ភ្នំពេញ ៖ លោក Choun Chanda មានអាយុ៣០ឆ្នាំ ជាអ្នកគ្រប់គ្រងកម្មវិធីម្នាក់នៅឯក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតឈ្មោះ Securonix ដែលបានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីនៅជាកុមារ បានសម្រេចឈរឈ្មោះជាក្រុមប្រឹក្សានៅក្រុង Arlington ក្បែររដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយត្រូវគេជឿថា ជាបេក្ខជនដើមកំណើតអាស៊ីដំបូងគេ ដែលចូលរួមប្រកួតតំណែងនៅមូលដ្ឋាន នេះបើតាមការផ្សាយរបស់គេហទំព័រ វីអូអេ។
តាមគេហទំព័រនោះបានឲ្យដឹងថា យោងតាមមន្ទីរចុះបញ្ជីអ្នកបោះឆ្នោត និងរៀបចំការបោះឆ្នោតនៃក្រុង Arlington លោក Choun Chanda ជាពលរដ្ឋអាមេរិកកំណើតអាស៊ីដំបូងគេ ដែលឈរឈ្មោះប្រកួតយកអាសនៈក្នុងក្រុងនេះ។ លោក Chanda បានថ្លែងថា លោកមិនឃើញមានបេក្ខជន ដែលមានប្រវត្តិជាយោធិន មិនឃើញមានបេក្ខជន ដែលមានប្រវត្តិជាជនអន្តោប្រវេសន៍ មិនដែលឃើញមានបេក្ខជន ដែលមានប្រវត្តិខាងបច្ចេកវិទ្យាឈរឈ្មោះទេ ទើបលោកសម្រេចឈរឈ្មោះ។
លោក Chanda បានសរសេរនៅលើគេហទំព័របេក្ខភាពរបស់លោកថា “ខ្ញុំមិនមានជម្រើសអាចទៅកើតនៅទីណាតាមចិត្តចង់បាននោះទេ។ ខ្ញុំមិនមានជម្រើសថា តើទីភ្នាក់ងារតាំងទីលំនៅជនភៀសខ្លួនសម្រេចឲ្យគ្រួសារខ្ញុំទៅតាំងទីនៅទីណានោះទេ។ ខ្ញុំមិនមានជម្រើសថា តើយោធាបញ្ជូនខ្ញុំទៅទីណានោះទេ។ ប៉ុន្តែខ្ញុំមានជម្រើសសម្រេចខ្លួនឯងថា ចង់នៅទីណាពេលនេះ។ ហើយខ្ញុំសម្រេចយកក្រុង Arlington។ ខ្ញុំនឹងរៀបអាពាហ៍ពិពាហ៍នៅ Arlington។ កូនៗរបស់ខ្ញុំនឹងរត់លេងក្នុងឧទ្យានរបស់ Arlington។ ខ្ញុំនឹងស្លាប់នៅ Arlington ហើយនឹងត្រូវគេកប់នៅឈាបនដ្ឋានជាតិ Arlington”។
ក្រុមប្រឹក្សាក្រុង Arlington ដែលមានសមាជិក៥នាក់ ជាស្ថាប័នគ្រប់គ្រងរដ្ឋបាលក្នុងក្រុងនេះ។ ការងារជាសមាជិកក្រុមប្រឹក្សាក្រុងជាការងារក្រៅម៉ោង ប៉ុន្តែដែលអាចជាស្ពានទៅកាន់អាជីពនយោបាយ ប៉ុន្តែលោក Choun Chanda ថា លោកមិនប្រាថ្នាចង់ក្លាយជាអ្នកនយោបាយទេ។
ដោយលោកដឹងគុណចំពោះការ ដែលគ្រួសារលោកត្រូវបានគេជ្រើសរើសពីជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ឲ្យទៅតាំងទីលំនៅនៅរដ្ឋ Connecticut សហរដ្ឋអាមេរិក លោក Chanda ក៏បានសម្រេចចិត្តចូលបម្រើក្នុងយោធាអាមេរិកនៅអាយុ១៧ឆ្នាំ។ លោកបានបម្រើការនៅយោធាអស់រយៈពេល១២ឆ្នាំ ដោយឡើងតំណែងពីទាហានសាមញ្ញ រហូតក្លាយជាពលបាលត្រី មុននឹងលោកចាកចេញពីយោធា ទោះបីសព្វថ្ងៃលោកនៅមានភារកិច្ចជាយោធិនបម្រុងនៅឡើយ។
លោក Chanda ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកុម្ភៈ ដោយប្រើពាក្យឃោសនាថា ដើម្បី “ធ្វើឲ្យ Arlington ក្លាយជាផ្កាយខាងជើង (North Star) នៃរដ្ឋ Virginia”៕
Source: Kampuchea Thmey Daily
0 Comments