ព្រឹត្តិការណ៍ប្រកួតក្បាច់គុនចម្រុះ(MMA)ដែលមានឈ្មោះថា ONE: KINGDOM OF KHMER នឹងត្រូវចាប់ផ្តើមបើកការប្រកួត នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះ នៅរោងមហោស្រពកោះពេជ្រ។
កីឡាករ មិនស្គាល់ចាញ់Lowen Tynanes ដែលមកពីរដ្ឋហាវ៉ៃ និង កីឡាកររុស្សីRasul Yakhyaev បានថ្លឹងទម្ងន់ជារួចស្រេច សម្រាប់ការឡើងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់៧០,៣គីឡូក្រាម ជាលើកទី២របស់ONE FC ក្នុងកម្មវិធីប្រកួត ONE Championship នាយប់យប់ថ្ងៃសៅរ៍នេះ។
ONE FC ដែលជាអង្គភាពរៀបចំការប្រកួតយុទ្ធគុន ចម្រុះដ៏ធំជាងគេបំផុតប្រចាំទ្វីបអាស៊ី បានប្រកាសនៅថ្ងៃនេះថា រាល់កីឡាករទាំងអស់បានថ្លឹងទម្ងន់រួចរាល់កាលពីយប់ថ្ងៃទី០៤ធ្នូ និងបានឆ្លើយតបបានកម្រិត នៃទម្ងន់ដែលបានកំណត់ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER ដោយលើកលែងតែកីឡាករម្នាក់គត់ គឺកីឡាករចាន់ រាជ ដែលមិនបានឆ្លើយតបទៅនឹងលក្ខខណ្ឌនៃទម្ងន់ ដែលបានកំណត់ដោយសារទម្ងន់លើស ហើយនិងត្រូវជំនួសដោយកីឡាករឌុន សំអាង។
កីឡាករ Lowen Tynanes វ័យ២៥ឆ្នាំ មកពីរដ្ឋហាវ៉ៃ រំពឹងថា នឹងបង្កើតភាពអស្ចារ្យ ក៏ដូចជារក្សាភាពខ្លាំងរបស់ខ្លួននៅពីមុខអ្នកគាំទ្រកម្ពុជា នៅពេលដែលរូបគេត្រូវប៉ះជាមួយនឹងកីឡាកររុស្ស៊ី Rasul Yakhyaev ក្នុងការប្រកួតកម្រិតគូឯកក្នុងទម្ងន់៧០,៣គីឡូក្រាម។ កីឡាករជើងខ្លាំងរូបនេះ ដែលមានកំណត់ត្រាឈ្នះក្នុងសង្វៀនដាក់ទ្រុងចំនួន៧លើក មិនដែលចាញ់បានកសាងកេរិ៍្ត ឈ្មោះរបស់គេនៅលើទឹកដីអាស៊ីកាលពីឆ្នាំ២០១១ តាមរយៈការឡើងប្រកួតក្បាច់ប្រដាល់ចម្រុះ (MMA) ជាលើកទី១របស់គេនៅប្រទេសជប៉ុន ហើយជ័យជំនះរបស់គេភាគច្រើន មិនមែនបញ្ចប់ដោយការកាត់សេចក្តីដោយពិន្ទុឡើយ។
ដោយឡែក Yakhyaev ក៏ជាកីឡាករជើងខ្លាំងម្នាក់របស់រុស្ស៊ីផងដែរ ខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះ មានកំណត់ត្រាឈ្នះ៩លើក និងចាញ់២លើក ហើយជ័យជំនះ របស់គេភាគច្រើនបានបញ្ចប់ដោយការធ្វើឲ្យដៃគូចុះចាញ់ និងសន្លប់។
គូប្រកួតគូឯកដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀតគឺ ការជួបគ្នារវាងកីឡាករជើងខ្លាំងរបស់ម៉ាឡេស៊ី Gianni Subba (ឈ្នះ៦លើក និងចាញ់១លើក) និងកីឡាករថៃ Anatpong Bunrad (ឈ្នះ៥ លើក និងចាញ់១លើក) ក្នុងទម្ងន់៥៦,៧គីឡូក្រាម។
សម្រាប់ការប្រកួតគូអន្តរជាតិរវាងកីឡាករកម្ពុជា ចាន់ ហេង រំពឹងថា នឹងអាចបង្ហាញភាពសមត្ថភាពដ៏ខ្លាំងរបស់ខ្លួននៅលើឆាកអន្តរជាតិនៅពេលដែលរូបគេប៉ះជាមួយនឹងកីឡាករឥណ្ឌូណេស៊ី Mario Satya Wirawan ក្នុងទម្ងន់៦៥,៨គីឡូក្រាម។
កីឡាករចាន់ រតនា រំពឹងថា អាចស្តារមុខមាត់របស់ខ្លួនរបស់មកវិញ នៅពេលដែលត្រូវធ្វើការប្រកួតសងសឹកជាមួយនឹងកីឡាករសំអាង ឌុន ក្រោយពីរូបគេបានចាញ់ទាំងចម្រូងចម្រាសក្នុងការប្រកួត ONE: Rise of the Kingdom កាលពីឆ្នាំមុន នៅលើសង្វៀនដូចគ្នានេះ ដោយសារតែបានធ្វើខុសទៅនឹងលក្ខន្តិកៈនៃការប្រកួត។
រតនា វ័យ២៩ឆ្នាំ ដែលឈ្នះ៣លើក និងចាញ់១ បញ្ជាក់ថា រូបគេកំពុងតែត្រៀមលក្ខណៈរួចជាស្រេចដើម្បីលុបលាងនូវអ្វីដែលរូបគេបានបាត់បង់។
កីឡាកររូបនេះបានឲ្យដឹងថា «ខ្ញុំត្រៀមលក្ខណៈរួចរាល់ហើយ និងខ្ញុំពិតជាចង់លុបលាងនូវអ្វីដែលខ្ញុំបានបាត់បង់។ ខ្ញុំមានអារម្មណ៍រំភើប និងប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំដឹងថា គូរបស់ខ្ញុំខ្លាំងចំណុចណា ហេតុនេះ ខ្ញុំក៏មានស្នៀតទប់ទល់ផងដែរ»។ សម្រាប់សំអាង ឌុន ដែលឈ្នះ៥លើក និងចាញ់២លើក បានបញ្ជាក់ថា «ខ្ញុំមិនហ៊ានមើលស្រាលលើដៃគូឡើយ ព្រោះគេខ្លាំង ប៉ុន្តែ ខ្ញុំនឹងប្រើប្រាស់កណ្តាប់ដៃរបស់ខ្ញុំ ដើម្បីផ្តួលឲ្យគេសន្លប់ និងចាញ់ម្តងទៀត»។
ជាមួយគ្នានេះ អ្នកលេងក្បាច់ល្បុក្កតោ សំ ថារ័ត្ន (ឈ្នះ២ ចាញ់១) នឹងត្រូវឡើងប្រកួតជាមួយនឹងកីឡាការិនីរូបស្រស់ Jeet Toshi (ឈ្នះ២ ចាញ់២) របស់ឥណ្ឌា ក្នុងទម្ងន់៤៨គីឡូក្រាម ខណៈដែលការប្រកួតក្នុងសង្វៀនដាក់ទ្រុងរបស់ ONE លើកចុងក្រោយរបស់កីឡាការិនីទាំងពីរសុទ្ធសឹងបានបញ្ចប់ដោយការបរាជ័យក្រោមស្នាដៃកីឡាការិនី ហ្វីលីពីន Jujeath Nagaowa ដូចគ្នា។
ក្នុងការប្រកួតរវាងគូនារីមួយគូទៀត កីឡាការិនីអេ យ៉ានុតនឹងភ្លក្សរសជាតិនៃការបង្ហាញខ្លួននៅលើសង្វៀនដាក់ទ្រុងជាលើកទី១នៅពេលជួបជាមួយនឹងកីឡាការិនីវី ស្រីឆៃ។
សម្រាប់ការប្រកួតរវាងកម្ពុជា និងកម្ពុជាគូផ្សេងទៀត ជើងខ្លាំង មាស ម៉ើ នឹងត្រូវប៉ះជាមួយនឹងជើងថ្មី ចាន់ សំអាង ខណៈដែលស៊ីន ប៊ុនស្រ៊ុន នឹងឡើងប្រកួតជាមួយនឹង ខុន ស៊ីចាន់។ ដោយឡែក កីឡាករសរ សី នឹងត្រូវជួបជាមួយនឹង ជីម ចិត្រា ហើយ រិន សារ័ត្ន ត្រូវប៉ះជាមួយ មីស្លីន អាលី៕
ONE: KINGDOM OF KHMER ចាប់ផ្តើមយប់នេះ
0 Comments