Ad Code

ក្រសួង​ធនធានទឹក​ បដិសេធ​ គ្មាន ​ការ​បាក់​ទំនប់​របស់​រដ្ឋ ក្នុង​ខេត្តកំពង់ស្ពឺ​នោះ​ទេ សូម ប្រជាពលរដ្ឋ​កុំ​ព្រួយ​បារម្ភ



ភ្នំពេញ ​៖ ​លោក​ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​មក​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ គ្មាន ​ការ​បាក់​ទំនប់​របស់​រដ្ឋ ក្នុង​ខេត្តកំពង់ស្ពឺ ធ្វើ​ឲ្យ​មានការ​លិចលង់​ខ្លាំង​នៅ​តំបន់​នោះ​ទេ សូម ប្រជាពលរដ្ឋ​កុំ​ព្រួយបារម្ភ។
ការ​ចេញមុខ​មក​​បដិសេធ​របស់ អ្នកនាំពាក្យ ក្រសួង​ធនធានទឹក​នេះ​ បាន​ធ្វើឡើង​ក្រោយពី​មាន​ពាក្យ ចចាមអារ៉ាម​ និង​បំផុសបំផុល នៅ​តាម​បណ្តាញ​សង្គម ស្ដីពី​ការ​បាក់​ទំនប់​របស់​រដ្ឋ ក្នុង​ខេត្តកំពង់ស្ពឺ​ទើប ធ្វើ​ឲ្យ​មានការ​លិចលង់​ខ្លាំង​នៅ​តំបន់​នោះ​។​

​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ​ថា ពុំ​មាន​ព័ត៌មាន​បាក់​ទំនប់​របស់​រដ្ឋ បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​នៅក្នុង​ខេត្តកំពង់ស្ពឺ​នោះ​ឡើយ ហើយ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក៏​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ទំនប់​របស់​រដ្ឋ​ធ្ងន់ធ្ងរ​នោះទេ ដូច្នេះ​សូម​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ ពុំ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​។​

អ្នកនាំពាក្យ បញ្ជាក់​ទៀត​ថា ព័ត៌មាន​ដែល​បាន​កើត​ឡើង​នេះ គឺ​ប្រជាពលរដ្ឋ​សំដៅ​ទៅលើ​ទំនប់​មួយ ឈ្មោះ «​ទំនប់​តា​ស៊ុយ​» ស្ថិតនៅ​ឃុំ​បរសេដ្ឋ​ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​បាន​ប្រះ​ស្រាំ និង​បែក​ធ្លាយ ប៉ុន្តែ​ទំនប់​នេះ​ជា​ទំនប់​ដែល​កើតឡើង​ដោយ​សប្បុរសជន​មួយចំនួន បាន​ចូល​ជា​ថវិកា​សម្រាប់​សាងសង់ ហើយ​មាន​សមត្ថភាព​ផ្ទុក​ទឹក​ត្រឹម​ជាង​២០​ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ។ ដោយឡែក សម្រាប់ ទំនប់​ដែល​សាងសង់​ដោយ​រដ្ឋ​ផ្ទុក​ទឹក​រាប់លាន​ម៉ែត្រគូប ពុំមាន​បញ្ហា​អ្វី​នោះទេ រាប់ទាំង​នៅក្នុង​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ និង​បណ្ដា​ខេត្ត​ផ្សេងទៀត​។​

លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​នេះ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត មានការ​ស្រក​ជា​បណ្ដើរៗ ដោយសារតែ​ផ្នែក​ខាងលើ​នៃ​ស្ទឹង​ស្រែខ្លុង ក៏បាន​ថមថយ​ទៅហើយនោះ។ ត្រង់ចំណុច​នេះ លោក​ពន្យល់ថា ស្ទឹង​ព្រែក​ត្នោត ទទួល​ទឹក​ពី​ស្ទឹង​ចំនួន​៣ គឺ​ទី​១៖ ស្ទឹង​ស្រែខ្លុង​, ទី​២៖ ស្ទឹង​តា​សាល និង​ទី​៣៖ ស្ទឹង​ឃ្លៀច ដែល​ស្ទឹង​ទាំង​៣​នេះ បាន​ហូរ​មក​ចំណុចប្រសព្វ​ពាម​ជ្រៃ ហើយ​នៅក្រោម​ចំណុច​ពាម​ព្រៃ​នេះ គឺ​ស្ទឹង​ព្រែក​ត្នោត​តែម្ដង​។ ប៉ុន្ដែ​ក្នុងចំណោម​ស្ទឹង​ទាំង​៣ ដែល​ហូរ​ចាក់​មក​ស្ទឹង​ព្រែក​ត្នោត គឺ​ស្ថានភាព​ទឹក​ឡើង​ខ្ពស់ មានតែ​ស្ទឹង​ស្រែខ្លុង​មួយ​ប៉ុណ្ណោះ​។​

លោក​បន្ដទៀតថា សម្រាប់​ស្ទឹង​ស្រែខ្លុង ក្នុង​រយៈពេល​៣-៤​ថ្ងៃ​មកនេះ ទទួល​ទឹកភ្លៀង​ជិត​៤០០​មិល្លីម៉ែត្រ ដែល​ធ្វើ​ឲ្យ​មានការ​កើនឡើង ប៉ុន្ដែ​រហូត​មក​ដល់​ពេលនេះ មានការ​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ​។​

​លោក បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ លោក លឹម គា​ហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ក្រោយ​ទឹកជំនន់​ហាក់​ហក់​ឡើង​ខ្លាំង ដោយ​តំបន់​ខ្លះ​ឈាន​ដល់​ចំណុច​ដែល​ត្រូវ​ប្រកាស​អាសន្ន​។​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​ស្រែខ្លុង និង​ស្ទឹង​២​ផ្សេងទៀត ដែល​ហូរ​ចាក់​ចូល​ទៅ​ស្ទឹង​ព្រែក​ត្នោត​រួចមក លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ការណែនាំ​ដល់​ក្រុម​មន្ត្រី​បច្ចេកទេស ដោយ​បែង​ចែក​ជា​៦​ក្រុម ដើម្បី​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លើក​បញ្ហា​នេះ។

ក្រុមទី​១ ​៖​ ត្រូវ​ប្រចាំការ​តាមដាន​លើ​ស្ថានភាព​ទឹកជំនន់ និង​របាយ​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួច​, ក្រុមទី​២៖ ត្រូវ​ប្រចាំការ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ ហើយ​ត្រូវ​បន្ត​បើកទ្វារ​ទាំងអស់​ទម្លាក់​កម្ពស់​ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ទាប ដើម្បី​ស្រូប​យក​ទឹកជំនន់ ពី​ស្ទឹង​ស្រែខ្លុង​បាន​លឿន​, ក្រុម​ទី​៣៖ ដែល​កំពុង​ប្រចាំការ​នៅ​ទំនប់​៧​មករា (​កំពង់ទួល​) ត្រូវ​បន្ត​រំដោះ​ទឹក​ចេញ​បន្ថែម ដើម្បី​កុំ​ឲ្យ​ចាល់​ទឹក​ដែល​ទម្លាក់​ពី​កំពង់ស្ពឺ​ទៅ ហើយ​ពេល​ទឹក​ពី​កំពង់ស្ពឺ ទៅដល់​កំពង់ទួល ក្រុមការងារ​ត្រូវ​ចាត់ចែង​បែងចែក​ទឹក​នេះ​ជា​០២​ផ្នែក គឺ​មួយ​ផ្នែក​ត្រូវ​បង្វែរ​ចូល​ទៅ​ទន្លេបាទី តាមរយៈ​ប្រឡាយ​លេខ​៧៨ និង​តាមរយៈ​ស្ទឹងតូច ឯ​មួយ​ផ្នែក​ទៀត ត្រូវ​ទម្លាក់​តាម​ព្រែក​ហូរ ចូល​ទៅ​ទន្លេបាសាក់​។​

​ក្រុមទី​៤ និង​ក្រុមទី​៥៖ ត្រូវ​ប្រចាំ​ការតាមដាន​ស្ថានភាព​ទឹក និង​របាយ​ទឹកភ្លៀង នៅ​ស្ទឹង​តា​សាល ស្ទឹង​ឃ្លៀច និង​ស្ទឹង​អូរ​តូចៗ​មួយ​ចំនួន​ទៀត ដែល​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត និង​ក្រុម​ទី​៦៖ (​ក្រុម​គ្រឿងចក្រ​ធុន​ធ្ងន់​) ត្រូវ​ត្រៀមលក្ខណៈ​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​អន្តរាគមន៍​ក្នុងករណី​ចាំបាច់ ក៏ដូចជា​ត្រៀម​ជួសជុល​ឡើងវិញ​ជាបន្ទាន់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ដែល​អាច​រង​ការខូចខាត​ដោយ​ទឹកជំនន់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu