Ad Code

២​នាក់​បងប្អូន​ជីដូនមួយ បាន​លង់ទឹក​ស្រះ​ក្បែរ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម



សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារ​២​នាក់​បងប្អូន​ជីដូនមួយ បាន​លង់ទឹក​ស្រះ​ក្បែរ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ធ្វើ​ឲ្យ​ឪពុក​ម្តាយ​កុមារ​រងគ្រោះ​យំសោក​បោក​ខ្លួន​ស្តាយ​កូន​យ៉ាង​ខ្លាំង​ដោយសារតែ​ការ​ធ្វេស​បុក​របស់​ពួកគាត់​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច ​ថ្ងៃទី​២២​ ខែមីនា ឆ្នាំ២០១៩​ ស្ថិត​ក្នុងភូមិ​អូររូង​ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប។



លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹង​ថា មាន​ករណី​កុមារា​ និង ​កុមារី​២​នាក់​បាន​លង់​ទឹកស្រះ​នៅក្នុង​ភូមិ​អូររូង ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង បណ្តាល​ឲ្យ​ស្លាប់​។ ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ​ជនរងគ្រោះ​ទាំង​២ ​គឺ​ដោយសារ​ពួកគាត់​(​ក្មេងៗ​)​ទៅលេង​ផ្ទះ​ជីដូន ហើយ​ជីដូន​ស្មានតែ​ចៅ​ទៅផ្ទះ​ទើប​មិនបាន​ចាប់អារម្មណ៍​។

លោក​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ​ទី​១-​ឈ្មោះ​ជុំ រតនា ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ក្នុងភូមិ​អូររូង ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង​។ ទី​២-​ឈ្មោះ​ជុំ សុផល​ ភេទ​ស្រី ​អាយុ​៦​ឆ្នាំ ​នៅ​ភូមិ​ជា​មួយគ្នា​ ពីរ​នាក់​នេះ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​។

យោង​តាម​ការ​បំភ្លឺ​រប​ស់លោក​យាយ​ដែល​ចៅ​របស់​គាត់​ស្លាប់​នេះ​ គាត់​បាន​និយាយ​ថា​ នៅ​ម៉ោង​១២​និង​០០​នាទី​ក្នុង​ថ្ងៃ​ដូចខាងលើ​ចៅ​ទាំង​២​នាក់​នេះ​បាន​ទៅផ្ទះ​របស់​គាត់​ហើយ​ពួកវា​បាន​ទៅ​ចុះ​លេង​ទឹកស្រះ​ដែល​នៅក្បែរ​ផ្ទះ​របស់​គាត់​ គឺ​លេង​នៅ​កន្លែង​រាក់ៗ​គាត់​បាន​ហៅ​ឲ្យ​មក​ផ្ទះ​គាត់​វិញ​លុះ​បន្ទាប់មក​គាត់​បាន​ដេកលក់​ភ្ញាក់​ឡើង​បាត់​ចៅ​ក៏​ដើររក​ចៅ​ដល់​ផ្ទះ​របស់​វា​រក​មិនឃើញ​ក៏​នាំមក​រាវរក​ទឹកស្រះ​ហើយក៏​បានឃើញ​នៅក្នុង​ទឹក​ជ្រៅ​ទាំង​២​នាក់​បាន​ស្លាប់​បាត់​ហើយ​។

លោក​បន្ត​ថា ការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ពុំ​មាន​ស្លាកស្នាម​ណា​គួរ​ឲ្យ​ចាប់អារម្មណ៍​រឿង​ផ្សេង​ឡើយ​។

បន្ទាប់ពី​ត្រួតពិនិត្យ​រួច​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ជីក្រែង​បាន​ប្រគល់​សព​ឲ្យ​ទៅ​គ្រួសារ​ជនរងគ្រោះ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu