Ad Code

កម្មវិធី Viber ដាក់​បន្ថែម​លក្ខណៈពិសេស “​ការបកប្រែ​សារ​សន្ទនា​ភ្លាមៗ​” ក្នុងពេល​កំពុង​ឆ្លើយឆ្លង​គ្នា



កាន់តែ​អស្ចារ្យ​ថែមទៀត លើ​មុខងារ​ជាច្រើន​ដែល កម្មវិធី Viber មាន​ស្រាប់​នោះ​គឺ ការបកប្រែ​សារ​សន្ទនា​របស់​អ្នក​ភ្លាមៗ ក្នុងពេល​សន្ទនា ក្នុង​ភាសា​ណាមួយ​ក៏បាន​។ លក្ខណៈពិសេស​នេះ បាន​ជួយ​ឲ្យ​អ្នកប្រើប្រាស់ កាន់​តែមាន​ភាពងាយស្រួល និង​រលូន ក្នុងពេល​កំពុងនិយាយ​ឆ្លើយឆ្លង​គ្នា ទោះបីជា​ភាគី​ម្ខាង​ទៀត ប្រើប្រាស់​ភាសា​អ្វី​ក្នុងការ​សន្ទនា​ក៏ដោយ​។​

​លក្ខណៈពិសេស​នេះ គឺ​បានចាប់ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​។ អ្នក​អាច​បកប្រែ​សារ​សន្ទនា​ដែល​អ្នកទទួលបាន ក្នុង​កម្មវិធី Viber ទៅជា​ភាសាជាតិ​របស់​អ្នក ឬ​ជា​ភាសា​ណាមួយ​ដែល​អ្នក​ចង់បាន​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចុច​លើ​សារ​សន្ទនា​នោះ ឲ្យ​យូរ​បន្តិច រួច​ជ្រើស​យក​បកប្រែ នោះ​សារ​សន្ទនា​មួយ​នោះ នឹង​ត្រូវបាន​បកប្រែ​ភ្លាមៗ នៅ​ពី​ខាងក្រោម សារ​សន្ទនា​ដើម​។​



​ដូច្នេះ ចាប់ពីពេលនេះ​តទៅ អ្នក​អាច​តាម​ទាន់ ការសន្ទនា​ទាំងអស់​ភ្លាមៗ ក្នុង​ភាសា​ណាមួយ​ក៏បាន ដោយ​មិនចាំបាច់ ចំណាយ​ពេលវេលា ក្នុង​ការយក​ភាសា​ដែល​អ្នក​មិនចេះ យកទៅ​បកប្រែ នៅក្នុង​កម្មវិធី​បកប្រែ​មួយទៀត​នោះឡើយ​។​

​សារ​សន្ទនា​ទាំងឡាយ នឹង​បកប្រែ​ដោយ​ស្វ័យប្រវត្តិ ទៅក្នុង​ភាសា​ដែល​កម្មវិធី Viber របស់​អ្នក​បានកំណត់​។ ប្រសិនបើ​អ្នក​ចង់ឃើញ​សារ​សន្ទនា ក្នុង​ភាសា​មួយ​ផ្សេងទៀត អ្នក​អាច​ផ្លាស់ប្តូរ​វា​បាន​យ៉ាង​ងាយ នៅលើ​សារ​សន្ទនា​នោះ​។ ចុច​លើ​សារ​សន្ទនា​ឲ្យ​យូរ​បន្តិច ចុច​យក​ភាសា (Language) ហើយ​ជ្រើសរើស​ភាសា ដែល​អ្នក​ចង់បាន រួច​ចុច បញ្ចប់ (Done)​។ ផ្លាស់ប្តូរ​ភាសា​បកប្រែ ដោយ​របៀបនេះ នៅពេលណា​ក៏បាន ឬ​ផ្លាស់ប្តូរ​វា​ក្នុង​កន្លែង​កំណត់​មុខងារ​ទូរស័ព្ទ (Setting) ដើម្បី​ធ្វើការ​ប្តូរ​ភាសា​បកប្រែ​ដើម​។​

​ឧ​ទា​ហរ​ណ៍​ថា អ្នកជា​អ្នកគាំទ្រ​របស់​ក្រុមបាល់ទាត់ FC Barcelona ពី​ប្រទេស​ជប៉ុន ហើយ​អ្នក​ចង់​តាមដាន ក្រុម​សន្ទនា​ផ្លូវការ​របស់ FC Barcelona ឬ​ក្រុម​អ្នកគាំទ្រ​ណាមួយ និង​អាន​កិច្ចសន្ទនា​ទាំងឡាយ ក្នុង​ភាសា​របស់​អ្នក​។ ឥឡូវនេះ អ្នក​អាចធ្វើ​វា​បាន​ហើយ ដោយ​ចូលរួម​ក្នុង​សហគម​ន៍ (Community) ឬ​តាមដាន​កិច្ចសន្ទនា​សាធារណៈ (Public Chat) ហើយ​ចុច​លើ​សារ​សន្ទនា​ណាមួយ ដើម្បី​បកប្រែ​វា នោះ​អ្នកនឹង​ក្លាយជា​ផ្នែក​មួយ នៃ​កិច្ចសន្ទនា​នោះ​។



​ការបកប្រែ​នៅលើ​កម្មវិធី Viber គឺ​ពឹង​ផ្អែកទៅលើ​សេវា​បកប្រែ របស់ Google Translate ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Google​។​

​មុខងារ​បកប្រែ​នេះ អាច​ប្រើប្រាស់​បាន​ទូទាំង​ពិភពលោក សម្រាប់​អ្នកប្រើប្រាស់ Viber នៅលើ​ទូរស័ព្ទដៃ​ប្រភេទ Android ដែល​បានធ្វើ​បច្ចុប្បន្នភាព​ថ្មី​បំផុត នៅក្នុង Play Store រីឯ​អ្នកប្រើប្រាស់ iPhone នឹង​អាច​ប្រើប្រាស់​បាន ក្នុងពេល​ឆាប់ៗ​នេះ​។​

​ជាមួយ​កម្មវិធី Viber ភាសា​សន្ទនា លែង​ជា​ឧបសគ្គ​ទៀតហើយ​សម្រាប់​អ្នកប្រើប្រាស់​៕​

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu