ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្រៅពីអ្នកសង្កេតការជាតិ និងអន្តរជាតិពីបណ្តាប្រទេសផ្សេងៗនោះ នឹងមានអ្នកសង្កេតការណ៍៣០នាក់ទៀត មកពីបណ្តាប្រទេសអាស៊ាន និងសមាជិកអង្គការបោះឆ្នោតពិភពលោក ដែលមានសមាជិក១៦៥ ប្រទេស នឹងមកដល់កម្ពុជា មុនថ្ងៃបោះឆ្នោត ដើម្បីចូលរួមសង្កេតការណ៍។
លោក ហង្ស ពុទ្ធា លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។
លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នឹងមានអ្នកសង្កេតការណ៍៣០នាក់ទៀត នឹងមកដល់កម្ពុជា មុនថ្ងៃបោះឆ្នោត ដើម្បីចូលរួមសង្កេតការណ៍ ហើយកម្ពុជា ក៏បានពិនិត្យសមាសភាពអ្នកសង្កេតការណ៍ទាំងនោះរួចហើយ តាមរយៈក្រសួងការបរទេស។ លោកបញ្ជាក់យ៉ាងនេះថា “អ្វីដែលខ្ញុំនិយាយថា នឹងមានអ្នកសង្កេតការណ៍៣០នាក់ នឹងមកដល់២ថ្ងៃមុនការបោះឆ្នោតនោះ គឺប្រទេសនៅក្នុងអាស៊ាន និងអង្គការអេវិបរបស់កូរ៉េ ដែលមានសមាជិកជាង១៦៥ អង្គការបោះឆ្នោតនៅលើពិភពលោក។ គាត់មកដល់មួយថ្ងៃ គាត់ត្រូវការបណ្តុះបណ្តាលឲ្យដឹងពីច្បាប់ បទបញ្ជា នីតិវិធីរបស់កម្ពុជា ហើយគាត់ធ្វើការសង្កេតការណ៏មួយថ្ងៃ ហើយទៅវិញនៅថ្ងៃបន្ទាប់”។ លោកបន្តថា យើងបានពិនិត្យសមាសភាពអ្នកសង្កេតការណ៏ទាំងនោះរួចហើយ ដោយធ្វើការតាមរយៈក្រសួងការបរទេស។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានមួយរូប ដែលមានទស្សនៈផ្តល់តម្លៃតែលើប្រទេសមហាអំណាចធំ ជាពិសេសអាមេរិក ដែលជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យនោះ លោក ហង្ស ពុទ្ធា អះអាងថា “យើងមិនគួរបែងចែកគ្នាទេ ចង់ទាញថយក្រោយបន្តិចថា កម្ពុជាអាចនិយាយបានថា ជាប្រទេសរងគ្រោះមួយ កម្ពុជាអត់ចេះប្រកាន់លទ្ធិកុម្មុយនីស អត់ចេះប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីអីទេណា តែពាក្យពីរមាត់នេះ ពេលចូលមកដល់ស្រុកខ្មែរយើងមានការចែងចែកគ្នា ដូច្នេះយើងមិនគួរមានការបែងចែកប្រទេសយ៉ាងនេះ យ៉ាងនោះដែរ ប្រទេសលើពិភពលោក សុទ្ធតែមានបំណងធ្វើកំណែទម្រង់ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ គ.ជ.ប អត់មានប្រកាន់ប្រទេសនេះ ប្រជាធិបតេយ្យ ប្រទេសនោះ អត់ប្រជាធិបតេយ្យនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលស្គាល់ជាផ្លូវការ នូវការអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង៥ ម៉ឺននាក់មកពី៨២ ស្ថាប័ន ក្នុងនោះមានអ្នកសង្កេតការណ៍ អន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសសិង្ហបុរី។
ទន្ទឹមនេះ គ.ជ.ប បាននឹងកំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង៨០០នាក់ថែមទៀត ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយ គ.ជ.ប នឹងបញ្ចប់ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ គឺ១០ ថ្ងៃ មុនការបោះឆ្នោត ហើយអ្នកសង្កេតការណ៍អន្តរជាតិ បញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ គឺ៣ ថ្ងៃមុនថ្ងៃបោះឆ្នោត៕
Source: Kampuchea Thmey Daily
0 Comments