កាលពីថ្ងៃព្រហស្បតិ៍កីឡាករ Novak Djokovic និងកីឡាការិនី Simona Halep ត្រូវបានគេតែងតាំងជាជើងឯកពិភពលោក ITF 2018 ដោយគណៈគ្រប់គ្រងកីឡាវាយតឺន្នីសពិភពលោក។
កីឡាករលេខ១ពិភពលោក Djokovic ទទួលបានរង្វាន់កិត្តយសមួយនេះ ពីសហព័ន្ធវាយតឺន្នីសអន្តរជាតិជាលើកទី៦ ខណៈពេលដែលវាជាលើកដំបូងដែលកីឡាការិនីលំដាប់កំពូលមកពីរ៉ូម៉ានី Halep ត្រូវបានគេទទួលស្គាល់។
កីឡាករសញ្ជាតិស៊ែប Djokovic ដែលវិលត្រឡប់មកាន់តំណែងកំពូលពិភពលោកវិញ ក្រោយជួបញ្ហារបួស ជាកន្លែងដែលលោកបានឈ្នះជើងឯក Wimbledon និង US Open នោះ បាននិយាយថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ ពេលដែលត្រូវបានតែងតាំងជាជើងឯក ITF ជាថ្មីម្តងទៀតបែបនេះ។
លោកបន្តថា លោកពិតជាមានមោតនភាពចំពោះសមិទ្ធផលដែលសម្រេចបានមួយនេះ ក្រោយលោកជួបប្រទះបញ្ហារាងកាយក្នុងឆ្នាំនេះ។
ដោយឡែក កីឡាការិនី Halep សម្រេចបានជោគជ័យនៅ Grand Slam ក្នុងឆ្នាំ២០១៨នេះផងដែរ ជាកន្លែងដែលនាងប្រកាសជើងឯកនៅ Roland Garros និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Australian Open ។
នាងបាននិយាយថា វាគឺជាកិត្តិយសដ៏អស្ចារ្យបំផុត ដែលបានក្លាយជាជើងឯកពិភពលោក ITF ជាលើកដំបូងបែបនេះ។ នាងមានឆ្នាំដ៏អស្ចារ្យបំផុតមួយ ឈ្នះជើងឯក Grand Slam ជាលើកដំបូងនៅ Roland Garros និងបញ្ចប់ឆ្នាំក្នុងនាមជាកីឡាការិនីលេខ១ពិភពលោកទៀតនោះ៕
Source: Kampuchea Thmey Daily
0 Comments