Ad Code

លោក ខឹម វាសនា ​៖ យុទ្ធនាការ​ម្រាមដៃ​ស្អាត ជា​សកម្មភាព​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែ​គេ​កំពុង​បារម្ភ​ថា ការអំពាវនាវ​នេះ នឹង​បរាជ័យ​



​ភ្នំពេញ ​៖ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អះអាងថា ការធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​ក្រុម​លោក សម រង្ស៊ី គឺ​ដើម្បី​ផលប្រយោជន៍​ខ្លួន ប៉ុន្តែ​សកម្មភាព​នេះ មិន​ចេះតែធ្វើ​បានទេ ហើយ​មកដល់ពេលនេះ គេ​កំពុងតែ​បារម្ភ​ថា ការអំពាវនាវ​ឲ្យ​ម្រាមដៃ​ស្អាត​នេះ នឹង​បរាជ័យ ទើប​គេ​មាន​គម្រោង​បាតុកម្ម​នៅ​ថ្ងៃ​ស ដើម្បី​ឈប់​កុំ​ឲ្យ​សកម្មជន​របស់ខ្លួន​ចេញទៅ​បោះឆ្នោត​។​

លោក ខឹម វាសនា លើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ស្តីពី​ជំហរ​របស់​គណបក្ស ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ជាពិសេស​ទាក់ទង​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​នៅពេល​បោះឆ្នោត​។

លោក ខឹម វាសនា ថ្លែង​យ៉ាងនេះ​ថា “​ការអំពាវនាវ​ឲ្យ​ម្រាមដៃ​ស្អាត​នេះ គឺ​ដើម្បី​ផលប្រយោជន៍​ខ្លួន​របស់​ពួកគេ​ទេ ក៏ប៉ុន្តែ​បងប្អូន វា​មិន​ចេះតែធ្វើ​បានទេ គេ​កំពុងតែ​មានការ​បារម្ភ​ថា ការអំពាវនាវ​ឲ្យ​ម្រាមដៃ​ស្អាត​របស់​ពួកគេ ថា​នឹង​បរាជ័យ ហេតុ​អី​ខ្ញុំ​ថា បរាជ័យ គេ​មាន​អារម្មណ៍​ថា​បរាជ័យ ពីព្រោះ​គេច​ង់​ធ្វើបាតុកម្ម​ធំ នៅ​ថ្ងៃ​ស ជាពិសេស​បាតុកម្ម​នៅក្រៅ​ប្រទេស ខ្ញុំ​ថា អាហ្នឹង​បែប​អត់​ទុកចិត្ត​អាការ​អំពាវនាវ​ហ្នឹង បាន​អត់​ទុកចិត្ត​ការអំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ហ្នឹង​ទេ​។ ចឹ​ង​ហើយ​បាន​ខិតខំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ស​ហ្នឹង​ណា ដើម្បី​កុំ​ឲ្យ​គេ ទៅ​បោះឆ្នោត ចឹ​ង​មានន័យថា ការអំពាវនាវ​ហ្នឹង​អត់​ប្រសិទ្ធភាព​ទេ​”​។​

តាម​លោក ខឹម វាសនា “​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ហ្នឹង ភាគច្រើន​ពួក​អា​ដើរ​ក្រឡុក ក្រឡុក​តាម​ហ្វេ​ស​ប៊ុ​ក តាម​អីហ្នឹង​ណា វា​ដើរ​និយាយ​ហើយ​...​សរុបមក​អា​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ មិនមែន​ដើម្បី​ប្រទេសជាតិ​ទេ ដើម្បី​មុខមាត់​របស់​វា។ ខ្ញុំ​គិតថា មាន​២០ ទៅ​៣០​ភាគរយ មិន​ទៅ​បោះឆ្នោត ហើយ​៧០ ភាគរយ​នឹង​ទៅ​បោះឆ្នោត ចឹ​ង​ការ​ដែលថា ម្រាមដៃ​ស្អាត​ហ្នឹង​បរាជ័យ​ហើយ ទី​១ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិនមែន​ដើម្បី​ប្រយោជន៍​ជាតិ ទី​២ អា​មធ្យោបាយ​ហ្នឹង​បរាជ័យ មិនបាន​សម្រេច​ទេ​”​។​

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា លើកឡើង​ដែរ​ថា ស្ថានភាព​បច្ចុប្បន្ន​មិនមាន​គណបក្ស​ណា​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ហើយក៏​មិនអាច​ទៅ​ពឹង​បរទេស ឲ្យ​មក​គាបសង្កត់​រាជរដ្ឋាភិបាល ហើយ​មិនអាច​ប្រើ​បាតុកម្ម​ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​បានដែរ ដូច្នេះ​នៅ​កម្ពុជា ការបោះឆ្នោត គឺជា​ជម្រើស​តែមួយគត់​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​មិនអាច​អ្នកណា​យកឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ចឹ​ង​លទ្ធផល​ខ្ញុំ​គិតថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ ប៉ុន្តែ​យើង​មិនអាច​ទៅ​ពឹង​បរទេស​មក​គាបសង្កត់​រាជរដ្ឋាភិបាល​បានទេ យើង​មិនអាច​ប្រើ​បាតុកម្ម​ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា អត់​អាច ដូច្នេះ​ការបោះឆ្នោត​ទៅ​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ គឺ​វា​ជា​ផ្លូវ​តែមួយគត់​...​បាតុកម្ម ឬ​ពឹងពាក់​បរទេស​មិនមែនជា​ផ្លូវ​ទេ​”​។​

លោក ខឹម វាសនា លើកឡើង​ដែរ​ថា កាល​លោក​នៅ​ជាមួយ​លោក សម រង្ស៊ី លោក​បាន​មើលឃើញថា នៅក្នុង​គណបក្ស​នោះ បរិបូណ៌​ទៅដោយ​មនុស្ស​ចាក់រុក ឆ្កឹះឆ្កៀល បំប៉ោង​សភាព​ការណ៍ វា​មិនមែនជា​គណបក្ស​មួយ​ស្រឡាញ់​ប្រទេសជាតិ ឬ​ជា​គណបក្ស ដែល​អាចដឹកនាំ​ប្រទេស​បាន​នោះទេ ហេតុនេះហើយ​បានជា​លោក​ចាក​ចេញមក​បង្កើត​គណ​បក្ស​មួយ ហើយ “​ខ្ញុំ​យល់ថា គណបក្ស​ហ្នឹង​ថ្ងៃ​ណាមួយ​គង់​នឹង​រលាយ​ទេ ពីព្រោះ​បើទោះបីជា​រដ្ឋាភិបាល​ហ្នឹង ជា​គណបក្ស​ថ្មី ក៏​មិនអាច​ទទួលយក​បានដែ​រ អ្នកណា​ទុក​បាន ចង្រៃ​ខ្លាំងណាស់ ខ្ញុំ​ថា​មិន​ត្រូវមាន​វត្តមាន​គណ​បក្ស​បែប​ហ្នឹង​នៅ​ស្រុក​ខ្មែរ​ទេ​។ ចឹ​ង​ហើយ​បានជា​សកម្មជន​ថា​តាម​មេ​វា ថា​ខ្ញុំ​ជា​ក្មួយ ជាម យៀប ថា​ជា​អាយ៉ង​ស្អីៗ​ហ្នឹង ខ្ញុំ​ថា​ហ្អែ​ង​ចាំមើល ពាក្យសម្តី​ហ្នឹង​ខ្ញុំ​បាន​សរសេរ​ទុក​ក្នុង​ហ្វេ​ស​ប៊ុ​ក​យូរហើយ តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​រលា​យមក​ម្លេះ ខ្ញុំ​ថា​ហ្អែ​ង​ចាំមើល​អ្នកណា​រលាយ​មុន ហើយ​រលាយ​ហ្នឹង​ហ្អែ​ង​កុំ​ថា មកពី​គណបក្ស​ប្រជាជន គឺ​មកពី​អត្តចរិត​គណបក្ស​ហ្អែ​ង​វា​ចឹ​ង គេ​អត់អោន​ឲ្យ​មិនបាន កុំ​ថា​តែ​គណបក្ស​ប្រជាជន រដ្ឋាភិបាល​គណបក្ស​ណា​ក៏​គេ​មិនអាច​អត់អោន​ឲ្យ​បានដែរ​។ ចឹ​ង​សរុបមក​គណបក្ស​ហ្នឹង​មិនគួរ​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​ទេ​។ ពីព្រោះ​បើ​យើង​ចង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ល្អ ចុះបើ​យក​គណបក្ស​បែបនេះ​ហ្នឹង ទៅ​ម៉េច​រួច​។ វា​អត់​មានការ​លះបង់ វា​មានតែ​ការប្រមូលផ្តុំ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន រួចហើយ​ធ្វើ​នយោបាយ បង្កើត​គោលនយោបាយ ដើម្បី​ទាក់​យក​សន្លឹកឆ្នោត​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu