សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិ បែលហ្សិកម្នាក់ ត្រូវបានប្រពន្ធប្រទះឃើញដេកស្លាប់ផ្ទះរបស់ខ្លួន និងបានរាយការណ៍មកសមត្ថកិច្ច។ ចំពោះករណីនេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា សពនេះស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់បណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះស្ថិតនៅភូមិ គោកត្នោត ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចជំនាញ ដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ VAN HOOF ALFONS FRANCISCUS ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ បែលហ្សិក កាន់លិខិតឆ្លងដែនលេខ EN៥១៥១៧៥ ទិដ្ឋាការស្នាក់នៅលេខ EI ០១៥០១២៧៦ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅជាមួយប្រពន្ធ(មិនបានរៀបការ)នៅភូមិឃុំខាងលើ។ ជនរងគ្រោះរស់នៅជាមួយនារីជនជាតិខ្មែរម្នាក់ឈ្មោះ សួស ស្រីមុំ អាយុ ៤៤ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ០២ខែ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិតអ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសម្ពាធឈាមឡើងខ្ពស់បណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាលធ្វើឲ្យស្លាប់តែម្ដង។
សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារ៕
Source: Kampuchea Thmey Daily
0 Comments