ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ នឹងចាប់ផ្តើមប្រកួតពីចុងសប្ដាហ៍នេះតទៅហើយ ដោយមានរយៈពេលប្រមាណជា៣ខែ ខណៈមានក្រុមចូលរួមចំនួន២១ ដោយបែងចែកជា៤ពូលផ្សេងគ្នា។
ក្រុមទាំង ២១ ដែលបានចុះឈ្មោះចូលរួមប្រកួតនៅឆ្នាំនេះ បានចាប់ឆ្នោតបែងចែកពូលរួចរាល់ កាលពីពេលថ្មីៗ ដោយក្នុងនោះពូល A មានក្រុម TN Kandal សម្ព័ន្ធ គ.ស.ន.ប.ក Down Town Sport អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងក្រុមយ៉ារ៉ាយ៉ារ័ត្ន ឯពូល B មានក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា យុវជនបៃតង បូរីរ៉ាត់អេហ្វស៊ី បាសាក់អេហ្វស៊ី និងក្រុម KMH Academy។ ចំណែកពូល C មាន Pisnoka FC ស្នងការនគរបាលខេត្តកំពត ម៉ាឌីណាអេហ្វស៊ី ISI Group United យុវជនវត្តវ៉ារិន្ទព្រែកលៀប និងក្រុម U19 ព្រះខ័នរាជស្វាយរៀង ខណៈពូល D មានក្រុមអាណាចក្របៃតង Avatar FC ទន្សោងអេហ្វស៊ី X-Sport FC និងក្រុមយុវជនស្វាយជ្រំ។
តាមគម្រោងក្រុមនីមួយៗនៅតាមពូលត្រូវប្រកួតវិលជុំតាមពូល ដែលចាប់ផ្តើមពីថ្ងៃទី ២៦ ខែសីហាឆ្នាំ២០១៨ តទៅ ដើម្បីរកក្រុមខ្លាំងជាងគេចំនួន២ក្រុមក្នុង១ពូល ឡើងទៅប្រកួតវគ្គ ៨ ក្រុម រួចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ ចំពោះប្រកួតបើកឆាកនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះក្រុមធីអិនកណ្ដាលអែហ្វស៊ី ប៉ះក្រុមសម្ព័ន្ធគ.ស.ន.ប.ក នៅវេលាម៉ោង៤ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈក្លិបកីឡាបាល់ទាត់ពិស្ណុការ ត្រូវជួបក្រុម U19 ព្រះខ័នរាជស្វាយរៀង (ឈុតយុវជន) នៅវេលាម៉ោង៦ល្ងាច។
ចំណែកក្រុមម្ចាស់ជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៣២ លានរៀល គឺច្រើនជាងឆ្នាំមុន ដែលបានត្រឹម ២៥ លានរៀល។ គណៈកម្មការក៏ត្រៀមប្រាក់រង្វាន់ដល់អ្នកចាំទីល្អ អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្រុម Fair play ក្រុមលេខ ២ និងក្រុមលេខ ៣ ផងដែរ។
សូមរំលឹកថា ពានរង្វាន់សម្តេចចក្រីឆ្នាំដំបូងកាលពីឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន១៨ក្រុមដោយចែកជាពូលផ្សេងៗគ្នាដើម្បីប្រកួតជម្រុះ។ ជាលទ្ធផលក្រុមជើងឯកបានទៅក្រុមអាណាចក្របៃតង ដែលកាលនោះទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ និងប្រាក់រង្វាន់ ២៥,០០០,០០០ រៀល ហើយក្រុមសម្ព័ន្ធយុវជនម៉ូស្លីម ដែលទទួលបានជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងទឹកប្រាក់ចំនួន១២,០០០,០០០ រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានទឹកប្រាក់៦,០០០,០០០រៀល ហើយក្រុមOld Town Garden ទទួលបានពានរង្វាន់ Fair Play៕
Source: Kampuchea Thmey Daily
0 Comments