ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤.៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលខេត្តកំពង់ឆ្នាំងនេះជាខេត្តទី ៧ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង តាកែវនិងព្រះសីហនុ។
សម្តេចតេជោហ៊ុនសែន បានអរគុណនិងសំដែងការរីករាយដែលបានមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីជួបជុំជាមួយកម្មករ/ការិនីដែលនៅទីនេះ ហើយបើទោះបីថា កម្មករបានទន្ទឹងរង់ចាំយូរបន្តិចប៉ុន្តែពាក្យដែលគេថាមកយូរ ប្រសើរជាងមិនមក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជាមានអារម្មណ៍រីករាយបន្ទាប់ពីគោលនយោបាយពង្រាយសាលារៀនតាមមូលដ្ឋាន គោលនយោបាយពង្រាយរោងចក្រដើម្បីដោះស្រាយការងារធ្វើនិងបង្កើតប្រាក់ចំណូលនៅតាមបណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។ សង្ឃឹមថា ខេត្តកំពង់ឆ្នាំងរបស់យើងនេះនឹងក្លាយទៅជាខេត្ត ដែលទទួលបានការវិនិយោគបន្ថែមទៀត បន្ទាប់ពីផ្លូវជាតិលេខ៥ ត្រូវបានពង្រីកជា៤ គន្លង។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ពីមុនខេត្តកំពង់ឆ្នាំងក៏ជាតំបន់សមរភូមិមួយតែឥឡូវបានប្រែក្លាយជាខេត្តមួយ ដែលមានរោងចក្រជាច្រើន។ សម្តេចបានលើកជាសំណួរថាតើខេត្តកំពង់ឆ្នាំងសម័យមុនមានរោងចក្រដើម្បីដោះស្រាយការងារឲ្យប្រជាពលរដ្ឋធ្វើឬអត់?ចំណុចនេះបានបង្ហាញរួចទៅហើយថា គោលនយោបាយពង្រាយរោងចក្របានសម្រេចជោគជ័យលើកការប្រែក្លាយតំបន់សមរភូមិទៅជាតំបន់អភិវឌ្ឍ និង ជាទីផ្សារ ការប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍។ សម្តេចបន្តនៅសល់ត្រឹមប្រមាណ ១០ភាគរយប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍ដោយសារតែវានៅមានគ្រាប់មីន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិង ថៃបានកើឡើងជាង ៦ ពាន់លានដុល្លារ និង ជាមួយប្រទេសវៀតណាមជាង ៤ ពាន់លានដុល្លារ ដែលបង្ហាញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចោទជាសំណួរថា ប្រសិនបើគ្មានរោងចក្រ នៅតាមបណ្តាស្រុកនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអ្វី? ពូបានបកស្រាយរឿងនេះជាបន្តបន្ទាប់នៅពេលដែលពូចុះទៅតាមខេត្ត និយាយពីទីក្រុងភ្នំពេញ គឺរបៀបនិយាយផ្សេង។
សម្តេចបានបន្តថា ប្រសិនបើមិនមានរោងចក្រនៅតាមបណ្តាស្រុក នៅក្នុងខេត្តកំពង់ឆ្នាំងនេះទេ តើក្មួយៗកម្មករ/ការិនីនៅពេលនេះ កំពុងធ្វើអី? មានចម្លើយចេញមកតែពីរទេ។ ទីមួយគឺក្មួយនៅពេលនេះកំពុងស្ថិតនៅក្នុងក្រុងភ្នំពេញធ្វើជាកម្មករដោយចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញ។ ឯលទ្ធភាពទី ២ គឺក្មួយកំពុងតែធ្វើស្រែចំការជាមួយឪពុកម្តាយ និងក្រុមគ្រួសារមិនមែនជាកម្មករតាមរោងចក្រ ដែលមានប្រាក់បៀវត្សរ៍កាន់តែខ្ពស់ទៅៗនោះទេ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលខំប្រឹងប្រែងណាស់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាក់ទាញការវិនិយោគទុនមកកាន់ទៅតាមខេត្តនានា ដែលវាមិនប្រមូលផ្តុំនៅតែខេត្តណាមួយ ឬនៅទីក្រុងភ្នំពេញនោះទេ។ ដំណើរពង្រាយរោងចក្រទៅតាមមូលដ្ឋាននានាដើម្បីដោះស្រាយការងារធ្វើឲ្យពលរដ្ឋរបស់យើង ជាពិសេសយុវជន ដែលត្រូវការការងារធ្វើ បន្ថែមលើនោះយើងក៏ត្រូវជំរុញលើការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាកសិឧស្សាហកម្មនៅតាមតំបន់នានា ដើម្បីដោះស្រាយការងារធ្វើនៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋ ជៀសវាងការបោះបង់ចោលដីធ្លី ផ្ទះសំបែង ទៅរកការងារធ្វើនៅឯកន្លែងផ្សេង រហូតទៅដល់ចំណាកស្រុកទៅកាន់ប្រទេសដទៃ…។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ទៅកម្មករ កម្មការិនីថា នៅថ្ងៃបោះឆ្នោត ២៩ ខែ កក្កដា ខាងមុខរាជរដ្ឋាភិបាលបានចរចាជាមួយសមាគមរោងចក្រអនុញ្ញាតឲ្យកម្មករឈប់សម្រាក៣ថ្ងៃទៅបោះឆ្នោត និងបានសុំអំពាវនាវម្ចាស់ឡានកុំដំឡើងថ្លៃឡាននៅពេលកម្មករទៅបោះឆ្នោត។ ជាមួយនេះ សម្តេចក៏បានលើកឡើងផងដែរថា ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និង ប្រាក់ចំណូល កម្មករទាំងអស់ត្រូវបោះឆ្នោតឥ្យគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី២០ នោះអ្វីៗនិងរក្សាបានទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏នៅតែបន្តជំរុញឲ្យក្រសួងការងារបន្តអនុវត្តនូវអនុសាសន៍ ៩ ចំណុច ឲ្យមានប្រសិទ្ធភាព ទី១.ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨តទៅ។ ទី២.ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាពនិងកាព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនីក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឲ្យបានម៉ត់ចត់។ ទី៣.ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះសម្រាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។ ទី៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទី៥.ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។ ទី៦.អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់និងតម្លៃផ្ទះជួលដល់កម្មករកម្មការិនីកុំឲ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។ ទី៧. អនុវត្តប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍។ ទី៨.បន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អប្រសើរ និង ទី៩.ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីឲ្យបានឆាប់បំផុត។
បើយោងតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រោងចក្រសហគ្រាសទាំង ៥ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនី ជួបសំណេះសំណាលជាមួយសម្តេចតេជោនាព្រឹកនេះ មកពីស្រុកសាមគ្គីមានជ័យចំនួន ៣ និងស្រុកកំពង់ត្រឡាចចំនួន២។ រោងចក្រទាំង៥នេះ មានរោងចក្រចំនួន ៤ ជារោងចក្រកាត់ដេរសំលៀក បំពាក់ និងរោងចក្រ១ទៀត ជារោងចក្រផលិតស្បែកជើង ហើយផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ឆ្នាំងមានសហគ្រាស គ្រឹះស្ថានចំនួន ១៥២ មានកម្មករ និយោជិត ៤៣.៧៧២នាក់ ក្នុងនោះរោងចក្រកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៨ មានកម្មករ និយោជិតចំនួន ៤២.១២៦នាក់ ដែលមានប្រាក់ ឈ្នួលសរុបជាង៩៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
នេះគឺជាជំនួបលើកទី៤៦ហើយគិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង៤៦ លើកនេះ មាន កម្មករ កម្មការិនីសរុប ៦០៥.២១២ នាក់។
មុននឹងបញ្ចប់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនកម្មការិនីមានផ្ទៃពោះចំនួន (១,២៧៥) នាក់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments