បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់ដែរ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមមនុស្សជាច្រើនដែលកំពុងទទួលទានអាហារនៅក្នុងអាហារដ្ឋានមួយកន្លែងយីហោ "ប៉េង សៅចាន់" ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីមានយុវជនម្នាក់ដែលញៀនថ្នាំខ្លាំងពេករហូតដល់មានសភាពបែកថ្នាំ បានទាញយកកន្ត្រៃមកដេញចាក់គេឯងទាំងកំរោល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៦និង៤០នាទីល្ងាច។
យោងតាមប្រភពមួយចំនួនដែលនៅទីនោះបាននិយាយថា នៅក្នុងខណៈពេលដែល
មនុស្សម្នាកំពុងទទួលទានចំណីអាហារនៅក្នុងអាហារដ្ឋានខាងលើនោះ ស្រាប់តែគេឃើញមាន
យុវជនម្នាក់បានកាន់កន្ត្រៃរត់ចូលមកក្នុងហាង ហើយដេញចាក់គេឯងធ្វើឲ្យមានការភ្ញាក់ផ្អើល
និងជ្រួលច្របល់យ៉ាងខ្លាំងពេញក្នុងអាហារដ្ឋាន ព្រមទាំងធ្វើឲ្យមនុស្សចំនួន៤នាក់បានរងរបួស
ជាទម្ងន់ ប៉ុន្តែនៅពេលនោះដែរ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនដែរដើម្បីប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ច។ ជនរងគ្រោះទាំង៤នាក់នោះមានឈ្មោះ ១-ប៉េង សៅចាន់ ភេទប្រុស អាយុ៦០ឆ្នាំ (ម្ចាស់ហាង)រងរបួសចំនួន៣កន្លែង , ២-ចាន់ វណ្ណ: ភេទស្រី អាយុ២៥ឆ្នាំ រងរបួសចំនួន២កន្លែង, ៣-ចាន់ ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ របួស១កន្លែង និង៤-ចេង ម៉ៅ ភេទស្រី អាយុ៣៥ឆ្នាំ របួស១កន្លែង ហើយជនរងគ្រោះទាំងអស់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យអ៊ីមេចិនស៊ីបាត់ដំបង។
លោកអធិការរង សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស៊ុត ម៉ៅ ហៅស្នាភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្បែរចំណុចកើតហេតុ និងមានមុខរបរជាជាងកាត់សក់ ហើយកន្លងមកជននេះធ្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សាហាវផងដែរ។ ប៉ុន្តែនៅពេលនេះគឺសមត្ថកិច្ចបានសន្និដ្ឋានអំពីមូលហេតុថាអាចបណ្ដាលមកពីការបែកថ្នាំទើបគេហ៊ានចូលទៅបង្ករបួសស្នាមគ្មានខ្លាចអ្នកណាបែបនេះ បច្ចុប្បន្នសមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
សោ និយមរ័ត្ន
0 Comments