ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2019) ឆ្នាំ២០១៩ ដែលធ្វើនៅប្រទេសហ្វីលីពីន នឹងអនុញ្ញាតឲ្យក្រុមជាតិសមាជិកទាំង១១ក្រុម មានកីឡាករចំនួន២នាក់ ដែលមានវ័យលើសអាយុ ២២ឆ្នាំ (U22) អាចចូលរួមក្នុងក្រុម នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF)។
លើវិបសាយរបស់ AFF បានបញ្ជាក់ថា យោងតាមមាត្រា ៣.៣ ក្នុងច្បាប់នៃការប្រកួតបានចែងថា មានតែកីឡាករដែលមានអាយុ២២ឆ្នាំ និងក្រោម២២ឆ្នាំ ( កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៧ និងក្រោមនេះ) និងកីឡាករ ២នាក់ដែលកើតមុនថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៧ មានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ លើប្រភេទកីឡាបាល់ទាត់បុរស។ ដូច្នេះបានសេចក្ដីថា ក្រុមទាំង១១ ដែលចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ អាចនឹងបន្ថែមកីឡាករអាយុលើស ២២ឆ្នាំ តាមតម្រូវការរបស់ខ្លួនចំនួន២នាក់។
សូមបញ្ជាក់ថា ការប្រកួតស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមាន៥២៣ វិញ្ញាសាប្រកួតលើប្រភេទកីឡាចំនួន៥៦។សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង ម៉ានីល ខណៈកីឡដ្ឋាន Binan Football Stadium ក្នុងទីក្រុង Binan និង Laguna គឺសម្រាប់ប្រភេទកីឡាបាល់ទាត់ស្ត្រី។
ក្រុមបាល់ទាត់បុរសមកពីប្រទេសថៃ ធ្លាប់ឈ្នះមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមតាំងពីបង្កើតឡើងដំបូងពីឆ្នាំ១៩៥៩ មកពោលគឺចំនួន១៦លើក ខណៈក្រុមរបស់កម្ពុជា មិនធ្លាប់ឆ្លងផុតវគ្គចែកពូលនោះទេ។ នៅឆ្នាំ២០១៩នេះ គណៈកម្មការរៀបចំការប្រកួតនៅមិនទាន់ចាប់ឆ្នោតជ្រើសរើសគូក្នុងពូលនៅឡើយនោះទេ ស្របពេលក្រុមនីមួយៗជាសមាជិកក្នុងប្រទេសប្រចាំតំបន់កំពុងតែពង្រឹងកូនក្រុមរបស់ខ្លួនតាមរយៈវគ្គជម្រុះពានរង្វាន់បាល់ទាត់ 2020 AFC U-23 Championship៕
Source: Kampuchea Thmey Daily
0 Comments