Ad Code

សាហាវ​មែន ​ក្រុមអ្នកលេង​ចាក់​សាក់​ តាម​កាប់​គ្នា ដាច់​ប្រអប់ដៃ​ម្ខាង ធ្លាក់​ដី ​គួរ​ឲ្យ​ញាក់​សាច់



ភ្នំពេញ​ ៖ ​បុរស​អ្នកលេង​ចាក់​សាក់​ពេញ​ម្នាក់ ​ត្រូវ​បាន​គូទំនាស់ ​ដែល​ប្រដាប់​ដោយ​កាំបិត​សាំ​ម៉ូ​រ៉ៃ​ តាម​កាប់​ បណ្តាល​ឲ្យ​ដាច់​ត្រឹម​ប្រអប់​កដៃ ​ធ្លា​ក់ដី ​គួរ​ឲ្យ​រន្ធត់​ញាក់សាច់​ ហើយ​ជនដៃដល់ ​ក៏​គេច​ខ្លួន​បាត់​ភ្លាមៗ​ពេល​នោះ​ផងដែរ។

ហេតុការណ៍​តាម​កាប់​ចាក់​គ្នា​ដូច​ក្នុង​ចិន​ហុងកុង​នោះ បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ៧​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២​ត្រូវ​នឹង​ទី ១២ ខែ​មីនា ឆ្នាំ២០១៩ វេលា​ម៉ោង២៣​យប់​ ត្រង់​ចំណុច​តំបន់​មិន​រៀបរយ ​ស្ថិត​ខាងក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែត​ ក្នុងភូមិ​២១ ​ផ្លូវ​លេខ​៨០​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ដែល​ត្រូវគេ​កាប់​ដាច់​ត្រឹម​ប្រអប់​កដៃ​ស្តាំ​នោះ​មាន​ឈ្មោះ ​យស់ គ​ន្ធា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ពុំមាន​មុខរបរ​ពិតប្រាកដ ​ស្នាក់នៅ​ផ្ទះ​ជួល​ ​ម្តុំ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​។​ ចំណែក​ជនដៃដល់​(​ជនល្មើស​)​ ត្រូវគេ​ស្គាល់​ថា​ ឈ្មោះ​ មាស សុភា អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅ​ម្តុំ​ផ្លូវ​៧០ ​ភូមិ​២១​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​(​គេចខ្លួនបាត់)។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា ​នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​ក្រុម​ជន​អ្នកលេង​ដែល​សុទ្ធតែ​ចាក់​សាក់​ពេញៗ​ខ្លួន​ មិនដឹងថា​ ពួកគេ​ចេញពី​ផឹកស៊ី​មានទំនាស់​គ្នា​ពី​កន្លែង​ណា​នោះ​ទេ​ដែល​ភាគី​ទាំងសងខាង​ឃើញ​សុទ្ធ​តែមាន​កាន់​កាំបិត​សាំ​ម៉ូ​រ៉ៃ​ ​ បាន​រត់​មក​កាប់​ចាក់​គ្នា​នៅ​ចំណុច​កើតហេតុ​ ដែល​រត់​ឈូឆរ ​ដេញ​កាប់​គ្នា​ដូច​ក្នុង​រឿង​ចិន​ហុងកុង​ទៅហើយ ​បានធ្វើ​ឲ្យ​ភាគី​ម្ខាង​(​ខាង​រងគ្រោះ​)​នោះ​ គឺ​ត្រូវ​ដាច់​ប្រអប់​កដៃ​ស្តាំ​ម្ខាង ​ដាច់​ធ្លា​ក់ដី​ ដែល​មើលទៅ​គួរ​ឲ្យ​ព្រឺ​ញាក់សាច់​តែម្តង​។​

ប្រភព​ព័ត៌មាន​បា​ន​បន្ត​ទៀត​ថា ​ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​ភាគី​ខាង​រងគ្រោះ ​បើទោះបី​ខ្លួន​ត្រូវ​គេ​កាប់​ដាច់​ប្រអប់​កដៃ​ម្ខាង​ធ្លាក់​ដី​បាត់​ហើយ ​ហាក់ដូចជា​ជនរងគ្រោះ​រូប​នោះ​មិន​បាន​ស្លុត​ស្មារតី​បន្តិច​សោះឡើយ ​ហើយ​នៅតែ​រត់​ដេញតាម​កាប់​ភាគី​បង្ក​វិញ​ តែ​ដេញ​មិនទាន់​ ក៏​ភាគី​បង្ក​នោះ​គេច​ខ្លួន​បាត់​តែម្តង​។​ បន្ទាប់មក​ ក៏​ត្រូវបាន​បក្ខពួក​នាំគ្នា​រើសយក​ប្រអប់​កដៃ​នោះ​ហើយ​នាំមក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ ដើម្បី​គ្រូពេទ្យ​អាចជួយ​សង្គ្រោះ​ដេរ​ដៃ​ដែល​ដាច់​នោះ​បាន​មកវិញ​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា ​គ្រូពេទ្យ​មិនអាច​ត​ភ្ជាប់​ដៃ​ដែល​ដាច់​នោះមក​វិញ​បានឡើយ​(​ពោល​)​គឺ​ត្រូវ​ពិការ​ដៃ​នោះ​មួយជីវិត​ហើយ។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ក្រុមអ្នកលេង​ចាក់​សាក់​កាប់​ចាក់​គ្នា​នោះដែរ​ ត្រូវបាន​គេ​សង្ស័យថា​ អាចជា​រឿង​ពាល​ស៊ី​ពាល​ហើយ ​បានជា​ពួកគេ​តាម​មក​សងសឹក​គ្នា​ដូច្នេះ​នោះ។

ចំណែក​ប៉ូលិស​មូលដ្ឋាន​វិញ ​បាន​បញ្ជាក់​ថា ​ចំពោះ​រឿងហេតុ​នេះ ​នៅ​មិនទាន់​ច្បាស់​ការ​ថា ​វា​ផ្តើម​ចេញពី​រឿងហេតុ​អ្វី​ឡើយ​ ព្រោះ​ភាគី​រងគ្រោះ​កំពុង​ហាក់ដូចជា​លាក់លៀម​រឿងហេតុ​នេះ​។​ តែ​ទោះ​យ៉ាង​ណា ​កម្លាំង​សមត្ថកិច្ច​ជំនាញ​តាម​ស្រាវជ្រាវ​ចាប់​ជនដៃដល់​រូប​នោះមក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu