ភ្នំពេញ ៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ បានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាលឲ្យកាន់តែរឹងមាំថែមទៀត។
ការពង្រឹងវិស័យសុខាភិបាលរួមគ្នានេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ រវាងលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាជាមួយការងារជាមួយលោកស្រីBoungnong Boupha តំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតឡាវនៅទីស្តីការក្រសួង។
ក្នុងជំនួបនោះលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលកន្លងមកប្រទេសយើងទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយគ្នា ហើយបានរក្សាប្រពៃណីដ៏ល្អក្នុងនាមជាមិត្តភក្ដិភូមិផងរបងល្អជាមួយគ្នានោះ។
លោកស្រី Boungnong Boupha បានជម្រាបជូនលោករដ្ឋមន្ត្រីថា នៅពេលខាងមុខនោះ ប្រទេសឡាវ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០នៃការបង្កើតវិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិក ដែលវិទ្យាស្ថាននេះបានរៀបចំឡើង ដោយមានការឧបត្ថម្ភគាំទ្រពី អា អ៊ុយ អេះហើយអា អ៊ុយ អេះនេះបានប្រគល់ទៅឲ្យ រដ្ឋាភិបាលឡាវជាអ្នកគ្រប់គ្រងបន្តវិញ។
លោកស្រីបានបន្តថា ហេតុដូច្នេះហើយបានជាវិទ្យាស្ថាន ត្រូពិកនេះ បានធ្វើការជ្រើសរើសសិស្ស និស្សិតមួយចំនួនដើម្បីបន្តការសិក្សាផ្នែកសុខភាពសាធារណៈ ក៏ដូចជាផ្នែកវេជ្ជសាស្ត្រត្រូពិក ដែលកន្លងមកនេះ ប្រទេសកម្ពុជាយើងមាននិស្សិតចូលរៀននៅវិទ្យាស្ថាននោះ មានចំនួន១៧នាក់រួចមកហើយ។
លោកស្រីបានបន្ថែមថា «ដូច្នេះហើយនៅខែ កញ្ញា និងតុលាខាងមុខនេះវិទ្យាស្ថាន បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយជំនាន់ទៀត គឺជំនាន់ទី១៩ ដែលលោកស្រីបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយនឹងក្រសួងសុខាភិបាលឡាវ ដោយឲ្យមានការបញ្ជូន សិស្សនិស្សិតក៏ដូចជាមន្ត្រីរាជការ ដែលមានបំណងចង់ស្វែងទៅរកការបណ្ដុះបណ្ដាលបន្ថែម នៅវិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិកនោះ ដែលមានទីតាំងនៅប្រទេសឡាវ»។
លោកស្រីក៏បានស្នើសុំធ្វើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជាជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឡាវផងដែរ។
ជាការឆ្លើយតបទៅនឹងការសំណើសុំភាគីឡាវនោះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់វិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិកក៏ដូចជាប្រទេសដែលនិយាយភាសាបារាំងផងដែរ ដែលតែងតែជួយគាំទ្រ និងជ្រោមជ្រែងដល់កម្មវិធីបណ្ដុះបណ្ដាលដល់និស្សិតរបស់យើងនៅក្នុងវិស័យសុខាភិបាល ហើយឯកឧត្ដមរដ្ឋមន្ត្រីនិងជំរុញឲ្យនិស្សិតកម្ពុជារបស់យើង ឲ្យខិតខំប្រឹងប្រែងរៀនសូត្រនូវភាសាទាំងពីរបារាំង និង អង់គ្លេសឲ្យស្ទាត់ជំនាញ ដើម្បីងាយស្រួលនៅក្នុងការសិក្សាជំនាញសុខាភិបាលនេះ ឲ្យបានជោគជ័យ៕
Source: Kampuchea Thmey Daily
0 Comments