រតនគិរី ៖ នេះគឺជាការលើកឡើងរបស់ លោក លន់ សុភាព អភិបាលរងខេត្ត តំណាង លោក ថង សាវុន អភិបាលខេត្ត ក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តរតនគិរី និងផ្សព្វផ្សាយផែនការជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្តថា ប្រទេសកម្ពុជាយើងមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ភាពរីកចម្រើន នៃបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យមានការកើនឡើងនូវតម្រូវការសង្គម រួមជាមួយនឹងចរន្ត នៃតំបន់ភាវូប
នីយកម្ម សកលភាវូបនីយកម្ម ការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័ស នៃតម្រូវការសង្គម និងចរន្ត នៃតំបន់ភាវូបនីយកម្ម សកលភាវូបនីយកម្ម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានក្រើនរំលឹកថា កំណែទម្រង់រស់ មិនកំណែកែទម្រង់ស្លាប់ កំណែទម្រង់ គឺជាកត្តាស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជា គ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់នោះទេ។
នៅក្នុងឱកាសដែលប្រទេសជាតិយើងកំពុងទទួលផលចំណេញពីសន្តិភាព និងស្ថិរភាព យើងត្រូវតែខិតខំកសាង និងការពារប្រទេសជាតិឲ្យបាន។
លោក លន់ សុភាព បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់គ្រប់វិស័យ ក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលជាគោលការណ៍ស្នូល ក្នុងចំណោមគោលការណ៍គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្ត្រចតុកោណ បានកំណត់ថា រដ្ឋាភិបាល និងដៃគូទាំងអស់ ត្រូវតែមានឯកភាពគ្នាលើផែនការអភិវឌ្ឍន៍មួយ គឺផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ពីព្រោះបណ្ដាប្រទេសនានាលើពិភពលោក និងដៃគូអភិវឌ្ឍន៍ កំពុងតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពដែលបានអនុម័តជាសកល កាលពីឆ្នាំ២០១៥។
ប្រទេសកម្ពុជា បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ នៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។
ដើម្បីវាស់វែងវឌ្ឍនភាព នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព យើងត្រូវពឹងផ្អែកទៅលើទិន្នន័យប្រមូលបានពីការធ្វើជំរឿនពីការធ្វើអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ជាដើម ក្រៅពីនេះទិន្នន័យជំរឿនក៏បានប្រើប្រាស់ក្នុងការតាមដានចំណុចគោលដៅ ផ្នែកអប់រំ យេនឌ័រ និងបរិស្ថានផងដែរ។
ដើម្បីឲ្យការងារធ្វើជំរឿនប្រជាជន ឆ្នាំ២០១៩ ទទួលបានជោគជ័យ លោកអភិបាលរងខេត្តបានសំណូមពរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមជាមួយស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តការងារជំរឿននេះ ឲ្យបាន និងទាន់ពេលវេលា ដែលបានកំណត់។
គណៈកម្មាធិការជាតិជំរឿនខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវធ្វើការត្រួតពិនិត្យដំណើរការជំរឿននៅគ្រប់ទីកន្លែង និងធ្វើការសម្របសម្រួលគ្រប់សកម្មភាព និងចាត់ចែងកម្លាំងចូលរួមផ្ដល់ទីកន្លែងសម្រាប់ចងបដាផ្សព្វផ្សាយយុទ្ធនាការឃោសនាធ្វើជំរឿនផ្ដល់ទីកន្លែងសម្រាប់បណ្ដុះបណ្ដាលមន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យនៅតាមក្រុងស្រុក ស្នើឲ្យកម្លាំងសមត្ថកិច្ចធ្វើការសម្របសម្រួលជាមួយស្ថាប័ន ឬគ្រឹះស្ថានផ្សេងៗដូចជា មន្ទីរពេទ្យសណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលភូមិគ្រឹះ ខារ៉ាអូខេ ពន្ធនាគារ រោងចក្រ សហគ្រាស ក្រុមហ៊ុននានា ដើម្បីឲ្យមន្ត្រីសម្ភាសន៍ជំរឿន បានចុះទៅដល់គោលដៅ ដែលបានកំណត់ និងប្រមូលបានទិន្នន័យពីការធ្វើជំរឿន៕
Source: Kampuchea Thmey Daily
0 Comments