ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះបានប្រព្រឹត្តទៅដោយរលូន និង មានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗទៅទៀតដោយសារតែមានការសហការបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានក្រសួងអប់រំ អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិសេសបេក្ខជនប្រឡងបានបំពេញភារកិច្ចនិងគោរពតាមបទបញ្ញត្តិរបស់ក្រសួងបានល្អ ។
ជាមួយគ្នានេះដែរ នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អដោយពុំមានឃើញនាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយចូលនៅក្នុងមណ្ឌលប្រឡងឡើយ ដែលទាំងនេះដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញកិច្ចការងាររបស់ខ្លួនបានល្អប្រសើរ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងកាលពីព្រលប់ថ្ងៃទី២១ខែសីហាថា ភាពជោគជ័យនៃដំណើរការប្រឡងបាក់ឌុបនេះ គឺស្តែងចេញពីលទ្ធផលការធ្វើកំណែទម្រង់គ្រប់រូបភាពរបស់ក្រសួងទៅលើការប្រឡងបាក់ឌុបទាំងការគ្រប់គ្រងសាលា ការបណ្តុះបណ្តាលគ្រូ ការងារអធិការកិច្ច ការរៀននិងការបង្រៀនជាដើម។
លោករស់ សាលីន បានបន្តថា ប្រឡងបាក់ឌុបដែលទើបតែបញ្ចប់ទៅនេះមានបេក្ខជនចូលរួមប្រឡងចំនួន១១ ៥២៦៨នាក់ស្រី ៥៨ ១៥៨ នាក់ ក្នុងនោះមានបេក្ខជនអវត្តមានចំនួន១៨៩៩នាក់ស្រី៧៤៤នាក់ស្មើនឹង១.៦៥ភាគរយ។ បេក្ខជនមានបញ្ហាសុខភាពមានចំនួន៦៤ករណីដូចជាវិលមុខ ខ្យល់គរ ខ្សោយកម្លាំងដោយសារការទទួលទានអាហារនិងសម្រាកមិនបានគ្រប់គ្រាន់ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋមក្នុងនោះមានបេក្ខជន៥នាក់មិនអាចបន្តការប្រឡងបានដោយសារស្ថានភាពសុខភាពធ្ងន់ធ្ងរ។
មានបេក្ខជនមានកំហុសឆ្គងចំនួន៧ករណី ក្នុងនោះមាន៥នាក់យកទូរស័ព្ទដៃចូលនិង២នាក់ទៀតយកឯកសារចូល។ ចំណែកគណៈមេប្រយោគមានកំហុសឆ្គងដោយមានទុកជាប់ខ្លួននិងប្រើទូរស័ព្ទដៃនៅក្នុងមណ្ឌលប្រឡងចំនួន៥ករណី។
លោករស់ សាលីន បានបន្តទៀតថា បន្ទាប់ពីដំណើរការសំណេរចប់សព្វគ្រប់ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានី-ខេត្តនីមួយៗ ដោយមានការចូលរួមពីមន្ត្រីសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយបានដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការបេក្ខជនប្រឡងមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព រង់ចាំដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០និង២១ ខែសីហា ដោយមានបេក្ខជនចូលរួមប្រឡងចំនួន១១៥ ២៦៨ នាក់និងមាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់នៅតាមរាជធានីខេត្តទូទាំងប្រទេសដោយមានអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង៥ពាន់នាក់។
ចំពោះលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា faceboo k.com/ moey s.gov.kh៕
Source: Kampuchea Thmey Daily
0 Comments