Ad Code

លោក​ត្រាំ និយាយ​អួត​ថា បញ្ហា​ភាគច្រើន​ត្រូវបាន​ដោះស្រាយ សម្រាប់​ភាពទាល់ច្រក​នៅ​កូរ៉េខាងជើង



ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រូបលោក ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន មាន "​គីមី​សាស្ត្រ​ដ៏​អស្ចារ្យ​" ហើយ​បាន​អះអាងថា ភាពទាល់ច្រក ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​ទ្វីបអាស៊ី ជាច្រើន​បញ្ហា ត្រូវបាន​ដោះស្រាយ​។​

លោក ត្រាំ បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ខាងក្រៅ​សេត​វិមាន​ថា លោក​បានផ្តល់​លេខ​ទូរស័ព្ទ​ផ្ទាល់​របស់លោក ទៅឱ្យ​លោក​គីម ដោយ​បន្ថែមថា "​ពេលនេះ គាត់​អាច​ទូរស័ព្ទ​មក​ខ្ញុំ ប្រសិនបើ​គាត់​មានការ​លំបាក​"​។​

"​នោះ​គឺជា​រឿង​សំខាន់​ណាស់​។​” លោក Trump បាន​និយាយ​ហើយ​បន្តថា "​យើង​មាន​ទំនាក់ទំនង​ជាមួយគ្នា​"​។​
​នៅក្នុង​សារ​វីដេអូ​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​សេត​វិមាន លោក​ត្រាំ បាន​និយាយថា កិច្ចប្រជុំ​
កំពូល​កាលពី​ថ្ងៃ​អង្គារ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង នៅ​សិង្ហ​បុរី គឺ «​ដោយ​បើកចំហ ដោយផ្ទាល់ និង​ទទួលបាន​ផ្លែផ្កា​ខ្លាំងណាស់​»​។​

លោក​បាន​និយាយថា "​ប្រសិនបើ​មានឱកាស ទទួលបាន​សន្តិភាព​, ប្រសិនបើ​មានឱកាស​បញ្ចប់​ការគំរាមកំហែង នៃ​ជម្លោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ នោះ​ យើង​ត្រូវតែ​បន្ត​ការខិតខំ​ឲ្យ​អស់​ទោះ​វា​មានតម្លៃ​ប៉ុន្មាន​ក៏ដោយ​" ។​

លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​សឹង្ហ​បូរី ដែល​លោក គីម និង​លោក ត្រាំ បាន​ចុះហត្ថលេខា លើ​ការសន្យា​មួយ ដើម្បី​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ដោយ​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ ត្រូវបាន​ស្វាគមន៍ ជាមួយ​ការសង្ស័យ ដោយ​អ្នកសង្កេតការណ៍​ជាច្រើន​។​

លោក​គីម មិនទាន់បាន​បោះជំហាន​ជាក់លាក់​ណាមួយ ដើម្បី​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់លោក​នៅឡើយ​ទេ​។​

លោក ត្រាំ បាន​និយាយថា លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក នឹង​ធ្វើការ​ដោយផ្ទាល់ ជាមួយ​កូរ៉េខាងជើង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍ និង​ប៉ុន្មាន​ខែ​ខាងមុខនេះ ដើម្បី "​អនុវត្ត​កិច្ចព្រមព្រៀង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​"​។​
​លោក​ត្រាំ បាន​បន្ថែមថា "​ទន្ទឹមនឹង​នេះដែរ ការដាក់ទណ្ឌកម្ម នឹង​នៅតែ​បន្ត​”​។​

ការសម្រេច​ជា​ឯកតោភាគី​មួយ របស់លោក ត្រាំ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដោយ​លុបចោល​សមយុទ្ធ​យោធា​រួមគ្នា រវាង​កងកម្លាំង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ធ្វើ​ឲ្យ​មន្ត្រី​យោធា​នៃ​ប្រទេស​ទាំងសងខាង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

ប៉ុន្តែ​លោក ត្រាំ បាន​រំលឹក​ឡើងវិញ​ថា នៅពេល​លោក​ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន លោក​បា​រ៉ា​ក់​អូ​បា​ម៉ា បាន​ព្រមាន​ថា ការគំរាមកំហែង​ដោយ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​បញ្ហា​ដ៏​គ្រោះថ្នាក់​បំផុត របស់​សហរដ្ឋអាមេរិក​។​

"​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​នោះ​” លោក ត្រាំ បាន​ប្រាប់​អ្នកយកព័ត៌មាន រួច​បន្តថា “​ឥឡូវនេះ​យើង​កំពុង​ធ្វើឱ្យ​វា​ក្លាយទៅជា​ការចងចាំ ប៉ុន្តែ​បញ្ហា​នោះ ត្រូវបាន​ដោះស្រាយបាន​យ៉ាងច្រើន​”​។​

លោក​បាន​បន្ថែមថា "​យើង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដ៏​សំខាន់​មួយ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​ឯកសារ​នេះ គឺ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក គីម ជុង​អ៊ុន​”​។​
“​អាចជា ផ្លូវ​ថ្មី​ទៅកាន់​សន្តិភាព​”

រដ្ឋមន្ត្រី​ការពារជាតិ​លោក Jim Mattis កាលពី​ថ្ងៃ​សុក្រ​បាន​សរសើរ "​ផ្លូវ​ថ្មី​ដែល​អាចទៅរួច​មួយ ដើម្បី​សន្តិភាព​" ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រទេស ដែល​កំពុង​ស្វែងរក​អាវុធ​នុយក្លេអ៊ែរ​។​

ប៉ុន្តែ​លោក ត្រាំ ហាក់ដូចជា​ចង់​ទទួលបាន ជ័យជំនះ​ការទូត​ឆាប់រហ័ស ហើយ​ការផ្អាក​ការធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​អាម៉េរិក នៅ​នៅលើ​ឧបទ្វីប​កូរ៉េ គឺជា​សម្បទាន​ដ៏​សំខាន់​ចំពោះ​ទីក្រុង​ព្យុងយ៉ាង និង​ប្រទេស​ចិន ដែលជា​គូប្រជែង​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​

​អ្នក​រិះគន់​លោក ត្រាំ មួយចំនួន បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​គាត់ ក្នុងការ​បញ្ឈប់​អ្វីដែល​លោក​ប្រធានាធិបតី​ហៅថា "​ល្បែង​សង្គ្រាម​" ជាមួយ​កូរ៉េខាងត្បូង ពាក្យ​សាមញ្ញ “​សមយុទ្ធ​យោធា​” ដែល​មន្ត្រី​អាមេរិក​បាន​ច្រានចោល​កាលពី​លើក​មុន​។​

លោក John McCain សមាជិក​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែងថា “​ការធ្វើសម្បទាន ដែល​មិនចាំបាច់ និង​មិនមាន​ការខកចិត្ត គឺ​មិនមែនជា​ការចង់បាន របស់​យើង​នោះទេ ហើយ​វា​គឺជា​យុទ្ធសាស្ត្រ​ចរចា​មិនល្អ​”​។​

“​ថា​តាម​ដូច​សេក នូវ​ពាក្យឃោសនា​របស់​ចិន និង​កូរ៉េខាងជើង ដោយ​និយាយថា ការធ្វើ​សមយុទ្ធ​រួម​គឺជា "​ការបង្ក​ហេតុ​" ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ និង​សម្ព័ន្ធភាព​របស់​យើង​”​។​

កងកម្លាំង​អាម៉េរិក និង​កូរ៉េខាងត្បូង បាន​ហ្វឹកហ្វឺន​រួមគ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​ជា​ទៀងទាត់​បាន​ហាត់​សម នូវ​អ្វីៗ​ទាំងអស់​ចាប់តាំងពី​ការ​ចុះចត នៅ​ឆ្នេរសមុទ្រ​នៅ​ភាគ​ខាងជើង ក្នុងការ​វាយប្រហារ របប​កូរ៉េខាងជើង​។​

ទីក្រុង​ព្យុងយ៉ាង ជាធម្មតា​មានប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​សមយុទ្ធ​រួម​នេះ​។ បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​កាលពី​ឆ្នាំមុន កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ផ្លោង ទៅលើ​ប្រទេស​ជប៉ុន ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ជាស​កល និង​បង្កើតឱ្យមាន​សង្គ្រាម​ការ​ទូត​រវាង​លោក ត្រាំ និង​លោក គីម។​
​ភាព​ឃោរឃៅ​ទាំងនោះ ឥឡូវនេះ​ហាក់ដូច​ត្រូវបាន​បញ្ចប់ បន្ទាប់ពី​ជំនួប​កំពូល​លោក ត្រាំ បាន​សរសើរ​ដល់​លោក គីម ខណៈដែល​ពិភពលោក បាន​ចោទប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម និង​បង្អត់អាហារ ដល់​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​របស់ខ្លួន​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu