Ad Code

អ៊ីស្រាអែល​វាយប្រហារ​តំបន់​ហ្គា​ហ្សា ​បន្ទាប់ពី​ទាហាន​ត្រូវ​បាន​សម្លាប់



កងកម្លាំង​អ៊ីស្រាអែល​ បាន​បើក​ការវាយប្រហារ​សម្លាប់​ម​នុស្ស​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ទាហាន​ម្នាក់​ ត្រូវ​បាន​បាញ់សម្លាប់​នៅ​តាម​បណ្តោយ​ព្រំដែន។

អ្នកនាំពាក្យ​ក្រុម​ឥស្លាម​និយម​ហា​ម៉ាស​របស់​តំបន់​ហ្គា​ហ្សា​បាន​និយាយថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​ត្រូវបាន​ឈានដល់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បន្ទាប់ពី​មានការ​សម្រុះសម្រួល​រប​ស់​អេ​ហ្ស៊ី​ប​និង​អង្គការសហប្រជាជាតិ​ដែលជា​ហេតុ​កាត់បន្ថយ​ភាពភ័យខ្លាច​នៃ​ជម្លោះ​កាន់តែ​ធំ​។​

កាលពី​ថ្ងៃ​សុក្រ សកម្មប្រយុទ្ធ​ហា​ម៉ាស​ចំនួន​៣​នាក់​ត្រូវបាន​សម្លាប់​នៅពេល​ការ​វាយឆ្មក់​ដែនអាកាស​បាន​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា​ខណៈ​អ៊ីស្រាអែល​និយាយថា គ្រាប់​រ៉ុក្កែត​ត្រូវបាន​បាញ់​តបត​ដាក់​ទឹកដី​របស់ខ្លួន​វិញ​។​

អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឲ្យ​ដកថយ​បន្ទាប់ពី​ការកើនឡើង​ភាព​តានតឹង​រាប់​ខែ​ខណៈ​ជនជាតិ​ប៉ា​ឡេ​ស្ទី​នទី​បួន​ត្រូវបាន​បាញ់សម្លាប់​អំឡុង​ការតវ៉ា​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល​។​

ការផ្ទុះ​ឡើង​នេះ​គឺជា​ហេតុការណ៍​ចុងក្រោយ​បំផុត​បន្ទាប់ពី​ការធ្វើ​បាតុកម្ម​និង​ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ចាប់តាំងពី​ខែមីនា​មក​បានធ្វើ​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១៤៩​នាក់​ស្លាប់​។​

កងទ័ព​បាន​និយាយថា ក្រុម​ភេរវជន​បាន​បាញ់សម្លាប់​ទាហាន​នៅតាម​ព្រំដែន​ជាមួយ​តំបន់​ហ្គា​ហ្សា​ភាគខាងត្បូង​ប៉ុន្តែ​មិនបាន​បញ្ចេញ​ឈ្មោះ​របស់គាត់​ទេ​។​
​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់ AFP ថា វា​ជា​លើកទីមួយ​ហើយ​ដែល​ទាហាន​អ៊ីស្រាអែល​ត្រូវបាន​សម្លាប់​នៅក្នុង​ឬ​នៅ​ជុំវិញ​តំបន់​ហ្គា​ហ្សា​អំឡុង​ប្រតិបត្តិការ​ចាប់តាំងពី​ស​ង្គ្រា​ម​ថ្មី​បំផុត​ក្នុង​ឆ្នាំ​២០១៤​។​

យោធា​អ៊ីស្រាអែល​បាន​និយាយថា យន្តហោះ​និង​រថក្រោះ​របស់ខ្លួន​បាន​តម្រង់​គោលដៅ​លើ​ទីតាំង​របស់​ក្រុម​ហា​ម៉ាស​ចំនួន​៤០​កន្លែង​ហើយ​ថា ការវាយប្រហារ​ត្រូវបាន​បង្កើត​ឡើងជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់ប្រហារ​នៅតាម​ព្រំដែន​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ AFP បាន​និយាយថា ការ​វាយឆ្មក់​តាម​អាកាស​បាន​បន្ត​ចូលដល់​ល្ងាច​ថ្ងៃ​សុក្រ​ដោយមាន​ការផ្ទុះ​ជាច្រើន​នៅតាម​តំបន់​ផ្សេងៗ​នៃ​តំបន់​ហ្គា​ហ្សា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu