កំពង់ឆ្នាំង ៖ នៅចំពោះមុខកម្មករ កម្មការិនី ប្រមាណជាង ២ ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គោលនយោបាយគាំពារសង្គមដែលសម្តេចបានដាក់ចេញដើម្បីជួយគាំពារដល់សុខមាលភាពរបស់កម្មករ កម្មការិនី នឹងមិនមែនអនុវត្តតែនៅមុនការបោះឆ្នោតនោះទេ ពោលគឺបន្ទាប់ពីបោះឆ្នោតហើយក៏នៅតែបន្តអនុវត្តដែរ។ បន្ថែមលើនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសប្រាប់ឲ្យកម្មករ កម្មការិនី ទាំងអស់ថា ឆ្នាំ ២០១៩ ប្រាក់ឈ្នួលនឹងឡើងខ្ពស់ជាង ១៧០ ដុល្លារ ហើយកម្មករអាចនាំគ្នាធ្វើបាតុកម្មផ្តួលរំលំសម្តេចចុះ ប្រសិនបើគោលនយោបាយគាំពារសង្គមរបស់សម្តេចបានដាក់ចេញ ឈប់អនុវត្តនៅក្រោយការបោះឆ្នោតនោះ។
ការលើកឡើងដោយបញ្ជាក់ច្បាស់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងបន្ទាប់ពីមានអ្នកនយោបាយមួយចំនួនបានដើរឃោសនាប្រាប់កម្មករនៅតំបន់ 7NG និង រហូតទៅដល់ស្រុកស្រីសន្ធរ ថា គោលនយោបាយគាំពារសង្គម នឹងអនុវត្តតែនៅមុនការបោះឆ្នោតប៉ុណ្ណោះ។ ចំណែកក្រោយការបោះឆ្នោត គោលនយោបាយគាំពារសង្គមនេះ នឹងលែងមានការអនុវត្តទៀតហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ពួកអាអ្នកដែលដើរប្រាប់កម្មករបែបនេះគឺក្រុមអតីតបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលនោះឯង គ្មានអ្នកណាក្រៅពីពួកនេះទេ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសយ៉ាងម៉ឺងម៉ាត់ដោយជំរុញឲ្យកម្មករ កម្មការិនី ត្រៀមងើបបះបោរ ធ្វើបាតុកម្មផ្តួលរំលំលោកចុះ ប្រសិនបើគោលនយោបាយគាំពារសង្គមដែលសម្តេចបានដាក់ចេញដើម្បីជួយកម្មករនេះឈប់អនុវត្តនៅក្រោយការបោះឆ្នោតនោះ។
សម្តេចបានសង្កត់ធ្ងន់ថា គោលនយោបាយគាំពារសង្គមនេះ មិនមែនសម្រាប់អនុវត្តនៅតែមុនការបោះឆ្នោតទេ ហើយថា គោលនយោបាយដែលចេញដោយគណបក្សកាន់អំណាចគឺមិនមែនជារឿងលេងសើចឡើយពោល គឺនឹងបន្តអនុវត្តទាំងមុន និងក្រោយការបោះឆ្នោត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ការគាំពារសង្គមជាច្រើនដល់កម្មករដូចជាដំឡើងប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារក្នុងមួយខែ , ផ្តល់ឲ្យស្ត្រីមានផ្ទៃពោះសម្រាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ និងទទួលបានប្រាក់ខែ ១២០% ថែមទៀត។ ចំណែកកម្មការនីដែលសម្រាលបានកូន១ លោកនឹងផ្តល់ថវិកា៤០ម៉ឺនរៀល ហើយបើសម្រាលបានកូនភ្លោះ ២ គឺទទួលបានថវិកា ៨០ ម៉ឺនរៀល និងបើសម្រាលបានកូន ៣ គឺទទួលបានថវិកា ១លាន ២សែនរៀល បូកជាមួយប្រាក់ឧបត្ថម្ភពីសម្តេចចំនួន ៥ លានរៀល។ ការពិនិត្យព្យាបាលជំងឺដោយមិនគិតប្រាក់។ ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គមដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និង តម្លៃផ្ទះជួលដល់កម្មករកម្មការិនី កុំឲ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨។ អនុវត្តប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ ២០១៩ ទៅ កម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍។ បន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករទៅក្រៅប្រទេស ដោយជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អប្រសើរ និង ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីឲ្យបានឆាប់បំផុត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីដែលគណបក្សកាន់រដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តគឺបន្តអនុវត្តរហូត មិនមែនជាការសន្យាដូចដែលគណបក្សក្រៅរដ្ឋាភិបាលបានធ្វើចំពោះប្រជាពលរដ្ឋនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ទៀតថា សម្តេចសុខចិត្តចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើសម្តេចមិនអាចអនុវត្តបានទៅតាមគោលនយោបាយគាំទ្រសង្គមដែលសម្តេចបានដាក់ចេញឲ្យអនុវត្តនេះ៕
Source: Kampuchea Thmey Daily
0 Comments