Ad Code

កម្មករ​សំណង់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​គួរ​ឲ្យ​សង្វេគ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​



តាកែវ ៖ ជនរងគ្រោះ​ ជា​កម្មករ​សំណង់​ម្នា​ក់ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ ​គួរ​ឲ្យ​សង្វេគ ក្រោយ​ជួប​គ្រោះ​ចរាចរណ៍​ ដោយ​ត្រូវ​រថយន្ត​សាំ​យ៉ុង ​បុក​ជាមួយនឹង​ម៉ូតូ​របស់​ខ្លួន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​១០​នាទី នៅមុខ​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ ៧៤-៧៥ ស្ថិត​ក្នុង​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។​

​លោក ឥ​ន្ធ មណ្ឌល អធិការ​នគរបាល​ក្រុង​ដូន​កែវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ​ពណ៌​បៃតង​ចាស់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R 3748 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយពេល​កើត​ហេតុ​ បាន​ទុក​រថយន្ត​ចោល​ រួច​រត់​គេចខ្លួនបាត់​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ ម៉ាក wave ពណ៌​ខ្មៅ បើកបរ​ដោយ​ជនរងគ្រោះ​ ឈ្មោះ សន សុផាត ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ត្នោត​ខាង​កើត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មុខរបរ​កម្មករ​សំណង់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ក្រុង​ដូន​កែវ​ បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​ និង​វាស់វែង​តាម​ជំនាញ រួច​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ និង​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu