Ad Code

សម្ដេច​តេ​ជោ ​ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់ ​នៅ​ខេត្ត​កោះកុង​



​កោះកុង ៖ នៅវេលា​ម៉ោង​៧​និង៣០​នាទី​ព្រឹក ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​១៣,៨៦៦​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​៧ ​នៅក្នុង​ខេត្តកោះកុង។

ពិធី​សំណេះសំណាល​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ​ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​កម្មករ និ​យោ ជិត ដែល​ជួប​សំណេះសំណាល​ជាមួយ​ សម្ដេច​តេ​ជោ​នៅថ្ងៃនេះ មកពី​ស្រុក​មណ្ឌល​សីមា​ចំនួន​៦ និង​ស្រុក​ស្រែអំបិល​ចំនួន​១។ រោងចក្រ​សហគ្រាស​ទាំង​៧​នេះ​ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន​ចំនួន​២, ថៃ​ចំនួន​៣, កូរ៉េ​ចំនួន​១, និង ហូឡង់​ចំនួន​១​។​

លោក អិត សំហេង បាន​បញ្ជាក់ថា រោងចក្រ សហគ្រាស​ទាំងនេះ​រួមមាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​១, ដេរ​ប៉ាក់​ចំនួន​១, ផលិត​ខ្សែ​បង្គំ​អេឡិចត្រូនិក​រថយន្ត​ចំនួន ១, ផលិត​គ្រឿង​អេឡិច​ត្រូនិក​ចំនួន​១, ផលិត​បាល់​ចំនួន​១, ដំឡើង​រថយន្ត​ចំនួន​១ និង ផលិត​ស្ករស​ចំនួន​១។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ផលិតផល​ដែល​ផលិត​បាន​នៅ​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវបាន​នាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​

សព្វថ្ងៃ ​ខេត្ត​កោះកុង​មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន៧៦ មាន​កម្មករ និយោជិត​ចំនួន ១២,៨០៣​នាក់​ ដែលមាន​ប្រាក់​ឈ្នួល​សរុប​៤៣​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ក្នុងនោះ​មាន​ផ្នែក​ឧស្សាហកម្ម​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​បាន​បង្កើត​ឡើង​នៅទីនេះ​។​

លោក អិត សំហេង បានចាត់ទុក​សមិទ្ធផល​លើ​វិស័យ​ឧស្សាហកម្ម​ក្នុង​ខេត្ត​កោះកុង គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​,​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​សន្តិភាព សហ​ប្រតិបត្តិការ​ និង​ការអភិវឌ្ឍ​, ការ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត​, គោលនយោបាយ​ជាតិ ​ស្តីពី​មុខរបរ និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ ស្តីពី​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

សូមបញ្ជាក់ថា ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​បេសកកម្ម​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក កម្មករ និយោជិត នៅ​តាម​រោងចក្រ សហគ្រាស​ ចាប់​តាំងពី​ថ្ងៃ​អាទិត្យ ទី​២០ ខែសីហា ឆ្នាំ​២០១៧ មកដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ជួប​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម និង កម្មករ និយោជិត​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​ចំនួន ៦៥​លើក ដែលមាន​អ្នកចូលរួម​សរុប​៩៣១,៥៧៨​នាក់​។​

តាមរយៈ​បេសកកម្ម​ចុះ​ជួប​កម្មករនិយោជិត​ជា​បន្តបន្ទាប់​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​របស់​កម្មករ និយោជិត និង​បាន​ដាក់​ចេញ​នូវ​នយោបាយ​ជាច្រើន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កម្មករ និយោជិត និង​លើកកម្ពស់​ជីវភាព​រប​ស់​ពួកគេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu