Ad Code

អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​ នឹង​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ៤​ថ្ងៃ



ភ្នំពេញ ​៖ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក Zhang Chunxian អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​កម្ពុជា​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែ​វិច្ឆិកា​​ ឆ្នាំ​២០១៨​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស មានកម្ម​វិធី​គ្រោង​ជួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ជាអាទិ៍​៖ ចូលជួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលជួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រៅពីនេះ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​នឹង​អញ្ជើញ​ទស្សនា​ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​ប្រសាទ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu