ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានមួយលើកឡើងថា មានតែប្រជាពលរដ្ឋខ្មែរទេ ដែលជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ គ្មានអង្គការអន្តរជាតិណា មកសម្រេចជោគវាសនាប្រទេសខ្មែរ ជំនួសប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតនោះទេ។
ការប្រកាសបែបនេះរបស់ គ.ជ.ប គឺដើម្បីឆ្លើយតបទៅនឹងអង្គការសេរីអន្តរជាតិមួយ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ឈ្មោះថា អង្គការសេរីនិយមអន្តរជាតិ (Liberal International) ដែលបានគាំទ្រចលនាសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈការទាមទារចំណុចមួយចំនួន ហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប បានបញ្ជាក់នូវចំណុចធំៗចំនួន៣ ដើម្បីឆ្លើយតបជាមួយអង្គការសេរីអន្តរជាតិមួយនេះ។
ចំណុចសំខាន់ៗទាំង៣រួមមាន ទី១, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺត្រូវធ្វើឡើងតាមការកំណត់របស់ច្បាប់ នៃនីតិកាលនីមួយៗរបស់រដ្ឋសភា ដែលមានរយៈពេល៥ឆ្នាំម្តង។ គ្មាននរណា ឬប្រទេសណា មករារាំងដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅស្របតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស បាននោះទេ។
ទី២, គ.ជ.ប ជាស្ថាប័នចែងនៅក្នុងរដ្ឋធម្មនុញ្ញ នឹងត្រូវបានផ្តល់ទំនុកចិត្តពីសភា ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ យោងតាមមាត្រា១៥០ថ្មី (ពីរ) រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា “គ.ជ.ប គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់”។ “គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស”។
ទី៣, តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ដូចមានចែងក្នុងមាត្រា ៧៦ថ្មី ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញនៃរដ្ឋធម្មនុញ្ញ។ យោងលើស្មារតីនៃមាត្រានេះ គ្មានការបែងចែកគណបក្សនយោបាយតូច ឬធំទេ ឬគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ គ្រប់គណបក្សមានសិទ្ធិស្មើៗគ្នា ក្នុងការឈរឈ្មោះបោះឆ្នោត។ មាត្រានេះ មិនបានថែងថា ទាល់តែមានអតីតគណបក្សសង្គ្រោះជាតិ ទើបការបោះឆ្នោត ត្រឹមត្រូវនោះទេ។
ជាមួយគ្នានេះ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា២៧ ចែងថា “ដើម្បីចុះបញ្ជីគណបក្សនយោបាយ ឈ្មោះបោះឆ្នោត គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទដែលកំណត់ដោយ គ.ជ.ប ហើយត្រូវភ្ជាប់នូវឯកសារចំនួន១០ ប្រភេទ ក្នុងនោះ គណបក្សនយោបាយ ត្រូវធ្វើសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ១ ច្បាប់។ បើគ្មានឯកសារនេះ គ.ជ.ប មិនអាចទទួលយកគណបក្សណានោះ មកចុះបញ្ជីបានទេ ព្រោះ គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ (CNRM) និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានចូលរួមក្នុងកិច្ចប្រជុំអង្គការសេរីនិយមអន្តរជាតិ (Liberal International) នៅទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់ ហើយលោក សម រង្ស៊ី ត្រូវបានអនុញ្ញាតឲ្យធ្វើបទអន្តរាគមន៍មួយស្តីពីប្រទេសកម្ពុជានៅក្នុងកិច្ចប្រជុំនោះផងដែរ ហើយក្រោយពីបទអន្តរាគមន៍របស់លោក សម រង្ស៊ី អង្គការ Liberal International បានអនុម័តញត្តិមួយ ដែលក្នុងនោះ អង្គការនេះ អំពាវនាវឲ្យរដ្ឋាភិបាលសេរីនិយមក្នុងពិភពលោក ដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា និងមិនទទួលស្គាល់ការបោះឆ្នោត នៅថ្ងៃ២៩ កក្កដា ខាងមុខ។
អង្គការ Liberal International មានសមាជិកប្រមាណ១០០ គណបក្សនយោបាយទូទាំងពិភពលោក ក្នុងនោះមានទាំង គណបក្សសង្គ្រោះជាតិផងដែរ។ គណបក្សជាសមាជិកមួយចំនួន ជាគណបក្សកាន់អំណាច ឬគណបក្សក្នុងរដ្ឋាភិបាលចម្រុះ ដូចជានៅប្រទេសកាណាដា (Canada) ហូឡង់ (The Netherlands) ដាណឺម៉ាក (Denmark) ប៊ែលហ្សិក (Belgium) ជាដើម។
ទាក់ទងបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានថ្លែងថា នៅពេលការបោះឆ្នោតកាន់តែជិតមកដល់ មែកធាងនៃរចនាសម្ព័ន្ធនៃបដិវត្តន៍ពណ៌ កាន់តែបង្ហាញមុខមាត់ច្បាស់ថែមទៀត ហើយពេលនេះ មានរបស់មួយទៀតហៅថា “អង្គការសេរីនិយមអន្តរជាតិ” បានធ្វើសកម្មភាពថ្មីទៀត ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែទោះបីអង្គការនេះ មានសមាជិកមកពីបក្សកាន់អំណាចខ្លះ ក៏មិនមានអានុភាពរំលោភលើឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដែរ៕
Source: Kampuchea Thmey Daily
0 Comments