Ad Code

ចាប់​ទៀតហើយ​! ជនសង្ស័យ​ប្រុស/​ស្រី​៨​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​បញ្ជូន​ទៅ​តុលាការ​



​រតនគិរី ៖ កម្លាំង​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​នគរបាល​ខេត្ត​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស/​ស្រី​បាន​ចំនួន​៨​នាក់​។​

​ករណី​ចុះបង្ក្រាប​គ្រឿងញៀន​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃ​អង្គារ ៧​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​មុខសញ្ញា​ជន​សង្ស័យ ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

មន្ត្រី​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វា​ត់ ស្នងការ​រង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការ​នគរបាល​ខេត្ត​។ បន្ទាប់មក កម្លាំង​ជំនាញ​បាន​ធ្វើ​ការសាកសួរ​រួច​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​មុខសញ្ញា​ទៀត ស្ថិត​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ដោយមាន​ការ​សម្របសម្រួល​ពី លោក បូរ៉ា បូរ៉ាន់​ឌី ព្រះរាជអជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​អម​ដោយ​ក្រឡា​បញ្ជី​២​នាក់​ទៀត បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​បាន​មួយ​ចំនួន​ធំ​។

មន្ត្រី​នគរបាល​ជំនាញ​បាន​បន្ត​ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​រួមមាន ៖​
​ទី​១-​ឈ្មោះ អ៊ុំ មិនា​សិរី​រៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​។​
ទី​២-​ឈ្មោះ បូរ៉ា រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​។​
ទី​៣-​ឈ្មោះ បាន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​។​
ទី​៤-​ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​។​
ទី​៥-​ឈ្មោះ ផល សុខ​ខឿន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ​។​
ទី​៦-​ឈ្មោះ ហេង សង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ​។​
ទី​៧-​ឈ្មោះ ហេង ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​។​
ទី​៨-​ឈ្មោះ ហេង តុលា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។​

បន្ទាប់ពី​ សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)២​នាក់ អវិជ្ជមាន​(-)៦​នាក់​ហើយ​បាន​ដកហូត​វត្ថុតាង​រួមមាន ​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៧​កញ្ចប់​(​ធំ​១៥​កញ្ចប់ តូច​០២​កញ្ចប់​) មាន​ទម្ងន់​៨០.៩១​ក្រាម​ទាំង​សំបក​ថង់​
-​ទូរស័ព្ទដៃ ១៣​គ្រឿង​
-​ជញ្ជីង ០១​គ្រឿង​
-​ម៉ូតូ ០១​គ្រឿង​
-​ដាវ​សាំ​ម៉ូ​រៃ ០២​ដើម​
-​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ ​រួមទាំង​វត្ថុតាង​បាន​ឃាត់ ​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu