Ad Code

ឆ្នាំ​២០១៤ តុលាការ​បាន​ដោះលែង​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងតិច​ចំនួន​២៣​ករណី​

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជូន សុវណ្ណ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​ ក្នុង​អំឡុង​ឆ្នាំ​២០១៤​កន្លងទៅ តុលាការ​បាន​ដោះលែង​មិន​ប្រក្រតី​ពាក់ព័ន្ធ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងតិច​ចំនួន​២៣​ករណី​។
លោកស្នងការ​បាន​លើក​ឡើង​បែបនេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការប្រកាស​បង់ពន្ធ និង​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​ សំណុំរឿង​មិន​ប្រក្រតី​ក្នុង​ការ​ដោះលែង​ជន​បង្ក​ភាគច្រើន​ជា​ករណី​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​។ ជា​មួយ​គ្នា​នេះ​លោក​បាន​ស្នើ​ឲ្យ​ជួយ​ពិនិត្យមើល​ករណី​នេះ​ឡើងវិញ​ផង​ដែរ។​
លោកស្នងការ​បាន​លើក​ឡើង​ថា​« ប្រសិនបើ​យើង​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ជនល្មើស​រួច​ខ្លួន​ចំពោះមុខ​ច្បាប់​នោះ​ ជន​នោះ​មិន​រាងចាល​ទេ។ ជាក់ស្តែង​ជនល្មើស​បើក​បុក​រនាំង​ដែក សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូន​ទៅ​តុលាការ តែ​ត្រូវ​បាន​តុលាការ​ដោះលែង​បាត់​»
លោកស្នងការ​បាន​បន្ថែម​ថា​ «​ខ្ញុំ​សូម​សំណូមពរ​ហើយ​សំណូមពរ​ទៀត សំណូមពរ​យ៉ាង​ទទូច​ថា គឺ​សុំ​ឲ្យ​មានការ​ជម្រះក្តី​នៅពេល​ជម្រះក្តី​ពេលណា ត្រូវ​ដាក់​ពន្ធនាគារ ឧទាហរណ៍​ថា ត្រូវ​ដាក់​ទោស​៦​ខែ តែ​ទោស​នោះ​ត្រូវ​ព្យួរ​អីចឹង​ជន​នោះ​មានទោស​ហើយ ដល់ពេល​នោះ​មនុស្ស​នោះ​ត្រូវ​ជាប់​ទោស​ពី​បទ​បើកបរ​មិន​គោរព​ច្បាប់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​បើកបរ​បង្ក​គ្រោះ​ដល់​អ្នកដទៃ ហើយ​រត់គេច​ពី​ការទទួលខុសត្រូវ ឬ​បើកបរ​គ្មាន​ច្បាប់​»។​
លោក​ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​ហៅ​ការ​ដោះលែង​បទល្មើស​ចរាចរណ៍​ណាមួយ​ពី​សំណាក់​តុលាការ ថា​ជា​នីតិវិធី​របស់​តុលាការ។ យ៉ាងណាក៏ដោយ លោក ហ៊ឹម យ៉ាន បាន​រំពឹង​ទុក​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹង​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន ខណៈ​ច្បាប់​ថ្មី​នេះ​បាន​ចែង​យ៉ាង​សុ​ក្រឹត្យ និង​សម​ស្របតាម​កាលៈទេសៈ ដែល​អាច​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍​បាន។ សារ​ព័ត៌មាន​នគរបាល​ជាតិ​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ។​
លោក​ គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កម្ពុជា​នឹង​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ជាង​ច្បាប់​ចាស់។ ជា​មួយ​គ្នា​នេះ​លោក​បាន​លើក​ឡើង​ថា ច្បាប់​ថ្មី​នឹង​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស ព្រមទាំង​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផង​ដែរ។ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាន​១២​ជំពូក និង​៩២​មាត្រា។ ច្បាប់​នេះ​បាន​បង្ហាញ​ពី​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស ក្នុង​នោះ​មាន​ការ​ចាប់​ពិន័យ​នៅពេល​ពិនិត្យ​ឃើញ​ថា អ្នកបើកបរ​មាន​ជាតិ​អាកុល​ក្នុង​ខ្លួន ចាប់ពី​០,៤០ មិល្លីក្រាម ក្នុង​មួយ​លីត្រ​ខ្យល់​ឡើង​ទៅ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​៨០​ម៉ឺន​រៀល ទៅ​៤​លាន​រៀល​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ជាដើម៕
សំអឿន​

Post a Comment

0 Comments

Close Menu