ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃសុក្រថា ក្មេងជិត 2000 នាក់ ត្រូវបានបំបែកចេញពីឪពុកម្តាយ ឬអាណាព្យាបាល ដែលបានឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយនេះ។
អ្នកនាំពាក្យបាននិយាយថា ចាប់ពីថ្ងៃទី 19 ខែមេសាដល់ថ្ងៃទី 31 ខែឧសភា កុមារ 1,995 នាក់ ត្រូវបានបំបែកចេញពីមនុស្សពេញវ័យចំនួន 1.940 នាក់ ដែលត្រូវបានឃុំខ្លួន ដោយទាហានល្បាតព្រំដែន របស់សហរដ្ឋអាមេរិក ដើម្បីរៀបចំការកាត់ទោស ពីបទឆ្លងដែនដោយខុសច្បាប់។
ចំនួនអ្នកជាប់ឃុំឃាំង ហាក់ដូចជាមានការកើនឡើង បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសគោលនយោបាយ គ្មានការអត់ឱនចំពោះការឆ្លងដែន ដោយខុសច្បាប់កាលពីដើមឆ្នាំនេះ។
នៅចំពេលមានការរិះគន់ ទៅលើការឃុំឃាំងកុមារ មានក្មេងប្រុសចំនួន 1500 នាក់កំពុងត្រូវបានគេ រៀបចំនៅក្នុងកម្មវិធីមួយ ដែលធ្វើនៅអតីតផ្សារទំនើប Walmart នៅរដ្ឋតិចសាស់។ មន្ត្រីខាង DHS បាននិយាយថា អនីតិជនទាំងនេះ កំពុងរីករាយនឹងលក្ខខណ្ឌសមរម្យមួយ។
មន្ត្រីរូបនោះបានបន្តថា "យើងមានបទដ្ឋានឃុំឃាំង ខ្ពស់បំផុតនៅលើពិភពលោកសម្រាប់កុមារ”។
លោក ត្រាំ បានអះអាងថា គាត់ស្អប់គំនិតបំបែកកុមារពីឪពុកម្តាយ ដែលព្យាយាមចូលក្នុងប្រទេស ប៉ុន្តែខាងរដ្ឋបាលរបស់លោក បានទទួលស្គាល់ថា ការបង្ក្រាបលើក្រុមគ្រួសារ អាចជាការការពារ។
"ឥឡូវនេះ យើងស្ថិតនៅក្នុងកាលៈទេសៈ មួយ ដែលយើងត្រូវជ្រើសរើសការអនុវត្តច្បាប់ ឬយើងជ្រើសរើសការមិនអើពើ" មន្ត្រីដដែលរូបនោះ បានបន្ថែមហើយបន្តទៀតថា “រដ្ឋបាលនៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនអាចមិនអនុវត្តទៅតាមច្បាប់បានទៀតទេ"។
មន្ត្រីប៉ូលិសបាននិយាយថា ឪពុកម្តាយរបស់ក្មេងដែលត្រូវបានឃាត់ខ្លួននោះគឺ "កំពុងជាប់ពន្ធនាគារ" ហើយកំពុងរង់ចាំការកាត់ក្តី ដោយចោទប្រកាន់ពីបទឆ្លងកាត់ខុសច្បាប់។ ដំណើរការនេះ អាចចំណាយពេលច្រើនសប្តាហ៍។
មិនមានច្បាប់ ដែលតម្រូវឱ្យឪពុកម្តាយ ត្រូវបានបំបែកចេញពីកូនៗ របស់ពួកគេ នៅឯព្រំដែននោះទេ។ ប៉ុន្តែប្រសិនបើឪពុកម្តាយ នៅសហរដ្ឋអាមេរិកត្រូវជាប់គុក កូនៗ របស់ពួកគេ ត្រូវបានគេបំបែកចេញ ដោយសារតែក្មេងៗ មិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋឡើយ។
ការផ្លាស់ប្តូរដោយរដ្ឋាភិបាលអាមេរិក ក្នុងការបំបែកក្មេងចេញពីគ្រួសារ ត្រូវបានគេរិះគន់យ៉ាងទូលំទូលាយ ដោយអ្នកឯកទេសខាងសុខាភិបាល របស់អង្គការសហប្រជាជាតិ និងមេដឹកនាំសាសនាដ៏ធំ របស់សហរដ្ឋអាមេរិក៕ AFP
[caption id="attachment_930136" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments