សកម្មជនឯករាជ្យឈានមុខរបស់ទីក្រុងហុងកុង ត្រូវដាក់ពន្ធនាគាររយៈពេល៦ឆ្នាំនៅថ្ងៃចន្ទពីបទពាក់ព័ន្ធនឹងអំពើហិង្សាបាតុកម្មដ៏អាក្រក់បំផុតរបស់ទីក្រុងនេះ នាប៉ុន្មានទសវត្សមកនេះ។
លោក Edward Leung ត្រូវបានកាត់ទោសកាលពីខែឧសភាពីបទកុបកម្មលើការប្រយុទ្ធឆ្នាំ២០១៦ជាមួយប៉ូលិសនៅពេលបាតុករគប់ដុំឥដ្ឋនិងដុតសំរាមក្នុងសង្កាត់ពាណិជ្ជកម្ម Mong Kok ។
ចៅក្រម Anthea Pang បាននិយាយថា លោក Leung បានចូលរួមយ៉ាងសកម្មនៅក្នុងកុបកម្មហើយបានរៀបរាប់ពីសកម្មភាពរបស់គាត់ថា “ព្រៃផ្សៃនិងកាចសាហាវ”។
បុរសវ័យ២៧ឆ្នាំរូបនេះត្រូវបានឃុំខ្លួនរួចទៅហើយបន្ទាប់ពីបានសារភាពកំហុសកាលពីខែមករាចំពោះការចោទប្រកាន់ដាច់ដោយឡែកមួយទៀតពីបទវាយប្រហារមន្ត្រីប៉ូលិសម្នាក់ក្នុងអំឡុងការប៉ះទង្គិចគ្នាឆ្នាំ២០១៦និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
ទោសទាំងពីរនេះនឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា។
ចៅក្រម Pang បាននិយាយថា តុលាការនឹងមិនទទួលស្គាល់ហេតុផលនយោបាយជាកត្តាបន្ធូរបន្ថយនោះទេហើយបន្ថែមថា ការដាក់ទណ្ឌកម្មត្រូវតែមានប្រសិទ្ធិភាព។
អ្នកតវ៉ាពីរនាក់ទៀតត្រូវបានផ្តន្ទាទោសរួមជាមួយលោក Leung ដោយក្នុងនោះមានម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំនិងម្នាក់ទៀតជាប់ពន្ធនាគាររយៈពេលបីឆ្នាំកន្លះ។
មនុស្សយ៉ាងតិច១៦នាក់ត្រូវបានដាក់ពន្ធនាគាររួចទៅហើយពាក់ព័ន្ធនឹងការប៉ះទង្គិចដែលមានរយៈពេលរហូតដល់៤ឆ្នាំនិង៩ខែសម្រាប់បុរសម្នាក់ដែលត្រូវបានផ្តន្ទាទោសពីបទកុបកម្មនិងការដុតបំផ្លាញ។
គួរបញ្ជាក់ថា ការតវ៉ាឆ្នាំ២០១៦បានចាប់ផ្តើមជាការប្រមូលផ្តុំដើម្បីការពារអ្នកលក់ដូរខុសច្បាប់ពីអធិការសុខភាពប៉ុន្តែវាបានប្រែក្លាយយ៉ាងឆាប់រហ័សទៅជាកំហឹងប្រឆាំងអាជ្ញាធរនៅក្នុងទីក្រុងហុងកុងនិងទីក្រុងប៉េកាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments