ភ្នំពេញ ៖ បុរសម្នាក់ ជាបុគ្គលិកធនាគារឯកជនមួយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចោទពីបទប្រទូស្តកេរខ្មាសទាំងបំពាន និងដោយហិង្សាមកលើនារីម្នាក់ ខណៈនាងកំពុងតែស្នាក់នៅជាមួយគូដណ្តឹងរបស់នាង។
បុរសជាប់ខ្នោះដៃនោះ ឈ្មោះ តាំង សុភិន ហៅភិន អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារបាងកក មានទីលំនៅផ្ទះសង់ថ្មី ភូមិអូរបែកក្អម ក្បែរចំណុចកើតហេតុ។
ប៉ូលិសនិយាយថា ៖ តាមបណ្តឹងរបស់នារីរងគ្រោះ និងជាដើមចោទ ឈ្មោះ សុន ចាន់រឿន អាយុ២៥ឆ្នាំ មុខរបរជាងកាត់ដេរសំលៀកបំពាក់ និងច្នៃម៉ូដ បានរៀបរាប់ថា ៖ កន្លងមកនៅចុងឆ្នាំ២០១៦ ឈ្មោះ តាំង សុភិន ធ្លាប់ស្គាល់រាប់អានគ្នាសុំស្រលាញ់នាង តែនាងមិនស្រលាញ់។ ក្រោយមកនៅចុងឆ្នាំ២០១៧ នាងបានទាក់ទងស្រលាញ់ បុរសម្នាក់ ឈ្មោះ អុក សុគាន់ ហើយក្រោយមកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នាងនិងបុរសនោះ ក៏ត្រូវបានចាស់ទុំមកចូលស្ដីដណ្ដឹង និងធ្វើពិធីភ្ជាប់ពាក្យ រួចរាល់។
ក្រោយមកទៀត នាងនិងបុរសគូដណ្តឹងក៏បានមកស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ លុះនៅថ្ងៃទី១២ ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា នេះ ជនឈ្មោះ តាំង ភិន នេះតែងតែដើរមកធាក់ទ្វារបន្ទប់របស់នាងជារៀងរាល់ព្រឹក ដែលនាងតែងចេញមកលើឃើញផ្ទាល់ភ្នែក និងបានព្រមានអោយឈប់រំខាននាងបែបនេះទៀត។
នាងបញ្ជាក់ថា លុះស្អែកឡើងនៅថ្ងៃទី១៦វេលាម៉ោង៥កន្លះព្រឹក ជននេះក៏បានមកធាក់ទ្វារបន្ទប់នាងទៀត នាងក៏បើកទ្វារចេញមកស្តីអោយក៏ស្រាប់តែជនឈ្មោះតាំង សុភិន នេះ បានចាប់នាងថើបថ្ពាល់ខាងស្តាំ នៅចំពោះគូដណ្តឹងរបស់នាង។ នៅពេលនោះ ក៏មានការប្រតាយប្រតប់គ្នារវាងគូរដណ្តឹងរបស់នាងជាមួយបុរសម្នាក់នេះ។ ភ្លាមៗនោះនាងក៏បានប្តឹងប៉ូលិសមូលដ្ឋានមកជួយអន្តរាគមន៍ ចាប់ខ្លួនជនដៃដល់នេះតែម្តង និងបានដាក់ពាក្យប្តឹងជាផ្លូវការផងដែរ។
ជនជាប់ចោទបានព្យាយាមបដិសេធ ប៉ុន្តែមានសាក្សីគេបានឃើញ ទើបសារភាព ហើយក្រុមគ្រួសាររបស់ជនជាប់ចោទបានព្យាយាមសុំសម្រួលដោះស្រាយលុយកាក់ជាសំណងជំងឺចិត្តដើម្បីសុំបញ្ចប់រឿងត្រឹមនេះ តែនាងមិនព្រមទុកអោយច្បាប់ជាអ្នកសម្រេច៕
Source: Kampuchea Thmey Daily
0 Comments