Ad Code

មន្ត្រី​អាមេរិក ​និង​កូរ៉េខាងជើង ​ស្ថិតក្នុង​ការ​ត្រៀម​រៀបចំ​ចុងក្រោយ​មុន​កិច្ចប្រជុំ​កំពូល



ក្រុម​អ្នកចរចា​កូរ៉េខាងជើង​ និង​អាមេរិក​ បាន​ជួបគ្នា​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ចន្ទ​ សម្រាប់​ការរៀបចំ​ចុងក្រោយ​ មុន​កិច្ចប្រជុំ​កំពូល​មួយ​រវាង​លោក គីម​ជុង អ៊ុន និង​លោក ដូ​ណា​ល់ ត្រាំ​។​

កិច្ចប្រជុំ​ថ្ងៃ​អង្គារ​នឹង​ក្លាយជា​លើកទីមួយ​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុងកាន់​តំណែង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដែល​មហិច្ឆតា​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់គាត់​បាន​បង្ក​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​ជាស​កល​ហើយ​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង​។​

កិច្ចប្រជុំ​កំពូល​នេះ​បានលើកឡើង​នូវ​ក្តីសង្ឃឹម​ឆ្ពោះទៅរក​សន្ធិសញ្ញា​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​កូរ៉េ​ក្រោយពី​ភាព​ប្រទូសរ៉ាយ​ត្រូវបាន​បញ្ឈប់​ដោយ​បទ​ឈប់​បាញ់​មួយ​។​

ប៉ុន្តែ​ទីក្រុង​ព្យុងយ៉ាង​កំពុង​ទាមទារ​នូវ​ការធានា​សន្តិសុខ​និង​ការបញ្ចប់​នូវ​អ្វីដែល​ខ្លួន​ហៅថា​ជា “​គោលនយោបាយ​សត្រូវ​” ចំពោះ​ខ្លួន​ហើយ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​តើ​អ្វី​ជា​សម្បទាន​ដែល​ខ្លួន​នឹង​ទទួលបាន​មកវិញ​សម្រាប់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះទេ​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​សរសេរ Twitter ថា “​យើង​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ការលុបបំបាត់​ទាំងស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​”​។​

កូរ៉េខាងជើង​បាន​ស្វែងរក​កិច្ចប្រជុំ​បែបនេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​មេដឹកនាំ​របស់ខ្លួន​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដោយ​ស្មើភាព​ជាជាង​ជាមួយ​តំណាង​។​

ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា វា​នឹងមាន​ហានិភ័យ​ក្លាយជា​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​គណៈប្រតិភូ​មកពី​ភាគី​ទាំងពីរ​កំពុង​ចរចា​នៅ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​សិង្ហ​បុរី​ដើម្បី​ព្យាយាម​ដោះស្រាយ​ភាពខុសគ្នា​របស់​ពួកគេ​។​

សន្តិសុខ​យ៉ាងច្រើន​និង​ប៉ូលិស​ប្រដាប់អាវុធ​ត្រូវបាន​ដាក់ពង្រាយ​នៅ​កន្លែង​ដែល​ទាក់ទង​ទៅនឹង​ជំនួប​កំពូល​នៅ​ទូទាំងប្រទេស​សិង្ហ​បុរី​។​

ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​ហៅ​កិច្ចប្រជុំ​កំពូល​នេះ​ថា​ជា “​ប្រវត្តិសាស្ត្រ​” ដោយ​និយាយថា វា​នឹង​ប្រព្រឹត្តទៅ​នៅក្នុង “​សម័យ​ផ្លាស់ប្តូរ​” មួយ​ហើយ​ស្ថិត “​ក្រោម​ការយកចិត្តទុកដាក់​និង​ការរំពឹងទុក​របស់​ពិភពលោក​ទាំងមូល​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu