Ad Code

ប្រទេស​សិង្ហ​បុរី​និយាយ​ថា ពួក Hacker បាន​លួច​ទិន្នន័យ​សុខាភិបាល​មនុស្ស​១.៥​លាន​នាក់​នៅក្នុង​ការវាយប្រហា​រ​តាម​អ៊ីនធឺណិត



អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួក Hacker បាន​លួច​ទិន្នន័យ​សុខភាព​របស់​ពលរដ្ឋ​សិង្ហ​បុរី​ចំនួន​១.៥​លាន​នាក់​រួមទាំង​លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong ផងដែរ​។​

ក្រសួងសុខាភិបាល​និង​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​សិង្ហ​បុរី​បាន​និយាយថា ទិន្នន័យ​របស់​រដ្ឋាភិបាល​ត្រូវបាន​វាយប្រហារ​ដោយ​ចេតនា តម្រង់​គោលដៅ​និង​រៀបចំ​ផែនការ​បាន​យ៉ាង​ល្អ​។ ក្រសួង​ទាំង​ពីរបាន​ហៅ​ការវាយប្រហារ​នេះ​ថា “​មិន​ធ្លាប់មាន​ពីមុនមក​”​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Gan Kim Yong បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​អ្នក​វាយប្រហារ​បានកំណត់​គោលដៅ​ជាពិសេស​និង​ម្តង​ហើយ​ម្តងទៀត​ទៅលើ​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ព័ត៌មាន​ជំងឺ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី Lee Hsien Loong”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមមន្ត្រី​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​អត្តសញ្ញាណ​របស់​ពួក Hacker ដោយ​លើកឡើង​ពី​បញ្ហា “​សន្តិសុខ​ប្រតិ​ប​តិ្ត​ការ​” ប៉ុន្តែ​បាន​និយាយថា ទិន្នន័យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​មិនបាន​បង្ហាញ​លើ​អ៊ីនធឺណិត​នៅ​កន្លែង​ណាមួយ​ទេ​។​

អាជ្ញាធរ​បាន​និយាយថា ពួក Hacker បាន​ប្រើប្រាស់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​មេរោគ​ដើម្បី​ទទួលបាន​ការចូលទៅ​មើល​ទិន្នន័យ​ចន្លោះ​ថ្ងៃទី​២៧​ខែមិថុនា​ដល់​ថ្ងៃទី​៤​ខែកក្កដា​មុនពេល​អ្នកគ្រប់គ្រង​បាន​ប្រទះឃើញ “​សកម្មភាព​មិនធម្មតា​”​។​

ក្រសួងសុខាភិបាល​និង​ក្រសួង​គមនាគមន៍​បាន​និយាយថា ទិន្នន័យ​ទាំងនោះ​រួមមាន​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ការផ្តល់​ថ្នាំ​ដល់​អ្នកជំងឺ​ប៉ុន្តែ​កំណត់ត្រា​វេជ្ជសាស្ត្រ​និង​កំណត់ត្រា​ព្យាបាល​មិនត្រូវ​បាន​ប៉ះពាល់​នោះទេ​។​

កាលពី​អតីតកាល ពួក Hacker មួយចំនួន​បាន​យក​ទិន្នន័យ​និង​កម្មវិធី​ដែល​លួចបាន​ដើម្បី​លក់​តាម​អ៊ីនធឺណិត​។​

ប្រទេស​សិង្ហ​បុរី​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រព័ន្ធ​ឌីជីថល​និង​សេវាកម្ម​សំខាន់ៗ​រាប់បញ្ចូល​ទាំង​កំណត់ត្រា​វេជ្ជសាស្ត្រ​ផងដែរ​ដែល​មន្ទីរពេទ្យ​និង​គ្លីនិក​រដ្ឋ​អាច​ចែករំលែក​តាមរយៈ​ប្រព័ន្ធ​ទិន្នន័យ​កណ្តាល​៕ AFP


 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu