ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងលុបចោលការធានារដ្ឋធម្មនុញ្ញចំពោះសិទ្ធិទទួលបានសញ្ជាតិសម្រាប់អ្នកដែលកើតលើដីសហរដ្ឋអាមេរិកនៅក្នុងការជំរុញមួយដែលនឹងផ្តល់កម្លាំងដល់យុទ្ធនាការប្រឆាំងអន្តោប្រវេសន៍របស់គាត់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍ក្រោយ។
ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបទសម្ភាសន៍មួយជាមួយវ៉េបសាយ Axios ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារមួយនេះបានធ្វើឡើងក្រោយការបញ្ជូនទាហានជាង៥,០០០នាក់ទៅព្រំដែនម៉ិកស៊ិក។
សំណើដែលលើកឡើងនេះទំនងជាបង្ហាញពីភាពចម្រូងចម្រាសកាន់តែច្រើនឡើងៗដោយមានសំណួរថា តើលោកប្រធានាធិបតីអាចជ្រៀតជ្រែកជាមួយរដ្ឋធម្មនុញ្ញបានដែរឬទេ។
សិទ្ធិទទួលបានសញ្ជាតិអាមេរិកសម្រាប់មនុស្សទាំងអស់ដែលកើតនៅក្នុងប្រទេសនេះគឺត្រូវបានចែងនៅក្នុងមាត្រាទី១៤។ ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញគឺតម្រូវឲ្យមានសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភាដែលនេះជាអ្វីដែលស្ទើរតែមិនអាចទៅរួចនៅក្នុងគណបក្សទាំងពីរដែលបច្ចុប្បន្នកំពុងបែកបាក់គ្នាយ៉ាងខ្លាំង។
ប៉ុន្តែលោក Trump បានប្រាប់ Axios ថា ឥឡូវនេះគាត់ជឿជាក់ថា ត្រឹមតែប៊ិចរបស់គាត់គឺគ្រប់គ្រាន់ហើយ។ លោក Trump បាននិយាយថា “វាតែងតែប្រាប់ខ្ញុំថា អ្នកចាំបាច់ត្រូវការវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ឥឡូវនេះពួកគេនិយាយថា ខ្ញុំអាចធ្វើវាបានជាមួយបញ្ជាប្រតិបត្តិមួយ”។
ខណៈដែលប្រទេសភាគច្រើននៅជុំវិញពិភពលោកមិនផ្តល់សញ្ជាតិដោយស្វ័យប្រវត្តិដល់ទារកទើបកើតនោះ មានប្រទេសមួយចំនួនបានធ្វើវារួមទាំងប្រទេសកាណាដាផងដែរដែលបានផ្តល់សញ្ជាតិដល់កុមារដែលកើតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់។
លោក Trump បាននិយាយថា លោកបាននិយាយទៅកាន់អ្នកប្រឹក្សាផ្នែកច្បាប់អំពីផែនការនេះហើយថា ការផ្លាស់ប្តូរបានដាក់ឲ្យធ្វើការរួចទៅហើយ។
ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump បានសង្កត់ធ្ងន់ថា វាមិនអាចទៅរួចទេក្នុងការផ្លាស់ប្តូរប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកដោយគ្រាន់តែហត្ថលេខាដ៏សាមញ្ញរបស់លោកប្រធានាធិបតី៕ AFP
Source: Kampuchea Thmey Daily
0 Comments