ដើម​សប្ដាហ៍​នេះ​អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកាស​ថា ​ចាកចេញ​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត ដោយ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ដែលជា​គូប្រជែង​នៅ​តំបន់​កំពូល​តារាង​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​។ ដំណើរ​ទៅដល់​របស់​រូបគេ​គឺជា​ការបំពេញ​ចន្លោះ​ខ្វះខាត​របស់​ក្រុម​នៅ​ជើង​ទី​២​ដែល​នឹង​ចាប់ផ្តើម​ពី​ចុង​សប្ដាហ៍​នេះ​។



​លោក មាស ចាន់ណា គ្រូបង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល បានលើកឡើង​ជុំវិញ​ដំណើរ​ទៅដល់ ស៊ូ យ៉ា​ទី ថា «​ខ្ញុំ​សប្បាយចិត្ត​មែនទែន ​ដែល​បាន​គាត់​ចូលរួម​ជាមួយ​យើង ព្រោះ​គាត់​ជា​កម្លាំង​ដ៏​សំខាន់ និង​អាច​ជួយ​ក្រុម​បាន​ច្រើន​មែនទែន​។ ម្យ៉ាងទៀត​កីឡាករ​ទាំងអស់​សប្បាយ​ចិត្ត​ពេល​គាត់​មកដល់ ហើយ​អាច​ធ្វើ​ឲ្យ​ពួកគាត់​កាន់​តែមាន​ឆន្ទៈ​ក្នុងការ​ប្រកួតប្រជែង​ជាង​មុន​»​។

​កីឡាករ ស៊ូ យ៉ា​ទី អាច​ចូល​ជួយ​ក្រុម​ណាហ្គា​វើ​ល ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ ខណៈ​របួស​រហែក​សាច់​ដុំ​របស់​រូបគេ​នៅតែ​មិនទាន់​ច្បាស់​១០០% នៅឡើយ​។ យ៉ាងណាក្តី​ណាហ្គា​វើ​ល​មាន​កម្រិត​លេង​ល្អ​មួយ​ទាំង​នៅ​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ ប៉ុន្តែ​ណាហ្គា​វើ​ល នៅ​អន់​ប្រៀប​ត្រង់​អ្នកចាំទី​តែម្តង ដែល​កម្រិត​របស់​អ្នកចាំទី​ចាស់​នៅ​មិន​អាចបំពេញ​ចន្លោះប្រហោង​បាន​នៅឡើយ​។

បើ​និយាយ​ពី​កៅអី​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នកចាំទី ស៊ូ យ៉ា​ទី នៅ​ណាហ្គា​វើ​ល ដែល​ជា​ទ្រនំ​ថ្មី អាចមាន​ភាគរយ​ច្រើន​ថា​នឹង​បង្ហាញខ្លួន​នៅលើ​ទីលាន​ពោលគឺ​មានប្រៀប​ជាង​សិស្ស​ច្បង​ជើងចាស់​គឺ​អ្នកចាំទី សំរឹទ្ធ សីហា និង​សិស្ស​ប្អូន សាន ឧសភា និង សៀង ណាំង​ជៀវ ដែលជា​កីឡាករ​ចាស់​។



និយាយ​ពី ស៊ូ យ៉ា​ទី រូបគេ​បាន​ចាប់​អាជីព​ជា​អ្នកចាំទី​ដំបូង​ជាមួយ​ក្រុម​បៀ​ល​ប្រាយ នៅ​ឆ្នាំ​២០១៦​ដល់​២០០៧ ខណៈ​នៅ​ឆ្នាំ​២០០៩ ដល់​២០១៣ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ និង​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ គេ​ផ្លាស់​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន ចូលរួម​ជាមួយ​បឹងកេត​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន​រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឈុត U22 ដល់​ឈុត​ធំ​ផងដែរ​។

មុន​មានការ​វិវត្តន៍​អាជីព​របស់ខ្លួន​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ ស៊ូ យ៉ា​ទី ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១០ ជាមួយ​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៤ ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ភ្នំពេញ​ក្រោ​ន ខណៈ​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​បឹងកេត​ម្តង​។ នៅ​ឆ្នាំ​២០១៥ គេ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ 2015 Mekong Club Championship ជាមួយ​បឹងកេត ក្រោយ​ចាញ់​ក្រុម​ថៃ Buriram United ១​ទល់​០​។ ចំណែក​ពានរង្វាន់​ឯកត្តជន​វិញ​គេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៤ និង​២០១៧ ផងដែរ ខណៈ​ក្នុង​ពាន 2015 Mekong Club Championship ឈ្នះ​ស្រោមដៃ​មាស​ដូចគ្នា​៕

 



Source: Kampuchea Thmey Daily