ពេលវេលា​ក្នុងការ​ប្រជុំពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សិន។

គួរ​បញ្ជាក់ថា គណបក្ស​នយោបាយ ​ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ខាងលើនេះ រួមមាន​ដូចជា​៖១.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, ២. គណបក្ស​ពន្លឺ​ថ្មី​, ៣ . គណបក្ស​សញ្ជាតិ​កម្ពុជា​,៤. គណបក្ស​ខ្មែរ​ក្រោក​,៥.​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​,៦.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​,៧.​គណបក្ស​សា​ធារណរដ្ឋ​ខ្មែរ​,៨.​គណបក្ស​រស្មី​ខេមរា​,៩. គណបក្ស​ហ៊្វុនស៊ិនប៉ិច​, ១០.​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​, ១១.​គណបក្ស​យុវជន​កម្ពុជា ,១២. គណបក្ស​ធម្មាធិបតេយ្យ​, ១៣ .​គណបក្ស​ឆន្ទៈ​ខ្មែរ​,១៤.​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​,១៥.​គណបក្ស​ខ្មែរ​តែមួយ និង ១៦.​គណបក្ស ប្រជាជន​កម្ពុជា។

គណបក្ស​ដែល​មិន​ចូល​រួមមាន ១.​គណបក្ស​មាតុភូមិ​យើង​, ២.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, ៣.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ទី​៤.​គណបក្ស​ខ្មែរ​ឈប់​ក្រ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu